គីម ជុងអ៊ុន អាម៉ាស់មុខខ្លាំង ក្រោយអ្នកវិភាគថាមិនអាចទៅជួបអាមេរិកព្រោះហេតុផលមួយ

  • 2018-04-11 07:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​ជា​ច្រើន​អះអាង​ថា លោក គីម ជុងអ៊ុន ប្រហែលមិនអាចទៅជួប​ពិភាក្សា​ ជាមួយ​មេដឹកនាំ​អាមេរិក​បាន​ទេ​ដោយ​សារ​​តែ​គ្មានយន្តហោះ​​ដែល​មាន​សមត្ថភាព​ អាចនាំ​លោក​ទៅ​បាន។

យោង​តាម​ការ​វិភាគ​ជា​ច្រើន​ឲ្យ​ដឹង​ថា លោក គីម ជុងអ៊ុន ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​អន្តរជាតិ​តែ​ម្ដង​ប៉ុណ្ណោះ គឺ​ទៅ​ប្រទេស ចិន ដោយ​ជិះ​រថភ្លើង។ ការ​វិភាគ​បន្ដ​ថា មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ប្រហែល​មិន​មាន​យន្ត​ហោះ​សមត្ថភាព​ខ្ពស់​ដែល​អាច​ធ្វើ​ដំណើរ​ឥត​ឈប់​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​ទេ។

អតីតអ្នកវិភាគរបស់ភ្នាក់ងារ CIA លោក Sue Mi Terry និយាយ​ថា "យើងធ្លាប់សើចចំអកពីយន្ដហោះរបស់កូរ៉េខាងជើង ព្រោះវាជារបស់ចាស់ៗ។ យើង​តែង​ចំអក​ពី​យន្តហោះ​សូវៀត​ដ៏​ចាស់​របស់​ពួក​គេ។" ជាមួយ​គ្នា​ដែរ អ្នក​វិភាគ​ម្នាក់​ទៀត គឺ​លោក Joseph Bermudez បន្ថែម​ថា "ពួក​គេ​មិន​មាន​យន្តហោះ​សមត្ថភាព​ខ្ពស់​អាច​ហោះ​ឆ្លង​មហា​សមុទ្រ ប៉ាស៊ីហ្វិក បាន​ទេហើយ​យន្តហោះ​ភាគ​ច្រើន​សុទ្ធ​តែ​ចាស់​ៗ​ទៀត។"

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទីប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​គឺ​លោក Victor Cha បាន​អះ​អាង​ផ្ទុយ​ពី​នេះ​ថា "ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​របស់​មេ​ដឹក​នាំ​កូរ៉េខាង​ជើង វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ ដោយ​សារ​តែ​កូរ៉េ​ខាង​ត្បូង និង Swedes អាច​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​លោក​បាន។ ប៉ុន្តែ​ច្បាស់​ណាស់ វា​ជា​រឿង​ដ៏​អាម៉ាស់​មួយ​របស់​កូរ៉េ​ខាង​ជើង។"

គួរ​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​គ្រោង​នឹង​​ពិភាក្សា​ជា​លើក​ដំបូង​ជាមួយ​អាមេរិក​ជុំ​វិញ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៃ​ឧប​ទ្វីប​កូរ៉េ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ពេលវេលា និង​ទីកន្លែង​ជាក់​លាក់​នៃ​កិច្ច​ប្រជុំ​នេះ មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ៕

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី