ចិន ធ្វើតេស្តសម្រេច ម៉ាស៊ីនសម្រាប់ឲ្យមនុស្សរស់នៅលើឋានព្រះចន្ទ (មានវីដេអូ)
- 2018-05-16 03:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ធ្វើតេស្តសម្រេច ម៉ាស៊ីនសម្រាប់ឲ្យមនុស្សរស់នៅលើឋានព្រះចន្ទ (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ចិន បានអះអាងនូវភាពជោគជ័យនៃការពិសោធន៍ដ៏សំខាន់មួយ ដែលអាចជួយដល់មហិច្ឆតារបស់ទីក្រុងប៉េកាំង បញ្ជូនមនុស្សទៅរស់នៅលើឋានព្រះចន្ទ។
គម្រោងដែលមានឈ្មោះថា «Yuegong 365» បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីអ្នកស្ម័គ្រចិត្ត បានចូលទៅរស់នៅក្នុងម៉ាស៊ីន «Yuegong 1» ឬ «Lunar Palace» ដែលតាំងនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងប៉េកាំង។
គួររំលឹកឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលចិនធ្លាប់បាននិយាយកាលពីឆ្នាំ២០១៦ ថា ប្រទេសនេះចង់បញ្ជូនអ្នកអវកាសទៅរស់នៅលើឋានព្រះចន្ទ នៅឆ្នាំ ២០៣៦។
យ៉ាងណាមិញ គោលបំណងនៃគម្រោង «Yuegong 365» គឺដើម្បីធ្វើតេស្តកម្រិតដែនកំណត់នៃសមត្ថភាពរបស់មនុស្ស ចំពោះការរស់នៅក្នុងបរិវេណបិទជិត ដើម្បីសម្រេចមហិច្ឆតាបញ្ជូនមនុស្សទៅរស់នៅឋានព្រះចន្ទ។
គួរបញ្ជាក់ថា ម៉ាស៊ីន «Yuegong 1» ឬ «Lunar Palace» មានទំហំ ១៦០ម៉ែត្រការ៉េ ដោយវាមានអ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការដើម្បីរស់ នៅក្នុងបរិយាកាសមួយស្រដៀងទៅនឹងយានអវកាសនៅក្នុងលំហ។
អ្នកស្ម័គ្រចិត្តចំនួន ៨នាក់ ដែលជាសិស្សទាំងអស់ បានបែងចែកគ្នាជា ២ក្រុម ហើយត្រូវបានគេរំពឹងថា នឹងស្នាក់នៅក្នុងនោះរយៈពេល ៣៦៥ថ្ងៃ ប៉ុន្តែគម្រោងនេះបានបន្តរហូតដល់ ៣៧០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
ការបន្តរយៈពេល ៥ថ្ងៃនៃគម្រោងខាងលើ គឺមិនត្រូវបានឲ្យអ្នកស្ម័គ្រចិត្តទាំងនោះដឹងឡើយ ដោយសារតែវាធ្វើឡើង ជាមធ្យោបាយមួយដើម្បីសាកល្បងពីភាពអាសន្ន ក្នុងករណីដែលម៉ាស៊ីននោះត្រូវពន្យារពេលវិលត្រឡប់មកផែនដីវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖