ស្វាមីគ្រប់រូបឆ្លើយឲ្យរួច៧សំណួរនេះសិន បើគិតចង់ក្បត់ប្រពន្ធ មានស្រីក្រៅ

  • 2018-04-24 03:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ស្មោះ​ត្រង់​សំខាន់​បំផុត​ក្នុង​ជីវិត​គូ ការ​ផិត​ក្បត់​ អាច​បំផ្លាញ​សុភមង្គល​មង្គល​គ្រួសារ ហើយ​គ្មាន​នរណា​ម្នាក់​លើ​លោក​នេះ​ចង់​ជួយ ចង់​ឮ​ឡើយ។ ស្វាមី​គ្រប់​រូប​បើ​គិត​ចង់​បំផ្លាញ​សុភមង្គល​គ្រួសារ ដោយ​ទង្វើ​ក្បត់​ផិត សូម​ឆ្លើយ​ឲ្យ​រួច​៧​សំណួរ​នេះ​សិន!

១. កាល​សុំ​ស្រលាញ់​នាង តើ​បាន​អះអាង​អ្វី​ខ្លះ ទើប​នាង​ព្រម​ស្រលាញ់?

នារី​ម្នាក់​ដែល​យល់​ព្រម​ទៅ​ស្រលាញ់​អ្នក មិន​មែន​មក​ពី​នាង​ចិត្ត​ងាយ​ទេ តែ​នាង​ជឿជាក់​លើ​ស្នេហា​លើ​ពាក្យ​សន្យា ក្ដី​ស្រលាញ់​របស់​អ្នក។ បើ​គិត​ចង់​ក្បត់​នាង សូម​ងាក​ទៅ​គិត​កាល​ពី​ដំបូង​វិញ មិន​មែន​នៅ​សុខ​នាង​មក​ស្រលាញ់​អ្នក​ទេ។

រូបតំណាង

**២. តើ​ព្រម​ឲ្យ​នារី​ដែល​ខ្លួន​ស្រលាញ់​ឈឺ​ចាប់​ដែរ​ទេ ហើយ​អាណិត​នាង​ទេ?**

ភរិយា​ភាគ​ច្រើន​បំផុត គឺ​ស្រលាញ់​ស្វាមី​ស្មោះ​អស់​ពី​ពោះ មិន​ដែល​គិត​ក្បត់​ងាករេ។ តែ​បើ​នាង​ដឹង​ថា មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់​ក្បត់​នាង គឺ​ដូច​យក​កាំបិត​មក​ចាក់​ទម្លុះ​បេះ​ដូង ទោះ​មាន​ថ្នាំ​អ្វី​ក៏​ព្យាបាល​មិន​ជា​ឡើយ។ តើ​យល់​ព្រម​ឲ្យ​នាង​ក្លាយ​ជា​បែប​នេះ​ទេ?

៣. តើ​ព្រម​អនុញ្ញាត​ឲ្យ​ស្រី​ក្រៅ គ្មាន​ខាន់​ស្លា​មក​បំផ្លាញ​សុភមង្គល​គ្រួសារ​ទេ?

សុភមង្គល​គ្រួសារ​មួយ​នឹង​ត្រូវ​បំផ្លាញ បើ​មាន​បុគ្គល​ទី​៣​ចូល​ជ្រៀតជ្រែក។ តើ​អ្នក​ចង់​បាន​គ្រួសារ​មួយ​ដ៏​រីករាយ ឬ​ចង់​ឃើញ​ទឹក​ភ្នែក​ភរិយា?

រូបតំណាង

៤. បើ​មាន​មួយ​មិន​ស្កប់​ពី​ដំបូង​រៀបការ​ធ្វើ​អី ម៉េច​មិន​នៅ​លីវ​ដើរ​ញ៉ែ​គ្រប់​ស្រី​ទៅ?

បើ​មិន​គិត​ចង់​ស្មោះ​ជាមួយ​នារី​ណា កុំ​រៀប​ការ​អី​ល្អ​ជាង សុខ​ចិត្ត​នៅ​ខ្លួន​មួយ ដើរ​ពង្រាយ​មន្ត​ស្នេហ៍​វិញ​ល្អ​ជាង។ បើ​នាង​មិន​មែន​ជា​នារី​ចុង​​ក្រោយ ក្នុង​ជីវិត​អ្នក​ទេ តើ​រៀបការ​ជាមួយ​នាង​ដើម្បី​អ្វី?

៥. បើ​នាង​ឈឺ​ចាប់​ទ្រាំ​មិន​បាន​ប្ដឹង​សុំ​លែងលះ ចុះ​អនាគត​កូនៗ​នឹង​ទៅ​ជា​យ៉ាង​ណា?

បើ​នាង​ដឹង​ថា អ្នក​ក្បត់​ហើយ​នៅ​តែ​អាច​ទទួល​យក​អ្នក​បាន​ គឺ​នាង​ជា​នារី​ដ៏​អស្ចារ្យ​បំផុត​ហើយ។ តែ​បើ​នាង​លែងលះ​វិញ ចុះ​កូន​ៗ​គិត​យ៉ាង​ណា ហើយ​មាន​ចិត្ត​អាណិត​កូន​ទេ? ចង់​ឃើញ​គ្រួសារ​បែកបាក់​ណាស់​មែន​ទេ?

៦. តើ​ស័ក្ដិសម​ជា​កូន​ប្រុស​ទេ ដែល​នៅ​សុខ​ៗ​ដណ្ដើម​នាង​ចេញ​ពី​ឪពុក​ម្ដាយ នាង​តែ​ចុង​ក្រោយ​ឲ្យ​នាង​សម្រក់​ទឹក​ភ្នែក?

មុន​នឹង​នាង​មក​ផ្ញើ​ជីវិត​លើ​អ្នក គឺ​នាង​គិត​ថា អ្នក​អាច​មើល​ថែ​នាង​ជំនួស​ឪពុកម្ដាយ​នាង​បាន។ បើ​នាង​ដឹង​មុន​ថា ចុង​ក្រោយ​អ្នក​ក្បត់​នាង គឺ​នាង​មិន​ព្រម​ចាក​ចេញ​ពី​គ្រួសារ​ដ៏​កក់​ក្ដៅ​របស់​នាង​ឡើយ។

៧. តើ​អ្នក​អាច​រស់​នៅ​មាន​ក្ដី​សុខ​នៅ​លើ​លោក​នេះ ដោយ​គ្មាន​វត្ត​មាន​នាង​បាន​ទេ?

ពិត​មែន​ហើយ អ្នក​ចង់​បាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ក៏​បាន​ តែ​អ្នក​មិន​ងាយ​រក​បាន​នារី​ដែល​ព្រម​ស្លាប់​ដើម្បី​អ្នក​បាន​ទេ។ នាង​នឹង​ចាក​ចេញ​ពី​អ្នក​ពេល​ដែល​នាង​ទ្រាំ​លែង​បាន ឬ​នាង​អាច​បិទ​ភ្នែក​រហូត​លែង​ភ្ញាក់។ ពេល​នោះ​តើ​អ្នក​អាច​រស់​នៅ​ដោយ​មាន​ក្ដី​សុខ​បាន​ទេ? អ្នក​នឹង​មាន​វិប្បដិសារី​អស់​មួយ​ជីវិត ពេល​ដែល​អ្នក​បាត់​បង់​នាង។

កុំ​បំផ្លាញ​នារី​ម្នាក់​ព្រោះ​តែ​ធ្វើ​តាម​អារម្មណ៍ កុំ​បណ្ដោយ​ឲ្យ​តណ្ហា​ក្លាយ​ជា​របាំង​មុខ​ កុំ​ធ្វើ​បាន​នារី​២​នាក់​ដែល​នាង​គ្មាន​កំហុស​អ្វី​សោះ។ បើ​នាង​ជា​នារី​ចុង​ក្រោយ​សម្រាប់​អ្នក រស់​ខ្វះ​នាង​មិន​បាន សូម​ស្មោះ​ត្រង់​ជាមួយ​នាង​រហូត​អស់​ជីវិត​រាង​ខ្លួន៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម