គម្រោង​អភិវឌ្ឍ​អស្ចារ្យ​របស់​ហ្វីលីពីន គឺ​គម្រោង​​អភិវឌ្ឍទីក្រុង​ឆ្លាតវៃ​ ចេញ​តម្រុយ​ខ្លះៗ​ហើយ!

  • 2018-04-10 15:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ពី​គម្រោង​នៃ​ការ​កសាង​ទីក្រុង​ឆ្លាតវៃ​ឲ្យ​ឈ្មោះ New Clark City ដែល​មាន​ចម្ងាយ ១២០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ានីល។ ក្នុង​គោលដៅ​អភិវឌ្ឍ​នូវ​ភាព​ឆ្លាតវៃ, និរន្តរភាព និង​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ ទីក្រុង​បៃតង​មួយ​នេះ​នឹង​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ មាន​តាំង​ពី​ការ​ប្រើប្រាស់​មនុស្សយន្ត​ឈាន​ដល់ Drone និង​ប្រភេទ​យានជំនិះ​បើកបរ​ស្វ័យប្រវត្តិ។

យោង​តាម​អ្នក​ដឹកនាំ​ការ​អភិវឌ្ឍ គម្រោង​នេះ​មាន​ការ​ចូលរួម​សហការ​ពី​ដៃគូ​សាធារណៈ-ឯកជន ដែល​ជា​តម្រូវការ​ចាំ​បាច់​សម្រាប់​ប្រទេស​ដែល​កំពុង​ខ្វះខាត​ថវិកា។​ ថ្លែង​បញ្ជាក់​ពី​នាយកប្រតិបត្តិ​លោក Heang Fine Wong នៃ​ក្រុមហ៊ុន Surabana Jurong នៅ​សិង្ហបុរី​ដែល​ជា​ដៃគូ​រៀបចំ​ទីក្រុង​ឆ្លាតវៃ​បាន​ប្រាប់ CNBC ដូច្នោះ​ថា៖ "ដើម្បី​ជា​ការ​ដោះស្រាយ​កំណើន​ដង់ស៊ីតេ​ប្រជាជន​កើន​ឡើង​ខ្ពស់​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី បែប​នេះ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដូច​ជា​រថយន្ត​បើក​ស្វ័យប្រវត្តិ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​តំបន់​នោះ"។​

រូបតំណាងលោក Heang Fine Wong

ផល​ចំណេញ​មួយ​ផ្សេង​ទៀត​ក៏​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ឲ្យ​មក​បោះ​ទីតាំង​ក្នុង​តំបន់ New Clark City ថ្វី​បើ​រដ្ឋាភិបាល​ហ្វីលីពីន​ទើប​តែ​ប្រកាស​មុន​នេះ​បន្តិច ជុំវិញ​ការ​ប្តូរ​ការិយាល័យ​ក្នុង​ស្រុក​មួយ​ចំនួន​មក​ប្រមូលផ្ដុំ​នៅ​ទីតាំង​នេះ​ក្តី តែ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ក្រៅ​ស្រុក​នឹង​នៅ​តែ​បន្ត​ធ្វើ ព្រោះ​ជា​គោលដៅ​ដែល​សំខាន់​ជាង។

​​ដើម្បី​ត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ម៉ានីល​ទៅ​ New Clark City លោក Wong ក៏​បញ្ជាក់​ថា​ផ្លូវ​រថភ្លើង​ដ៏​ទំនើប បច្ចុប្បន្ន​ស្ថិត​ក្នុង​ចង្វាក់ផលិតកម្ម​ក្រោម​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ប្រទេស​ជប៉ុន ដែល​អាច​ជួយ​កាត់បន្ថយ​ពេល​ធ្វើ​ដំណើរ​មក​សល់​ត្រឹម ១ ម៉ោង តិច​ជាង​សព្វថ្ងៃ​ត្រូវ​ប្រើ​ពេល​យ៉ាង​តិច ២ ទៅ ៣ ម៉ោង​ឯណោះ។ គម្រោង​នៃ​ដំណាក់កាល​ទី ១ នឹង​ត្រូវ​បញ្ចប់​ក្នុង​ ឆ្នាំ ២០២២ ហើយ​អ្វី​ដែល​ត្រូវ​ត្រៀម​ទុក​គឺ​ការ​ដំឡើង​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ប្រព័ន្ធ​សុវត្ថិភាព​អ៊ីនធឺណិត (Cyber Security) នៅ​តំបន់​នោះ​ជា​ចាំបាច់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី