ជិត​ដល់​វគ្គផ្ដាច់ព្រ័ត្រ Champions League តម្លៃ​សណ្ឋាគារ​ខ្លះ​ក្នុង​ទីក្រុង​គាវ ឡើង​កប់​ពពក

  • 2018-05-16 13:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Marca តម្លៃ​សណ្ឋាគារ​-ផ្ទះសំណាក់ខ្លះបាន​ឡើង​កប់​ពពក​នៅ​រដ្ឋធានី​គាវ ប្រទេស​អ៊ុយក្រែន ខណៈ​ការ​ប្រកួត​ Champions Leagueវគ្គ​ផ្ដាច់ព្រ័ត្រ​កាន់​តែ​ខិត​ជិតចូលមកដល់។

ទិដ្ឋភាពទីក្រុងគាវនៅពេលយប់

យោង​តាម​ប្រភព​ដដែល នៅពេលនេះ តម្លៃ​ស្នាក់​នៅ​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​ជា​មធ្យម​ក្នុង​មួយ​យប់​គឺ ៧០០ អឺរ៉ូ (ជាង ៨២០​ដុល្លារ​សហរដ្ឋអាមេរិក)។

បន្ទប់​ដែល​ថ្ងៃ​ធម្មតា​មាន​តម្លៃ​មួយ​យប់​ត្រឹម​តែ ៤៨ អឺរ៉ូ​ (៥៦ ដុល្លារ)សោះ បាន​ឡើង​ថ្លៃ​ដល់​ទៅ ៣ពាន់​អឺរ៉ូ​ (ជាង ៣៥០០ដុល្លារ) នៅ​យប់​ថ្ងៃ​ទី ២៦ ឧសភា។

សណ្ឋាគារ​ផ្កាយ​បី​ចំនួន​ពីរ​នៅ​ទីក្រុង​គាវ ​បាន​ប្រាប់​ Marca កាល​ពី​ម្សិលមិញ​ថា ខ្លួន​ត្រូវ​បាន​កក់​ពេញ​អស់​ហើយ។ ក្នុង​នោះ សណ្ឋាគារ​មួយ​ថា តម្លៃ​សម្រាប់​បន្ទប់​ចុង​ក្រោយ​របស់​ខ្លួន​គឺ ២១០០ អឺរ៉ូ (ជិត ២៥០០ ដុល្លារ) ឯ​មួយ​ទៀត​បញ្ជាក់​ថា មាន​តម្លៃ ១៥៩០ អឺរ៉ូ (ជិត ១៩០០ ដុល្លារ)។

ដោយ​ឡែក ចំពោះ​តម្លៃ​នៃ​ការ​ស្នាក់​នៅ​ផ្ទះ Apartment វិញ ក៏​មាន​តម្លៃ​មិន​ថោក​ដែរ។ ផ្ទះ​មួយ​កន្លែង​មាន​ចម្ងាយ ៩ គីឡូម៉ែត្រ​ពី​កណ្ដាល​ក្រុង​គាវ មាន​ផ្ទៃ ៥០ ម៉ែត្រការ៉េ ហើយ​មាន​តម្លៃ​ស្នាក់​នៅ​ដល់​ទៅ ៦៣០០ អឺរ៉ូ (ជិត ៧៥០០ ដុល្លារ)។ ឯ​ផ្ទះ​មួយ​កន្លែង​ទៀត មាន​ផ្ទៃ​ ៣៨ ម៉ែត្រការ៉េ​ ថ្លៃ​ដល់​ទៅ ១៦៨៥ អឺរ៉ូ (ជិត ២ ពាន់​ដុល្លារ)។

សូម​បញ្ជាក់​ផង​ដែរ​ថា Liverpool នឹង​ត្រូវ​ប្រកួត​ជាមួយ Real Madrid ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នៅ​កីឡដ្ឋាន NSC Olimpiyskiy ស្ថិត​ក្នុង​រដ្ឋធានី​គាវ ប្រទេស​អ៊ុយក្រែន នា​ថ្ងៃ​ទី ២៦ ឧសភា​ខាង​មុខ៕

កីឡដ្ឋាន NSC Olimpiyskiy

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម