ម្សិលមិញ Prius 2016 ថ្មី​ចែស ចត​ទុកមុខ​ផ្សារ​ធំ​ថ្មី​ ឡូយយ៉ាង​ណា​?

  • 2018-04-20 03:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិល​មិញ​នេះ មាន​ការ​បង្ហាញ​ខ្លួន​ដ៏​ថ្មីចែងចាំង​របស់​រថយន្ត Prius ម៉ូដែល​ឆ្នាំ ២០១៦ ដែល​មាន​តែ​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាមម្ចាស់​ហាង​លក់​រថយន្ត Prius មួយ​កន្លែង​ប្រាប់​ Sabay។

រថយន្ត​ ០១៦ នេះ​មាន​ការ​កែ​ប្រែ​រាង​ខុស​ប្លែក​ខ្លាំង​ជាង​ម៉ូដែល​ចាស់ ដែល​សឹង​តែ​មើល​មិន​ស្គាល់​ថា​ជា​រថយន្ត​ម៉ូដែល Prius បើ​សិន​មិន​បាន​ឃើញ អក្សរ​ផុស Prius និង ឡូហ្កូ​ពណ៌​ខៀវ​បញ្ជាក់​ថា​ជា​រថយន្ត​ប្រភេទ Hybrid របស់ Toyota។

រូប​ភាព​ពី​ Facebook: សុវណ្ណ រដ្ឋ

Prius ២០១៦ មាន​ម៉ាស៊ីន​រួម​គ្រប់ option គឺ ម៉ាស៊ីន​សាំង​ទំហំ ១.៨ លីត្រ មាន ៤​ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី I4 ដែល​ផ្ដល់​ថាមពល​បាន​ដល់​ទៅ ១២១ សេះ។ ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​រចនា​យ៉ាង​ថ្មី​ស្រឡាង ដោយ​មាន​បំពាក់​អេក្រង់ Infortainment ប្រភេទ Touch Screen ថ្មី និង​ប្រអប់​បង្ហាញ​ព័ត៌មាន​នានា​ទាក់​ទង​នឹង​រថយន្ត (កុងទ័រ ប្រអប់​លេខ ស៊ីញ៉ូ...) ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​ជា​ប្រភេទ Color Display ។

Prius ២០១៦ ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ច្រើន ដែល​អាច​ជួយ​អ្នក​បើកបរ​បញ្ចៀស​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដូច​ជា៖

  • ប្រព័ន្ធ​ហ្រ្វាំង ABS
  • ពោង​សុវត្ថិភាព​ចំនួន ៨
  • ប្រព័ន្ធ​បញ្ចេញ​សញ្ញា​ព្រមាន​ពេល​ប្ដូរ​គន្លង (Land Departure Warning)
  • ប្រព័ន្ធ​ជំនួយ​ដល់​កន្លែង​មើល​មិន​ឃើញ (Blind Spot Monitor)
  • ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត (Traction Control)
  • ប្រព័ន្ធ​ការពារ​កូន​ក្មេង​ពី​ការ​បើក​ទ្វារ​រថយន្ត​ដោយ​ចៃដន្យ (Child Safety Locks)

អ្វី​ដែល​ពិសេស​បំផុត​សម្រាប់ Prius 2016 គឺ​រថយន្ត​នេះ​អាច​រត់​បាន​ដល់​ទៅ​ជិត ២៣ គ.ម ឯណោះ​សម្រាប់​សាំង​មួយ​លីត្រ តិច​ជាង​រថយន្ត​ទូ​ទៅ​ដែល​ជា​មធ្យម​ រត់​បាន​តែ​ជាង ១០ គ.ម ប៉ុណ្ណោះ ក្នុង​មួយ​លីត្រ​៕

សែស្រឡាយ​ Prius របស់​ក្រុមហ៊ុន​ជប៉ុន Toyota គឺ​ជា​រថយន្ត​ប្រភេទ Hybrid​ មិន​ថា​នៅ​ទី​ណា​ឡើយ​ក្នុង​ពិភព​លោក រថយន្ត​ម៉ាស៊ីន​កូនកាត់​របស់ជប៉ុននេះ តែង​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ ដោយ​សារ​តែ​កម្រិត​ស៊ី​សាំង​ដ៏​តិច​របស់​វា និង​ការ​ជួយ​ដល់​បរិស្ថាន។

និយាយ​ពី​រថយន្ត Prius នៅ​ក្នុង​ស្រុក​វិញ គឺ​មាន​ការ​គាំទ្រ​ដ៏​ច្រើន​លើស​លប់ ជា​ពិសេស​ពី​សំណាក់​យុវវ័យ និង​អ្នក​មាន​គ្រួសារ​ថ្មី​ថ្មោង​ ដែល​គេ​មាន​ឃើញ​ចាប់​តាំង​តែ​ពី​ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៨ ដែល​មាន​ការ​ប្រើប្រាស់​ច្រើន​ជាង​គេ។

ចុចអាន៖

ប្រភព៖ Toyota   ប្រែ​សម្រួល៖ ផាត សុវត្ថិ