មិន​ទាន់​ដាក់​បញ្ចាំង​ផង "Avengers: Infinity Wars” បំបែក​ឯកត្តកម្ម​១​បាត់​ទៅ​ហើយ

  • 2018-04-12 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​ផ្ដើម​បើក​ឲ្យ​អ្នក​មាន​បំណង​ចូល​ទស្សនា​ភាពយន្ត​ជាមុន ពេល​នេះ "Avengers: Infinity Wars” បាន​បំបែក​ឯកត្តកម្ម​ជា​ភាពយន្ត​ដែល​ទទួល​បាន​ប្រាក់​ចំណូល​កក់​សំបុត្រ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាត់​ទៅ​ហើយ។

គិត​មក​ត្រឹម​ពេល​នេះ យោង​ទៅ​តាម​វិប​សាយ​កក់​សំបុត្រ​ភាពយន្ត Fandango បាន​ឲ្យ​ដឹង​ថា ភាពយន្ត​ "Avengers: Infinity Wars” បាន​នាំ​មុខ​ភាពយន្ត "Black Panther” ជា​ភាពយន្ត​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​កក់ បាន​ច្រើន​ជាង​គេ​បង្អស់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ចំណូល​សំបុត្រ​ទិញ​មុន​សរុប​ចំពោះ​រឿង​នេះ​គឺ​ច្រើន​ជាង​ភាពយន្ត​ចំនួន​ ៧​របស់ Marvel បូក​បញ្ចូល​គ្នា​ទៅ​ទៀត​គឺ "Black Panther”, “Thor: Ragnarok”, “Spider-Man: Homecoming”, “Guardaians of the Galaxy Vol. 2”, “Doctor Strange”, “Captain America: Civil War” និង "Ant-Man”។

ចំនួន​ទឹក​ប្រាក់​នេះ​ដែរ គឺ​ច្រើន​ជាង​​ភាពយន្ត "Furious 7” ក្លាយ​ជា​ភាពយន្ត​លក់​សំបុត្រ​កក់​បាន​ច្រើន​ជាង​គេ​​ប្រចាំ​ភាពយន្ត​បញ្ចេញ​ខែ​​មេសា​ ដែល​ចំនួន​ទឹក​ប្រាក់​នេះ​រក​បាន​តាំង​ពី​ត្រឹម​ថ្ងៃ​ទី ២៧​ខែ​មិនា​មក​ម្ល៉េះ​។

បើ​តាម​ប្រសាសន៍​របស់​លោក Erik Davis ពី​ Fandango បាន​ឲ្យ​ដឹង​ថា "Infinity War” ធ្វើ​ឲ្យ​មាន​ការ​កក្រើក​ដ៏​ធំ​មួយ​នឹក​ស្មាន​មិន​ដល់​ ដែល​លោក​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ចំពោះ​ភាពយន្ត​ប្រភេទ​វីរបុរស។

យោង​ទៅ​តាម​ការ​ទស្សន៍ទាយ​ទាំង​ស្រុង ភាពយន្ត​នេះ​អាច​នឹង​រក​ចំណូល​បាន​ជាង ២០០​លាន​ដុល្លារ​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ដោយ​ចំនួន​នេះ​គឺ​មាន​តែ​ភាពយន្ត​៥​ប៉ុណ្ណោះ​អាច​ទទួល​បាន​ គឺ "Black Panther” ២០២​លាន​ដុល្លារ "The Avengers” ២០៧,៤​លាន​ដុល្លារ "Jurassic World” ២០៨,៨​លាន​ដុល្លារ "Star Wars: The Last Jedi” ២២០​លាន​ដុល្លារ "Star Wars: The Force Awakens” ២៤៨​លាន​ដុល្លារ។

“Avengers: Infinity Wars” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៦​ខែ​មេសា​នៅ​ប្រទេស​កម្ពុជា​និង​ថ្ងៃ​ទី ២៧​មេសា​នៅ​ទូទាំង​ពិភពលោក៕

អាន​អត្ថបទ៖

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ