ធុញទ្រាន់​នឹង​ប្រពន្ធ​ពូកែ​រអ៊ូ​ បុរស​ចិន​បែក​គំនិត​បង្កើត​ម៉ាស៊ីន​ធ្វើ​ម្ហូប

  • 2018-04-23 07:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហឺ ឈី​ង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សេវាកម្ម​ម្ហូបអាហារ​នៅ​សៀង​ហៃ បាន​ចំណាយពេល ៨ ឆ្នាំ​បង្កើត​ម៉ាស៊ីន​ធ្វើ​ម្ហូប​មួយឡើង​ និង​បាន​យក​មក​បង្ហាញ​នៅ​ពិព័រណ៍​បច្ចេកវិទ្យាអន្តរជាតិ​ចិន​នៅ​សៀង​ហៃ (CSITF)​ បន្ទាប់ពី​ធុញទ្រាន់​នឹង​ប្រពន្ធ​ដែល​រអ៊ូ​រឿង​មិនចេះ​ធ្វើ​ម្ហូប​។

​ទោះបី​ជួប​ឧបសគ្គ​រាប់មិនអស់ ក៏​គាត់​មិនដែល​បោះបង់ចោល​ការប៉ុនប៉ង​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ម៉ាស៊ីន​ធ្វើ​ម្ហូប​នោះឡើយ ដោយ​អះអាងថា ថ្ងៃ​ណាមួយ​គាត់​នឹង​អាច​រំដោះខ្លួន​ចេញពីផ្ទះ​បាយ​បាន​ជាក់​ជាមិនខាន​។

​បន្ទាប់ពី​បង្កើត​ម៉ាស៊ីន​ធ្វើ​ម្ហូប​បាន​ជោគជ័យ ប្រពន្ធ​គាត់​ក៏​លែង​រអ៊ូ​រឿង​ធ្វើ​ម្ហូប ហើយ​តាម​ដឹង​គឺ​គាត់​ពេញ​ចិត្តនឹង​ម៉ាស៊ីន​ផលិតឡើង​ដោយ​ដៃ​ស្វាមី​ខ្លាំងណាស់​។

​លោក​បាន​ប្រាប់​វេ​ប​សាយ Pear Video ថា “​ម៉ាស៊ីន​ធ្វើ​ម្ហូប​ឆ្លាត​មិន​ត្រឹមតែ​រំដោះ​ខ្ញុំ​ចេញពី​ផ្ទះបាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​រំដោះ​ប្រពន្ធ​ខ្ញុំ​ចេញពី​ផ្ទះបាយ​ផងដែរ​”​។

​អ្នក​ភ្លក្ស​អាហារ​ម្នាក់​និយាយថា “​ម្ហូប​គឺមាន​រសជាតិ​ឆ្ងាញ់​ណាស់​។ ម៉ាស៊ីន​ធ្វើ​ម្ហូប​នេះ​ពិត​ជាមាន​ជំនាញ​ពូកែ​ជាង​ខ្ញុំ​មែន​”​។

​យោងតាម​បុគ្គលិក ម៉ាស៊ីន​នេះ​អាច​ចម្អិន​អាហារ​មួយ​មុខ ប្រើពេល​ត្រឹម ៣ ទៅ ៤ នាទី​ប៉ុណ្ណោះ ហើយ​វា​ក៏មាន​ប្រព័ន្ធ​លាង​សម្អាត​ដោយ​ស្វ័យប្រវត្តិ​ផងដែរ​។​

​បុគ្គលិក​នោះបាន​បន្ថែមថា ម៉ាស៊ីន​ចម្អិនម្ហូប​នេះ​បច្ចុប្បន្ន​មាន​សម្រាប់តែ​ជួល​ប៉ុណ្ណោះ ហើយ​ត្រូវ​កក់​មុន ១០ ០០០ យ័ន (១ ៥៥៨ ដុល្លារ​) បូក​នឹង​ប្រាក់ ១ យ័ន (០,១៦ ដុល្លារ​) សម្រាប់​រាល់​ម្ហូប​ចម្អិន​បាន​មួយ​មុខ​៕

ប្រភព ៖ rasmeinews.com

អត្ថបទពេញនិយម