ត្បិត​លេង​ក្លឹប​គូ​ប្រជែង​គ្នា​មែន Ramos គិត​ថា Iniesta គួរ​ណាស់​តែ​ឈ្នះ​ពាន​មួយ​នេះ

  • 2018-04-26 11:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Sergio Ramos ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា​ខ្សែ​បម្រើ Andres Iniesta គួរ​ណាស់​តែ​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​លើ​លោក Ballon D'or ក្នុង​មួយ​អាជីព​បាល់ទាត់​ខ្លួន។

កីឡាករ​អេស្ប៉ាញ​បាន​បរិយាយ​ថា៖ "ប្រសិន​បើ​ Andres មាន​ឈ្មោះ Andresinho វិញ​ណា គេ​ប្រហែល​ជា​បាន​ឈ្នះ​ពាន​ Ballon D'or ពីរ​ដង​រួច​ទៅ​ហើយ ក្នុង​អាជីព​របស់​រូប​គេ"។

Ramos មិន​បាន​បក​ស្រាយ ឬ​បញ្ជាក់​ហេតុ​ផល​នៅ​ពី​ក្រោយ​ពាក្យ​ "Andresinho” នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ឈ្មោះ​ប្រភេទ​នេះ​ច្រើន​ជា​ប្រភេទ​ឈ្មោះ​ប្រេស៊ីល។ មុន Crisitiano Ronaldo និង Lionel Messi ចាប់​ផ្ដើម​ដូរ​គ្នា ឈ្នះ Ballon D'or តាំង​ពី ២០០៨ មក គិត​ចាប់ពីឆ្នាំ​ ២០០០ ​ មាន​កីឡាករ​ប្រេស៊ីល ៣ រូប​ដែល​ឈ្នះ​ពាន​នេះ រួម​មាន Ronaldo (២០០២), Ronaldinho (២០០៥) និង Kaka (២០០៧)។

Iniesta ជា​កីឡាករ​បង្គោល​របស់​ Barcelona ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ជា​ច្រើន។ មិន​តែ​ប៉ុណ្ណោះ កីឡាករ​បាន​ជួយ​អេស្ប៉ាញ​ឲ្យ​លើក​ពាន World Cup កាល​ពី​ឆ្នាំ ២០១០ ទៀត​ផង។

Iniesta ធ្លាប់​ជាប់​បេក្ខភាព Top 3 ប្រជែង​ពាន​ Ballon D'or កាល​ពី​ឆ្នាំ ២០១០ និង ២០១២។ ទាំង​ពីរ​ឆ្នាំ​នោះ គឺ​​ខ្សែ​ប្រយុទ្ធ Lionel Messi ជា​អ្នក​ឈ្នះ។ ទោះ​ជា​យ៉ាង​ណា មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ដោយ​សារ​តែ​ភាព​ជោគជ័យ​ទាំង​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ​នៅ​ឆ្នាំ ២០១០ កីឡាករ​អេស្ប៉ាញ Iniesta ទៅ​វិញ​ទេ ដែល​គួរ​តែ​ជា​អ្នក​ឈ្នះ​ពាន​មួយ​នេះ​កាល​នោះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម