៥ ផ្នែក​សំខាន់ចុងក្រោយ​​លើ​រថយន្ត អ្នកបើកបរ​មិន​គួរ​​អាន​រំលង​ (ភាគ​បញ្ចប់)

  • 2018-04-26 02:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​កន្លង​ទៅ Sabay បាន​នាំ​យក​ផ្នែក​សំខាន់​ៗ និង​ឧបករណ៍​របស់​រថយន្ត ចំនួន ១៥ ក្នុង ​ភាគ១ ភាគ២ និង ភាគ៣ រួច​មក​ហើយ​មក​បង្ហាញ​ទស្សនិកជន ដើម្បី​ឲ្យ​បាន​ស្គាល់​ និង​ប្រាប់​ពី​វិធី​ថែ​រក្សា​ តាម​ផ្នែក​នី​មួយ​ៗ​ផង​ដែរ។

ដូច​គ្នា​ផង​ដែរ ក្នុង​សប្ដាហ៍​នេះ Sabay នឹង​នាំ​យក​ផ្នែក​សំខាន់​ៗ និង​ឧបករណ៍​របស់​រថយន្ត ចំនួន ៥ ចុង​ក្រោយ​ មក​ពិពណ៌នា ពី​រូបភាព​ទូទៅ​ និង​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ថែ​ទាំ​ផ្នែក​ទាំង​នោះ៖

១៦. Catalytic Converter

Catalytic Converter ជា​ផ្នែក​មួយ​នៃ​បំពង់​ស៊ី​​មុាំង​រថយន្ត ដែល​ជួយ​បម្លែង​ផ្សែង​ពុល​ ដែល​ហៀប​នឹង​បញ្ចេញ​ទៅ​ខាង​ក្រៅ ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន។ ការ​លេច​ធ្លាយ​សារធាតុ​រាវ ​ដូច​ជា​ប្រេង​ពី​ក្នុង​ម៉ាស៊ីន​ ឬ​ហ្គាស​ម៉ាស៊ីន​ត្រជាក់​ និង​កម្ដៅ​ខ្លាំង​ហួស​ប្រមាណ​ចេញ​ពី​ក្នុង​ម៉ាស៊ីន​អាច​ធ្វើ​ឲ្យ Catalytic Converter ពុក​ផុយ​បាន។ ជា​សំណាង​របស់​អ្នក​ប្រើ​ប្រាស់​ដែរ Catalytic Converter មាន​តម្លៃ​ថោក​ និង​ងាយ​ក្នុង​ការ​ផ្លាស់​ប្ដូរ មិន​ចាំ​បាច់​ឲ្យ​អ្នក​ប្រើ​ប្រាស់​រថយន្ត​ចំណាយ​លុយ​ច្រើន​ទេ។

១៧. Muffler

Muffler គឺ​ជា​ផ្នែក​ខាង​ចុង​បំផុត​នៃ​បំពង់​ស៊ីមាំុង ដែល​​ជួយ​កាត់​បន្ថយ​សំឡេង​ដ៏​លាន់​ចេញ​ពី​ម៉ាស៊ីន។ Muffler និង​បន្ថយ​អានុភាព​នៃ​សំឡេង​របស់​ម៉ាស៊ីន ដែល​កំពុង​ដំណើរ​ការ​យ៉ាង​ពេញ​ទំហឹង ឲ្យ​មាន​សំឡេង​ស្ងាត់​ជាង​មុន​ មុន​ពេល​បញ្ចេញ​មក​ខាង​ក្រៅ។ អញ្ចឹង ប្រសិន​បើ​បំពង់​ស៊ី​មាំុង​​អ្នក​រាង​លាន់​ខុស​ធម្មតា​នោះ អ្នក​ដឹង​ហើយ​ថា​អ្វី​ដែល​ខូច​នោះ គឺ Muffler នេះ​ឯង។

១៨. ឧបករណ៍​វាស់​សម្ពាធ​កង់ (Pressure Gauge)

វា​ជា​ឧបករណ៍​ចាំ​បាច់​មួយ​ដែរ សម្រាប់​ដាក់​តាម​រថយន្ត​ព្រោះ​បើ​រថយន្ត​អ្នក​មិន​មាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​វាស់​សម្ពាធ​ខ្យល់​កង់​នោះ​ទេ អ្នក​ពិបាក​ប៉ាន់​ស្មាន​ថា កង់​របស់​អ្នក​ខ្វះ​ឬ​លើស​សម្ពាធ​ណាស់​ ដោយ​គ្រាន់មើល​នឹង​ភ្នែក​ទទេនោះ។

១៩​. ឌីណាម៉ូ (Alternator)

ឌីណាម៉ូ ផលិត​ភ្លើង​ដើម្បី​ជំនួយ​ដល់​អាគុយ​កុំ​ឲ្យ​វា​ធ្វើ​ការ​ធ្ងន់​នាំ​ឲ្យ​ខូច​ខាត​ ក្នុង​រយៈ​ពេល​ខ្លី។ ពេល​រថយន្ត​ចាប់​ផ្ដើម​បញ្ឆេះ ឌីណាម៉ូ​ក៏​ចាប់​ផ្ដើម​វិល និង​ផលិត​ភ្លើង​ដើម្បី​ដំណើរ​ការ​រថយន្ត ជាមួយ​អាគុយ​តែ​ម្ដង ដោយ​ប្រព័ន្ធ​ភ្លើង​របស់​រថយន្ត​ទាំង​មូល​នឹង​ភ្ជាប់​ជាមួយ​គ្នា។ បើ​សិន​ជា​មាន​បញ្ហា​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ភ្លើង ឌីណាម៉ូ​ក៏​ប្រឈម​មុខ​នឹង​ការ​ខូច​ខាត​ដែរ។ ដូច​គ្នា​នេះ បើ​សិន​ជា​ឌីណាម៉ូ​ខូច​ខាត នោះ​ប្រព័ន្ធ​ភ្លើង​ក៏​អាច​នឹង​ខូច​ខាត​ដូច​គ្នា។ អញ្ចឹង​ហើយ​បើ​មាន​ផ្នែក​មួយ​ណា​ខូច​នោះ​ អ្នក​គួរ​ប្រញាប់​ទៅ​រក​ជាង​ទៅ ជា​ជាង​ទុក​យូរ​នាំ​ឲ្យ​អស់​លុយ​ក្នុង​ការ​ជួស​ជុល​ច្រើន។

២០. Power Steering Fluid

ប្រេង​ចង្កូត​ជា​រឿង​មួយ​ដ៏​សំខាន់​ សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​ទាំង​អស់ ព្រោះ​ថា​បើ​ប្រេង​នេះ​ស្ងួត​អស់ នោះ​ចង្កូត​របស់​អ្នក​នឹង​តឹង​ខ្លាំង ឬ​គាំង​មិន​អាច​បើក​បរ​បាន​តែ​ម្ដង អាច​នាំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​បាន។ វិធី​ល្អ​គឺ​ឧស្សាហ៍​ពិនិត្យ​មើល​កម្រិត​ប្រេង ចង្កូត​ហើយ​បញ្ចូល​វា​ឲ្យ​ស្ថិត​នៅ​កម្រិត​ស្តង់ដារ​ជានិច្ច។

សូម​អរគុណ​ ដល់​ការ​តាម​ដាន​របស់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា ហើយ​ Sabay នឹង​ស្វែង​រក​អត្ថបទ​ល្អៗ ដែល​ទាក់​ទង​នឹង​គន្លឺះ​ប្រើ​ប្រាស់​របស់រថយន្ត មក​ជូន​មិត្ត​អ្នក​អាន ​នៅ​ក្នុង​ពេល​ក្រោយ​ទៀត៕

ចុចអាន៖

ប្រភព៖ drivinglife   ប្រែ​សម្រួល៖ ផាត សុវត្ថិ