ពន្យារ​ពេល​យូរ​ពេក Apple សម្រេច​លុប​ចោល​គម្រោង​តម្លៃ ១​ពាន់​លាន​ដុល្លារ

  • 2018-05-11 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​លុប​ចោល​គម្រោង​សាងសង់​រោងចក្រ​តម្លៃ​១​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ប្រទេស​អៀរឡង់ ដោយសារ​តែ​ការ​ពន្យារ​ពេល​យល់​ព្រម​លើ​គម្រោង​នេះ​ជា​ច្រើន​លើក​ច្រើន​សា​របស់​រដ្ឋាភិបាល។

គម្រោង​រោងចក្រ​តម្លៃ​១​ពាន់​លាន​ដុល្លារ នៅ​ប្រទេស​អៀរឡង់

ដំបូង​ឡើយ Apple បាន​ស្នើ​សុំ​រដ្ឋាភិបាល​អៀរឡង់​លើ​គម្រោង​សាងសង់​រោងចក្រ នៅ​ក្នុង​ឆ្នាំ​២០១៥ ហើយ​រំពឹង​នឹង​អាច​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៧។ ប៉ុន្តែ​វា​ត្រូវ​បាន​ពន្យារ​ពេល​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ជា​ច្រើន​ដង ហើយ​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​អៀរឡង់​នៅ​មិន​ទាន់​បើក​ភ្លើង​ខៀវ​ឲ្យ Apple នៅ​ឡើយ​ទេ។

"ទោះ​ជា​យើង​ខំ​ប្រឹង​យ៉ាង​ណា ការ​ពន្យារពេល​នៅ​ក្នុង​ដំណើរការ​យល់​ព្រម​បាន​បង្ខំ​ឲ្យ​យើង​ត្រូវ​សម្រេច​ធ្វើ​គម្រោង​ផ្សេង​ទៀត ហើយ​យើង​នឹង​មិន​អាច​ដំណើរការ​បន្ត​ជាមួយ​នឹង​គម្រោង​សាងសង់​រោងចក្រ​ផ្ទុក​ទិន្នន័យ​នេះ​ឡើយ។

ខណៈ​ពេល​ដែល​កំពុង​ខក​ចិត្ត​អំពី​រឿង​នេះ ភាព​បរាជ័យ​នេះ​នឹង​កាត់​បន្ថយ​ចំណាប់​អារម្មណ៍​របស់​យើង​សម្រាប់​គម្រោង​ទៅ​ថ្ងៃ​អនាគត​នៅ​ប្រទេស​អៀរឡង់ ស្រប​ពេល​​ដែល​ជំនួញ​របស់​យើង​កំពុង​បន្ត​លូតលាស់" នេះ​ជា​ការ​រៀបរាប់​របស់ Apple។

សកម្មភាព​នៅ​ក្នុង​រោងចក្រ Foxcon នៅ​ចិន​

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ស្រី Heather Humphreys រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អៀរឡង់ បាន​ឲ្យ​ដឹង​ថា លោក​ស្រី​ពិត​ជា​សោកស្ដាយ​ណាស់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់ Apple។ លោក​ស្រី​រដ្ឋមន្ត្រី បាន​និយាយ​ថា៖ "ការ​ពន្យារ​ពេល​ទាំង​នេះ គូស​បញ្ជាក់​ពី​តម្រូវ​ការ​របស់​យើង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ផែនការ​របស់​រដ្ឋ និង​ដំណើរការ​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធភាព​តែ​ប៉ុណ្ណោះ"៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Kley Kley   ប្រែសម្រួល៖ ឈាង