ចេញ​ហើយ! iPhone 8 ពណ៌​ក្រហម​ ផ្ទៃខាងមុខមានពណ៌ខ្មៅតបតាមការរិះគន់

  • 2018-04-10 01:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា Apple នឹង​បញ្ចេញ​ផលិត​ផល​ពណ៌​ក្រហម​ថ្មី​សម្រាប់​ឆ្នាំ ២០១៨ នា​ថ្ងៃ​ច័ន្ទ​នោះ ក្រុមហ៊ុន​យក្ស​មួយ​នេះ​មិន​ធ្វើ​ឲ្យ​អ្នក​រង់ចាំ​ខក​ចិត្ត​មែន​ដោយ​ខ្លួន​បាន​ បញ្ចេញ iPhone 8 និង iPhone 8 Plus ជាមួយ​ពណ៌​ក្រហម​ថ្មី ដែល​ជា​ផលិតផល​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​មូលនិធិ ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

iPhone 8 និង iPhone 8 Plus ដែល​មាន​ពណ៌​ក្រហម​នេះ​ មាន​ផ្ទៃ​មុខ​ពណ៌​ខ្មៅ ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​របស់​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​កាល​ពី​ឆ្នាំ​មុន នៅ​ពេល​ដែល​ខ្លួន​បញ្ចេញ​ iPhone ជា​ផលិតផល​ពណ៌​ក្រហម​ដំបូង គឺ iPhone 7 និង iPhone 7 Plus ដែល​មាន​ផ្ទៃ​មុខ​ពណ៌​ស​នោះ។ ចំណែក​ឯ​លក្ខណៈសម្បត្តិ​របស់ iPhone 8 និង iPhone 8 Plus ពណ៌​ក្រហម​នេះ​វិញ​គឺ​ដូច​ទៅ​នឹង iPhone 8 និង iPhone 8 Plus ពណ៌​ធម្មតា​ដដែល​នោះ​ទេ។

iPhone 7 និង iPhone 7 Plus​ ពណ៌​ក្រហម

គួរ​រំឭក​ផង​ដែរ​ថា iPhone 7 និង iPhone 7 Plus ពណ៌​ក្រហម​បាន​ចេញ​នៅ​ចុង​ខែ​មិនា​ឆ្នាំ​មុន តែ​បាន​បញ្ឈប់​ការ​លក់​ក្នុង​ខែ​កញ្ញា ត្រឹម​ពេល iPhone 8, iPhone 8 Plus និង iPhone X ប្រកាស​ចេញ។ ដូច​នេះ iPhone 8 និង iPhone 8 Plus ពណ៌​ក្រហម​ អាច​ជា​ម៉ូដែល​មាន​កំណត់​ ដែល​នឹង​មាន​ដាក់​លក់​ត្រឹម​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​តែ​ប៉ុណ្ណោះ។

iPhone 8 និង iPhone 8 Plus ពណ៌​ក្រហម​នឹង​ទទួល​ការ​បញ្ជា​ទិញ​ពី​ថ្ងៃ​ទី ១០ ខែ​មេសា​នេះ​ ដោយនៅ​លើ​ទីផ្សារ​អាមេរិក មាន​តម្លៃ​ដូច​ទៅ​នឹង iPhone 8 និង iPhone 8 Plus ដែល​មាន​ពណ៌​មាស ស និង ប្រផេះ​ដែរ។ iPhone 8 មាន​តម្លៃ​ចាប់​ពី ៦៩៩ដុល្លារ​ឡើង​ទៅ និង iPhone 8 Plus មាន​តម្លៃ​ចាប់​ពី ៧៩៩ដុល្លារ​ឡើង​ទៅ៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ