ជំនួស​ដោយ​ភាព​តានតឹង មក​មើល​ការ​សួរសំណួរ​កំប្លែងៗ​ដល់​​ Mark Zuckerberg វិញ​ម្ដង!

  • 2018-04-12 03:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់​ទិន​ទៅ​នឹង​ការ​សាក​សួរ​ពី​សមាជិក​សភា​អាមេរិក ទៅ​កាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg អស់​រយៈ​ពេល​ ២​ ថ្ងៃ​មក​នេះ​ ពិត​ជា​មាន​ភាព​តាន​តឹង​ចំពោះ​ភាគី​ទាំង​សងខាង។ ប៉ុន្តែ​នៅ​ក្នុង​នោះ ក៏​មាន​ការ​លើក​ឡើង​សំណួរ​ខ្លះៗ ពី​សំណាក់​សមាជិក​សភា​អាមេរិក ដែល​មាន​លក្ខណៈ​កំប្លែង​ដែរ ព្រោះ​សំណួរ​ទាំង​នោះ មនុស្ស​ទូទៅ​ដែល​ជា​អ្នក​ប្រើប្រាស់អ៊ីនធឺណិត ប្រចាំ​ថ្ងៃ​ប្រាកដ​ជា​ដឹង​ពី​ចម្លើយ​ហើយ។

ហេតុ​ផល​ម៉្យាង​ទៀត ក៏​អាច​និយាយ​បាន​ថា សមាជិក​សភា ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ ដូចនេះ​ហើយ អាច​មាន​រឿង​ជា​ច្រើន​ដែល​ពួក​គេ​មិន​ដឹង បើ​ប្រៀប​ធៀប​នឹង​មនុស្ស​ខ្ទង់​វ័យ ៤០​ឆ្នាំ​ចុះ។

ខាង​ក្រោម​នេះ​ជា​ការ​សាក​សួរ​មួយ​ចំនួន ដែល​គេ​គិត​ថា​លោក Mark Zuckerberg កំពុង​បង្រៀន​សមាជិក​សភា (មនុស្ស​វ័យ​ចំណាស់) ពី​របៀប​ប្រើ​អ៊ីនធឺណិត ៖

->សមាជិក​សភា៖ “តើ​លោក​អាច​ពន្យល់​បាន​ទេ ម្ដេច​បាន​មុខ​ជំនួញ​លោក​នៅដើរបាន​ បើ​អ្នក​ប្រើប្រាស់​មិន​បង់​លុយ​?” Mark Zuckerberg៖ "ពួក​យើង​ដាក់​ផ្សាយ​ពាណិជ្ជ​កម្ម​ឲ្យ​គេ​មើល (មុខ​ខំ​ទប់​សើច)” ។

->សមាជិក​សភា៖ “បើ​ខ្ញុំ​ប្រើ Whatsapp តើ​វា​នឹង​ផ្ដល់​ទិន្នន័យ​ដល់​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​អ្នក​ទេ?”

  • Mark Zuckerberg៖ “អត់ទេ​លោក ពីព្រោះ​គ្រប់​សារ​នៅ​ក្នុង Whatsapp ត្រូវ​បាន Encrypted ហើយ” ។

->សមាជិក​សភា៖ “អញ្ចឹង​ឧទាហរណ៍​ថា ខ្ញុំ​បាន​ផ្ញើ​សារ​ទាក់​ទង​នឹង​រឿង Black Panther ក្នុង​ Whatsapp តើ​ខ្ញុំ​នឹង​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​រឿង​នោះ​ទេ?” Mark Zuckerberg៖ “អត់ទេ​លោក ប្រព័ន្ធ​របស់ Facebook មិន​អាច​ទាញ​ទិន្នន័យ​ពី Whatsapp ទេ” ។

->សមាជិក​សភា៖ “ខ្ញុំ​ដឹង​ហើយ តែ​ខ្ញុំ​ចង់​សួរ​ថា ប្រព័ន្ធ ២ ហ្នឹង​មាន​លួច​ទាក់​ទង​គ្នា​ដោយ​សម្ងាត់​ដែរ​ឬទេ?” Mark Zuckerberg៖ “និយាយ​ឲ្យ​ខ្លី​ទៅ បើ​លោក​ផ្ញើ​សារ​ទាក់​ទង​នឹង​រឿង Black Panther ក្នុង Whatsapp លោក​នឹង​មិន​ទទួល​បាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជ​កម្ម​លើ Facebook ទេ” ។

->សមាជិក​សភា៖ “មាន​គេ​ថា Facebook នៅ​តាម​ដាន​សកម្មភាព​របស់​អ្នក​ប្រើប្រាស់​ ទោះ​បី​ជា​ពួក​គេ Log off ចេញ​ពី Facebook ទៅ​ហើយ​ក្ដី។ តើ​វា​ជា​រឿង​ពិត​ទេ?”

  • Mark Zuckerberg៖ “លោក ខ្ញុំ​ចង់​ឲ្យ​ក្រុម​ខ្ញុំ​តាម​ដាន​រឿង​នេះ...”

->សមាជិក​សភា៖ “លោក​មិន​ដឹង​រឿង​ទេ?”

  • Mark Zuckerberg៖ “តាម​ពិត​ទៅ ពួក​យើង​ប្រើ Cookies សម្រាប់​បញ្ហា​សុវត្ថិភាព និង​ការ​វាស់​ស្ទង់​ការ​ដាក់​ផ្សាយ​ពាណិជ្ជកម្ម...”។ (Websites សឹង​តែ​ទាំង​អស់​លើ​លោក​ទៅ​ហើយ ដែល​ប្រើ Cookies)

->សមាជិក​សភា៖ “តើ​ Facebook នឹង​ផ្ដល់​ជម្រើស​ឲ្យ​អ្នក​ប្រើប្រាស់ Log In ចូល​ម្ដង​ទៀត​ឬ​អត់​ មុន​ពេល​គេ​ចង់​ប្រើ App ពី​ខាង​ក្រៅ? (មុខ​សង្ស័យ)”

  • Mark Zuckerberg៖ “ប្រាកដ​ណាស់​លោក​ស្រី Facebook តែង​តែ​ធ្វើ​បែប​ហ្នឹង​រាល់​ដង​ទេ​តើ” ។

->សមាជិក​សភា៖ “ចុះ​បើ​មាន​អ្នក​ណា​ម្នាក់​តេ​មក​លោក ហើយ​ប្រាប់​ថា​ចង់​មើល​ឯកសារ​របស់​ខ្ញុំ តើ​លោក​នឹង​ធ្វើ​ទេ?”

  • Mark Zuckerberg៖ “ប្រាកដ​ជា​អត់​ទេ” ។

->សមាជិក​សភា៖ “និយាយ​ទៅ...បើ​លោក....មិន​ធ្វើ....លោក​អាច​ធ្វើ​បាន​ទេ? ”

  • Mark Zuckerberg៖ “បើ​តាម​ទ្រឹស្ដី...”

->សមាជិក​សភា៖ “តើ​លោក​មាន​សិទ្ធ​ក្នុង​ការ​ចែក​រំលែក​ឯកសារ​ខ្ញុំ​ឲ្យ​គេ​ទេ? ”

  • Mark Zuckerberg៖ “ខ្ញុំ​គ្មាន​សិទ្ធ​ធ្វើ​បែប​នោះ​ទេ” ។

->សមាជិក​សភា៖ “ចុះ​លោក​មាន​សមត្ថ​ភាព​ធ្វើ​បាន​អត់?”

  • Mark Zuckerberg៖ “លោក​សមាជិក​សភា នៅ​ក្នុង​ប្រព័ន្ធ​របស់​យើង...”

->សមាជិក​សភា៖ “លោក​ធ្វើ​បាន​ឬ​អត់? ”

  • Mark Zuckerberg៖ “បើ​និយាយ​តាម​ភាសា​បច្ចេកទេស ខ្ញុំ​ថា​មាន​ជន​ដទៃ​ធ្វើ​បាន (សំដៅ​លើ Hacker) តែ​វា​នឹង​ក្លាយ​ជា​ការ​បែក​ធ្លាយ​ដ៏​ធំ​មួយ ដូច្នេះ​ក្រុមហ៊ុន​យើង​ខ្ញុំ​នឹង​មិន​ធ្វើ​រឿង​ទាំង​នោះ​ដាច់​ខាត”។ (ចង់​សំដៅ​ថា បើ​សមាជិក​សភា​មាន​ឯកសារ ហើយ​ត្រូវ​គេ​ Hack បាន​នោះ​គឺ​វា​បែក​ធ្លាយ​ហើយ មិន​មែន Facebook ជា​អ្នក​ផ្ដល់​ឲ្យ​គេ​ទេ)

នេះ​ជា​វីដេអូ​ ដែល​សារព័ត៌មាន Cnet កាត់​ចេញ​ពី​ការ​សាកសួរ​បែប​កំប្លែង​ទាំង​ឡាយ​នោះ៖

ចុចអាន៖

ប្រភព៖ Cnet | facebook   ប្រែ​សម្រួល៖ ផាត សុវត្ថិ