កូរ៉េខាងត្បូង សម្រេចចិត្តបិទក្បាលមេក្រូឃោសនា តាមព្រំដែនចោល
- 2018-04-23 06:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង សម្រេចចិត្តបិទក្បាលមេក្រូឃោសនា តាមព្រំដែនចោល
ចន្លោះមិនឃើញ
កូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៨នេះថា ខ្លួនបានបញ្ឈប់ការឃោសនាគោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើងនៅតាមព្រំដែន ដើម្បីបង្កើតបរិយាកាសសន្តិភាពសម្រាប់ជំនួបកំពូលរវាងកូរ៉េទាំង២ ដែលនឹងត្រូវធ្វើឡើងក្នុងសប្ដាហ៍នេះ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា គោលបំណងនៃការបញ្ឈប់នេះ គឺដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធារវាងប្រទេសកូរ៉េទាំង២ និងបង្កើតនូវបរិយាកាសសន្តិភាពសម្រាប់ការជជែកពិភាក្សា ក្នុងឱកាសជំនួបកំពូល ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃសុក្រខាងមុខនេះ នាភូមិមួយក្នុងតំបន់ Panmunjom។
យ៉ាងណាមិញ ការធ្វើឡើងនេះ គឺឆ្លើយតបនឹងសកម្មភាពថ្មីៗនេះរបស់កូរ៉េខាងជើង។ ជាពិសេស មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន បានប្រកាសថា ខ្លួននឹងបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរក្នុងតំបន់ Punggye-ri ព្រមទាំងផ្អាករាល់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ។
គួររម្លឹកថា ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្ដើមការឃោសនាគោលនយោបាយប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយប្រើប្រាស់ឧបករណ៍បំពងសំឡេងដ៏ធំ កាលពីឆ្នាំ១៩៦៣មក ប៉ុន្តែក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏បានបញ្ឈប់សកម្មភាពនេះ ក្នុងកិច្ចព្រមព្រៀងមួយ នៅឯជំនួបកម្រិតខ្ពស់មួយជាមួយកូរ៉េខាងជើង។ ក្រោយមកកូរ៉េខាងត្បូង ក៏បានចាប់ផ្ដើមយុទ្ធនាការនេះជាថ្មី កាលខែមករាឆ្នាំ២០១៦ ដើម្បីឆ្លើយតបនឹងការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤របស់កូរ៉េខាងជើង៕
ចុចអាន៖