មុននេះ Apple ទើប​អស់ជាង ៥០០​លាន​ដុល្លារ​ ក្រោយ​ចាញ់ក្តី​រឿងប៉ាតង់​ក្រុមហ៊ុនមួយ​

  • 2018-04-11 08:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​មក​ថា តុលាការ​នៅ​ក្នុង​រដ្ឋ​តិចសាស់ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Apple បង់​ជា​ប្រាក់​សំណង​ប្រមាណ ៥០២.៦ លាន​ដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន VirtnetX ក្នុង​ជម្លោះ​ប៉ាតង់​ប្រើ​ប្រាស់​កម្មវិធី Facetime និង iMessage ។

ជម្លោះ​នេះ​មាន​រយៈ​ពេល ៨​ឆ្នាំ​ ពោល​គឺ​តាំង​តែ​ពី​ឆ្នាំ ២០១០ មក​ម៉េ្លះ ដោយ​ក្រុមហ៊ុន VirtnetX បាន​ចោទ Apple បាន​រំលោភ​លើ​ប៉ាតង់​​របស់​ខ្លួន​។ ក្នុង​ឆ្នាំ ២០១២ VirtnetX បាន​យក​ឈ្នះ​ Apple ដោយ​តុលាការ​តម្រូវ​ឲ្យ Apple បង់​ជា​ប្រាក់​ចំនួន ៣៦៨​លាន​ដុល្លារ។ ក្នុង​ឆ្នាំ​ដដែល​ VirtnetX ក៏​ឈ្នះ Apple ក្នុង​បណ្ដឹង​ប៉ាតង់​មួយ​ទៀត ដោយ​ទទួល​បាន​សំណង​ជាង ៣០០​លាន​ដុល្លារ​។ នៅ​ចុង​ឆ្នាំ ២០១៧ VirtnetX បាន​យក​ឈ្នះ Apple ម្ដង​ទៀត​ក្នុង​បណ្ដឹង​ប៉ាតង់លើ​ការ​ប្រើ​កម្មវិធី​ Facetime និងកម្មវិធី​របស់ iOS ដោយ Apple ត្រូវបង់​ប្រាក់​ ៤៣៩.៧ លាន​​ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន VirtnetX ជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង Zephyr Cove រដ្ឋ Nevada សហរដ្ឋ​អាមេរិក ដែល​យក​ការ​ប្ដឹង​ពី​ការ​រំលោភ​ប៉ាតង់​ជា​មុខ​ជំនួញ​តែ​ម្ដង។ ក្រុមហ៊ុន​នេះ​កាន់​ប៉ាតង់​ជាច្រើន ដែល​ក្រុមហ៊ុន​យក្ស​នានា​កំពុង​រំលោភ​បំពាន​ ដូច​ជា Microsoft និង​ Apple ដែល​គ្រាន់​តែ​ប្រាក់​ពី​ការ​ប្ដឹង Apple តែ​មួយ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ក្រុមហ៊ុន VirtnetX រក​បាន​ជាង ១ពាន់​លាន​ដុល្លារ បាត់​ទៅ​ហើយ។

ចំណែក​ឯ​តុលាការ នៅ​រដ្ឋ​តិចសាស់​វិញ ជា​តុលាការ​មួយ​ដែល​មាន​ជំនាញ​ខាង​ដោះ​ស្រាយ​បញ្ហា​ប៉ាតង់​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ តែ​ឆ្នាំ​មុន​តុលាការ​កំពូល​បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​ថា អ្នក​ប្ដឹង​មិន​អាច​រើស​ទីតាំង​នៃ​តុលាការ​បាន​តាម​ចិត្ត​ទៀត​ទេ។

ចាំ​មើល​ថា Apple សុខ​ចិត្ត​ខាត​ជាង ៥០០​លាន​ដុល្លារ​ទៀត ឬ​មួយ​ក៏​មាន​ការ​ប្ដឹង​បក​ឬ​មួយ​ក៏​យ៉ាង​ណា សូម​តាម​ដាន​ជាមួយ Sabay ទាំង​អស់​គ្នា៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ