បើមាន iPad ចាស់​ដើរយឺត អាច​សាក​វិធី​នេះ​បាន​

  • 2018-04-29 01:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​មាន​ iPad ចាស់​ទុក​ចោល​ ដំណើរការ​យឺត​ អាច​ទាញ​យក​មក​សាក​ថ្ម​ រួច​អាច​សាកល្បង​វិធី​ទាំង​នេះ​ ក្រែង​ពេញចិត្ត​នឹង​យក​តាម​ខ្លួន​ប្រើ​ឡើង​វិញ​។

១) បង្កើន​ Space ទំនេរ

បើ​អ្នក​ប្រើ​ iPad ចាស់ ការងារ​ដំបូង​ គួរ​សម្អាត​ទុក​ Storage ទំនេរ​ខ្លះ​ ដោយសារ​ប្រព័ន្ធ​ iOS និង​កម្មវិធី​តម្រូវ​មាន​ Space ទំនេរ​ ដើម្បី​បំពេញ​ការងារ​បាន​ពេញ​លេញ​។ ពេល​ទំហំ​ Storage នៅ​សល់​តិច​ តិច​ ឬ​ច្រើន​អាច​ប៉ះពាល់​ដល់​ល្បឿន​ដំណើរការ​បាន​។

ចូល​ទៅ​កាន់​ Settings > General > Storage > រង់ចាំ​បន្តិច​ កម្មវិធី​បាន​ដំឡើង​នឹង​បង្ហាញ​។ នៅ​ក្បែរ​ឈ្មោះ​កម្មវិធី​ អ្នក​នឹង​ឃើញ​ចំនួន​ Space កំពុង​ប្រើប្រាស់​។

បើ​ឃើញ​កម្មវិធី​ណា​មួយ​ មិន​ដែល​ប្រើ​ អាច​ចុច​លើ​កម្មវិធី​នោះ​ > ចុច​ Delete App នេះ​នឹង​លុប​ចោល​កម្មវិធី​ ក៏​ដូចជា​ទិន្នន័យ​ទាក់ទង​នឹង​កម្មវិធី​នោះ​ផង​ដែរ​។

២) លុប​សម្អាត​ទិន្នន័យ​មួយ​ចំនួន​ក្នុង​កម្មវិធី​ Photos ​លើ​ iPad

បើក​កម្មវិធី​ Photos > ចុច​លើ​ Albums > ជ្រើសរើស​ Videos ដើម្បី​ឃើញ​រាល់​វីដេអូ​បាន​រក្សាទុក​លើ​ iPad > ចុច​លើ​ icon Trash នៅ​ជ្រុង​ស្ដាំ​ខាងក្រោម​អេក្រង់​ ក្នុង​ការ​លុប​វីដេអូ​។

អ្នក​ប្រហែល​ជា​ដឹង​ វីដេអូ​ ចំណាយ​ទំហំ​រក្សាទុក​ច្រើន​ជាង​រូបភាព​ ដូច្នេះ​ការ​លុប​វីដេអូ​ ជា​វិធី​ដ៏​ល្អ​ ពិត​ណាស់​បើ​វីដេអូ​នោះ​មិន​សំខាន់​។

ពេល​បើក​វេបសាយ​នានា​ បើ​មាន​អារម្មណ៍​ថា​យឺត​ អាច​លុប​ Cache (ទិន្នន័យ​បណ្ដោះ​អាសន្ន​រក្សាទុក​ងាយស្រួល​បើក​វេបសាយ​ណា​មួយ​បាន​លឿន​) ក្នុង​ Safari បាន​ ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ Settings > Safari > ចុច​លើ​ Clear History and Website Data។ នេះ​នឹង​លុប​រាល់​ History និង​ទិន្នន័យ​វេបសាយ​បាន​រក្សាទុក​។

មាន​កម្មវិធី​ជំនួយ​ជា​ច្រើន​អាច​សម្អាត​បង្កើត​ Space ទំនេរ​ ដូចជា​ Magic Phone Cleaner តែ​ជា​ការ​ល្អ​មុន​ពេល​ធ្វើ​ គួរ​ Backup ក្នុង​ iTune ក្រែង​ប៉ះពាល់​ទិន្នន័យ​អ្នក​ចង់​ទុក​លើ​ Device។

៣) កែប្រែ​ Settings មួយ​ចំនួន​

មាន​ Settings មួយ​ចំនួន​ អាច​កែប្រែ​ ដើម្បី​សម្រួល​ដំណើរការ​ប្រព័ន្ធ​ឲ្យ​ប្រសើរ​ឡើង​។

ចូល​ទៅ​កាន់​កម្មវិធី​ Settings > General > Background App Refresh មុខងារ​នេះ​អាច​ឲ្យ​កម្មវិធី​បន្ត​ដំណើរការ​នៅ Background ដើម្បី​ប្រមូល​ព័ត៌មាន​ថ្មី​ៗ។ អ្នក​អាច​បិទ​ដំណើរការ​ទាំងស្រុង​ ឬ​បើក​ចំពោះ​កម្មវិធី​ណា​មួយ​។

Notification ក៏​អាច​បន្ថយ​ល្បឿន​ iPad ដែរ ​ពេល​ទទួល​បាន​សារ​ច្រើន​ ហើយ​ ថាមពល​ថ្ម​ ក៏​ប្រើ​ច្រើន​តាម​នោះ​ដែរ​។ ពេល​ទទួល​បាន​ Notification Tablet នឹង​បើក​ ទាញ​ទិន្នន័យ​ បង្ហាញ​លើ​អេក្រង់​ ហើយ​ក៏​បញ្ចេញ​សំឡេង​ផង​ដែរ​។ អ្នក​អាច​បិទ​បាន​ ដោយ​ចូល​ទៅ​កាន់​ Settings > Notifications។

អ្នក​ក៏​អាច​បើក​ដំណើរការ​មុខងារ​ Reduce Motion ដោយ​ចូល​ទៅ​ Settings > General > Accessibility។ នេះ​នឹង​បិទ​នូវ​ Effect ឬ Animation ជួយ​សម្រួល​ដំណើរការ​ GPU។

ចំពោះ​មុខងារ​ស្រាវជ្រាវ​កម្មវិធី​ក៏​អាច​បិទ​បាន​ដែរ​ ដោយ​ចូល​ទៅ​កាន់​ Settings > Siri & Search > បិទ​មុខងារ​ Suggestions in Search និង​ Suggestions in Look Up។

៤) ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ iOS

iPad ទុក​ចោល​មិន​ប្រើ​រយៈពេល​យូរ​ ប្រព័ន្ធ​អាច​ហួស​សម័យ​ ដែល​ចាំបាច់​គួរ​ធ្វើ​កំណែទម្រង់​ថ្មី​។

iPad គួរ​សាក​ថ្ម​គ្រប់គ្រាន់​អាច​លើស​ពី​ ៦០% > ដោត​ភ្ជាប់​នឹង​ Mac ឬ PC > បើក​ដំណើរការ​កម្មវិធី​ iTune > Backup បើ​អ្នក​ចង់​រក្សាទុក​ជំនាន់​ចាស់​ការពារ​ក្រែង​ ដំណើរការ​ខុសប្រក្រតី​ > ជ្រើសរើស​ Device > បើក​ Tab ឈ្មោះ​ Summary > ចុច​លើ​ Update។

នេះ​នឹង​ទាញ​យក​ iOS ជំនាន់​ចុង​ក្រោយ​ ហើយ​ដំឡើង​លើ​ iPad។ ពេល​ដំណើរការ​ចប់​ ដក​ iPad ចេញ​។ បើ​អ្នក​មាន​រូបភាព​ច្រើន​លើ​ iPad ប្រព័ន្ធ​អាច​យឺត​បន្តិច​ ខណៈ​ពេល​រៀបចំ​រូបភាព​ក្នុង​កម្មវិធី​ Photos។

ជាទូទៅ​ កំណែទម្រង់​ iOS ថ្មី​អាច​ចំណាយ​ពេល​ ២ ទៅ​ ៣ ថ្ងៃ​ ដើម្បី​ដឹង​ថា​ប្រព័ន្ធ​នៅ​តែ​យឺត​ ឬ​អត់​។ បើ​នៅ​តែ​យឺត​ អាច​ពិចារណា​ Reinstall ​ប្រព័ន្ធ​ iOS បាន​។

ដោត​ភ្ជាប់​ Device រួច​បើក​កម្មវិធី​ iTune > ជ្រើសរើស​ iPad > ចុច​លើ​ Tab ឈ្មោះ​ Summary > Restore។ គ្រប់​យ៉ាង​លើ ​iPad នឹង​បាត់បង់​ ដូច្នេះ​គួរ​ Backup ឬ​ចម្លង​ទុក​ឯកសារ​សំខាន់​ចេញ​។

៥) ប្ដូរ​ថ្ម​ iPad

បើ iPad ដំណើរការ​យឺត​ ហើយ​ស៊េរី​ក៏​មិន​ចាស់​ណាស់​ណា​ ដោយ​មិន​ចង់​ផ្លាស់ប្ដូរ​ថ្មី​ អាច​សាក​ផ្លាស់ប្ដូរ​ថ្ម​បាន។ Device ប្រហែល​អាច​ដំណើរការ​ខុស​ប្រក្រតី​បន្តិច​ ពេល​ iOS សម្គាល់​ឃើញ​បញ្ហា​ជាមួយ​ថ្ម​។

គួរ​ដឹង​ផង​ដែរ​ ការ​ផ្លាស់ប្ដូរ​ថ្ម​នេះ​ ក៏​មិន​ប្រាកដ​ថា​ល្បឿន​អាច​ដំណើរការ​ដូច​ដើម​ដែរ​។

ត្បិត​តែ​ iPad ចាស់​ពេក​ មិន​អាច​ឡើង​ជំនាន់​ ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ​បាន​ តែ​មាន​ការងារ​មួយ​ចំនួន​នូវ​តែ​អាច​ដំណើរការ​បាន​ ដូចជា​ចាក់​បទ​ចម្រៀង​, មើល​វីដេអូ​ពី​ Youtube, មើល​បញ្ជី​គ្រឿង​ទេស​ប្រើ​ក្នុង​ចង្ក្រាន​បាយ​, អាន​អត្ថបទ​ ផ្សេងៗ, ទុក​ឲ្យ​ក្មេងៗ​ចុច​លេង​ ឬ​ការងារ​កម្រិត​ស្រាល​មួយ​ចំនួន​ទៀត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន