កាន់​តែ​យ៉ាប់​យឺន​ហើយ មាន​បុគ្គលិក​បណ្តើរៗ​បាន​សុំលា​ឈប់​ការងារ​ពី​ Facebook

  • 2018-04-11 01:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​រាយ​ការណ៍​របស់ the New York Times បាន​ឲ្យ​ដឹង​ថា វិស្វករ​ផ្នែក​កម្មវិធី​មួយ​ចំនួន​របស់ Facebook បាន​ដាក់​ពាក្យ​លា​ឈប់ ហើយ​ខ្លះ​ទៀត​ចង់​ប្ដូរ​ទៅ​ជ្រក​កោណ ក្រោម​ក្រុមហ៊ុន​ចំណុះ​របស់ Facebook វិញ​ដូច​ជា Instagram និង Whatsapp ជាដើម។

បញ្ហា​ដែល​ប្រឈម​ចំពោះ​ការ​លាឈប់​របស់​បុគ្គលិក​នេះ គឺ​បណ្ដាល​មក​ពី​រឿង​អាស្រូវ​ដដែល​ជាមួយ​ក្រុមហ៊ុន Cambridge Analytica ដែល​មាន​ការ​លួច​ប្រើ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ ដល់​ទៅ​ជាង ៨៧​លាន​គណនី​នោះ

បញ្ហា​ស្នូល​ខាង​ក្នុង​ក្រុមហ៊ុន​នេះ​តែ​ម្ដង​គឺ​ថា Facebook បាន​ដឹង​ថា​ក្រុមហ៊ុន Cambridge Analytica មាន​ទិន្នន័យ​អ្នក​ប្រើប្រាស់​តាំង​តែ​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ដែល​ពេល​នោះ Facebook បាន​ឲ្យ Cambridge Analytica លុប​ទិន្នន័យ​ទាំង​នោះ​ចោល តែ Facebook មិន​ដែល​តាម​ដាន​ថា​ក្រុមហ៊ុន​ Cambridge Analytica បាន​លុប​ចោល​ឬ​ក៏​អត់​ទេ។

ម៉្យាង​វិញ​ទៀត បុគ្គលិក​នៅ​ក្នុង Facebook បាន​អាក់​អន់​ចិត្ត​នឹង​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​មេ Facebook ដែរ ដោយ​ពេល​មាន​ការ​លើក​ឡើង​ពី​ការ​បែក​ធ្លាយ​ភ្លាមៗ មិន​មាន​ការ​បកស្រាយ​ទេ ទាល់​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ទើប​ចេញ​មុខ​សុំទោស​អ្នក​ប្រើប្រាស់។ លើស​ពី​នេះ​ទៅ​ទៀត ដោយ​សារ​តែ​មាន​សំណៅ​លេច​ធ្លាយ របស់​មេ Facebook ម្នាក់​ទៀត​ លោក Andrew Bosworth ដែល​បាន​សរសេរ​ឡើង​តាំង​តែ​ពី​ឆ្នាំ ២០១៦ នោះ​ថា​ក្រុមហ៊ុន Facebook នឹង​ទទួល​ខុស​ត្រូវ​រាល់​អ្វី​ដែល​ខ្លួ​ន​បាន​ធ្វើ​ដើម្បី​ការ​លូតលាស់​របស់​ក្រុមហ៊ុន​នោះ ធ្វើ​ឲ្យ​បុគ្គលិក Facebook ជឿ​ជាក់​ថា អ្នក​ដឹកនាំ​ខ្លួន​បាន​ដឹង​ពី​បញ្ហា​នេះ​យូរ​ណាស់​មក​ហើយ តែ​មិន​ព្រម​ដោះ​ស្រាយ​ឲ្យ​ចប់ស្រេច​បាច់​សោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ពេល​ដែល​មាន​ស្ថានភាព​តាន​តឹង​ ដែល​ពិបាក​ដោះ​ស្រាយ​នេះ លោក Mark Zuckerberg ដែល​ជា CEO Facebook បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ថា​លោក​អាច​នឹង​ចាក​ចេញ​ពី​ដំណែង​នេះ​ឬក៏​យ៉ាងណា។ លោក​បាន​ឆ្លើយ​តប​ថា " Facebook បាន​ចាប់​កំណើត​ឡើង​តាំង​តែ​ពី​ពេល​លោក​ស្នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ​ម្ល៉េះ ហើយ​ឥឡួវ​នេះ​វា​រីក​ធំ​រហូត​ដល់​មាន​បញ្ហា តែ​ខ្ញុំ​ជឿជាក់​ថា យើង​នឹង​ដោះ​ស្រាយ​វា​បាន" ។

ជា​ការ​ពិត លោក លោក Mark Zuckerberg មិន​ត្រឹម​តែ​ជា CEO Facebook តែ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​ជាង​គេ​ផង​ដែរ។ នេះ​ជា​ហេតុ​ផល ដែល​ការ​សម្រេច​ចិត្ត​របស់ Facebook ទាំង​អស់​គឺ​លោក​មាន​ឥទ្ធិពល​ជាង​គេ។ ប៉ុន្តែ វា​អាច​ដោយ​សារ​តែ​រឿង​នេះ​ដែរ​ហើយ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​គ្រប់គ្រង​របស់​លោក ដោយ​មិន​មាន​ការ​លា​ឈប់​ពេល​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ធំៗ​បែប​នេះ​បាន៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម