មិន​សរសើរ​មិន​បាន​ អ្នក​ចេញ​ប្លង់​​ស្ពាន​ថ្នល់​ប្លែក​ៗជុំវិញពិភពលោក​

  • 2018-05-17 01:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

ផ្លូវ​ថ្នល់​ធំ​ទូលាយ​ មាំ​ និង​ស្អាត​ ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ ឬ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីតាំង​នានា​។ រូបរាង​ផ្លូវ​ថ្នល់​ ជា​ធម្មតា​ មាន​សភាព​ត្រង់​ស្មើ​ ឬ​ខុស​តិចតួច​ ទៅ​តាម​ស្ថានភាព​ដី​។ តែ​ការ​រចនា​ទាំងនេះ​ បន្ថែម​ចំណុច​គួរ​ឲ្យ​ទាក់ទាញ​។

ផ្លូវ​រូង​ Guoliang

ផ្លូវ​រូង​ Guoliang ស្ថិត​នៅ​ភ្នំ​ Taihang មាន​ប្រវែង​មិន​វែង​ណាស់​ណា​ទេ​ តែ​ជា​ផ្លូវ​មាន​ការ​ចាប់​អារម្មណ៍​មួយ​ដែរ​ ក្នុង​ប្រទេស​ចិន​។ ផ្លូវ​រូង​នេះ​ កាត់​ចោះ​ៗ​តាមរយៈ​ថ្ម​ បើ​មើល​ពី​ចម្ងាយ​ អាច​ឃើញ​រថយន្ត​ម្ដង​ឃើញ​ ម្ដង​អត់​តាម​ចន្លោះ​នីមួយៗ​។

ការងារ​ភាគច្រើន​លើ​ផ្លូវ​រូង​នេះ​ចេញ​ពី​អ្នក​ភូមិ​ ១៣ នាក់​ ប្រើ​ញញួរ​ និង​ឧបករណ៍​ផ្សេង​ទៀត​ ជីក​រូង​ផ្លូវ​រយៈពេល​ ៥ ឆ្នាំ​ ដើម្បី​ងាយស្រួល​ឲ្យ​អ្នក​ភូមិ​ ស្គាល់​ពិភព​ខាងក្រៅ​។

ផ្លូវ​ Baldwin

ផ្អែក​លើ​សៀវភៅ​បំបែក​កំណត់ត្រា​ពិភពលោក​ ផ្លូវ​ Baldwin របស់​ប្រទេស​នូវែលហ្សេឡង់​ ក្នុង​កោះ​South Island នៃ​ក្រុង​ Dunedin ជា​ផ្លូវ​ចោត​បំផុត​ មាន​ជម្រាល​ប្រមាណ​ ១៩ ដឺក្រេ​ បាន​បង្កើន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ទេសចរណ៍​ជាច្រើន​។

ស្ពាន​ Storseisundet

ស្ពាន​ Storseisundet ជា​ស្ពាន​វែង​ជាងគេ​បំផុត​ក្នុង​ចំណោម​ស្ពាន​ ៨ ផ្សេង​ទៀត​លើ​ផ្លូវ​ Atlanterhavsveien (Atlantic Ocean Road ឬ Atlantic Road) នៃប្រទេស​ Norway មាន​លក្ខណៈ​កោង​ដូច​ទឹក​រលក​។

Winston Churchill Avenue

ផ្លូវ​ Winston Churchill Avenue អាច​ឆ្លង​ចូល​ទៅ​កាន់​ British Overseas Territory របស់​ Gibraltar។ ផ្លូវ​នេះ​ជា​ផ្លូវ​ប្រសព្វ​ជាមួយ​ផ្លូវ​សំខាន់​ នៅ​ប្រលាន​យន្តហោះ​ Gibraltar International Airport។ ពេល​យន្តហោះ​ចុះចត​ ចរាចរណ៍​ត្រូវ​បាន​បញ្ឈប់​ ហើយ​អ្នក​សម្រួល​ចរាចរណ៍​នឹង​ឈរ​អន្តរាគមន៍​ ការពារ​កុំ​ឲ្យ​រថយន្ត​ឆ្លងកាត់​ ចំណាយ​ពេល​ប្រហែល​ ២ ទៅ​ ៣ នាទី នៃ​ការ​ចុះចត​មួយ​ដង​ៗ។

ស្ពាន Nanpu

ស្ពាន​ Nanpu ​បាន​បង្កើត​ក្នុង​ឆ្នាំ​ ១៩៩០ ភ្ជាប់​ពី​ Shanghai ទៅ​តំបន់​ Pudong ថ្មី​ ដោយ​រថយន្ត​ត្រូវ​ធ្វើ​ដំណើរ​ពីរ​ជុំ​ ចន្លោះ​ពី​ស្ពាន​និង​ផ្លូវ​ មុន​ពេល​ដល់​ផ្លូវ​ចេញ​។

ផ្លូវ​ភ្នំ​ Magnetic Hill

Magnetic Hill ស្ថិត​នៅ​ Ladakh ជា​តំបន់​មួយ​ក្នុង​រដ្ឋ​ Jammu និង​ Kashmir ប្រទេស​ឥណ្ឌា​។ ផ្លូវ​ភ្នំ​នេះ​ ស្ថិត​នៅ​លើ​ផ្លូវ​សំខាន់​ក្នុង​តំបន់​ គ្រប់គ្នា​សុទ្ធ​នឹង​ឆ្លងកាត់​។ ជម្រាល​ជុំវិញ​ផ្លូវ​ បង្កើត​ជា​លក្ខណៈ​បំភាន់​មួយ​ ធ្វើ​ឲ្យ​មើល​ទៅ​ដូច​រថយន្ត​កំពុង​ធ្វើ​ដំណើរ​ឡើង​លើ​ តែ​តាម​ពិត​ កំពុង​ធ្វើ​ដំណើរ​ចុះ​ក្រោម​។

ផ្លូវ​ Trollstigen

Trollstigen ជា​ផ្លូវ​កាត់​ខ្វាត់ខ្វែង​តាម​ជ្រលង​ភ្នំ​ស្ថិត​នៅ​ប្រទេស​ Norway ភាគ​ខាងលិច​។ បើ​មើល​ពី​ខាងលើ​ ផ្លូវ​មាន​សភាព​ជា​ខ្សែ​ឆ្នូត​មិន​ត្រង់​ស្មើ​នោះ​ទេ​។ Trollstigen ត្រឹម​អាច​ឆ្លង​កាត់​បាន​ចន្លោះ​ពី​ខែ​ឧសភា​ ដល់​ខែ​តុលា​។ ផ្លូវ​នេះ​បង្កើត​នៅ​ឆ្នាំ​ ១៩៣០ មាន​រថយន្ត​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ​ ប្រមាណ​ ១៥០ ០០០ គ្រឿង​រៀង​រាល់​ឆ្នាំ​។

ផ្លូវ​ Hanshin Expressway

Hanshin Expressway ជា​ផ្លូវ​ព័ន្ធ​ជុំវិញ​រវាង​ក្រុង​ Osaka, Kyoto និង Kobe ក្នុង​ប្រទេស​ជប៉ុន​ ហើយ​ Osaka ជា​ក្រុង​ធំ​ជាងគេ​ មាន​មនុស្ស​ច្រើន​ ចំណុច​នេះ​មាន​ផ្លូវ​ចេញ​មួយ​ពី​ Expressway (ផ្លូវ​ឆ្លង​កាត់​រហ័ស​) តាមរយៈ​អាគារ​ Gate Tower Building ស្ថិត​នៅ​ជាន់​ទី​ ៣។

ផ្លូវ​ Civic Musical

ផ្លូវ Civic Musical ប្រើ​ស្នាម​ឆ្នូតៗ​ មាន​ជម្រៅ​ និង​គម្លាត​ខុសគ្នា​ បង្កើត​ជា​បទភ្លេង​មួយ​ ដូច្នេះ​ពេល​រថយន្ត​បាន​បើក​ឆ្លង​កាត់​ នឹង​លឺ​សំឡេង​។

ផ្លូវ Nordschleife

Nordschleife ជា​ផ្លូវ​ប្រណាំង​មួយ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នានា​ រួម​ទាំង​ Formula On ហើយ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​សាកល្បង​រថយន្ត​ និង​អ្នក​ផលិត​រថយន្ត​ផ្សព្វផ្សាយ​ម៉ូដែល​ថ្មីៗ​ផង​ដែរ​។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ


ប្រភព៖ MNN   ប្រែ​សម្រួល៖ ប៊ុនធឿន