ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​២០១៨ បន្ត​ផ្សព្វផ្សាយ​ដល់​សៀមរាប​ហើយ

  • 2018-05-17 10:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ Cambodia Travel Mart “CTM” 2018 ជា​វេទិកា​ជួប​ជុំ​ពាណិជ្ជករ​ក្នុង​វិស័យ​​ធុរៈ​កិច្ច​ទេសចរណ៍​​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​នោះ បាន​រៀប​ចំ​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​បន្ត​ដល់​ទីរួមខេត្ត​សៀមរាប​ហើយ​កាលពី​ថ្ងៃ​ទី ១០ ឧសភា ២០១៨ នៅ​សណ្ឋាគារ និង​សាល​សន្និសីទ​សុខា ក្រោម​អធិបតីភាព​របស់ ឯក​ឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ​តំណាង​ ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ស្ថាប័ន​រដ្ឋ ផ្នែក​ឯកជន និង​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​។

ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​ប្រចាំ​ឆ្នាំ​នេះ​លេច​ឡើង​ក្រោម​កិច្ច​សហការ​រវាង​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន Slickbooth Holding Co.,Ltd ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១១ ដល់​ថ្ងៃ​ទី ១៣ តុលា ២០១៨ ខាង​មុខ​នេះ​នៅ​​មជ្ឈ​មណ្ឌល​សន្និសីទ និង​ពិព័រណ៍​​​កោះ​ពេជ្រ។

Cambodia Travel Mart “CTM” 2018 ជា​វេទិកា​ជួប​ជុំ​ក្នុង​ការ​ធ្វើ​ធុរៈ​កិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ទេសចរណ៍​ជាតិ​ និង​​អន្តរជាតិ​នា​នា​ ដែល​ជា​ប្រភព​ទី​ផ្សារ​គោល​ដៅ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ រួម​មាន​អ្នក​ទិញ (Buyers) ជាតិ​ និង​អន្តរជាតិ,ពាណិជ្ជករ​ជា​អ្នក​ផ្ដល់​សេវាកម្ម​ជាតិ និង​​​អន្តរជាតិ (Sellers) សរុប​ប្រមាណ ៧០០​ក្រុមហ៊ុន។

ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ទេសចរណ៍​ជាតិ​នា​នា​របស់​ប្រទេស​អាស៊ាន អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ទៀត ដើម្បី​ទិញ​លក់​កញ្ចប់​ទស្សនកិច្ច នៃ​សេវាកម្ម​ទេសចរណ៍ ផ្លាស់​ប្តូរ​ចែក​រំលែក​បទពិសោធន៍ និង​បង្កើត​ភាព​ជា​ដៃគូ​ក្នុង​ធុរៈ​កិច្ច​ជាមួយ​គ្នា សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ពិព័រណ៍ CTM២០១៨នេះ រំពឹង​ថា​នឹង​មាន​ការ​ចូលរួម​ពី​​​អ្នក​ផ្ដល់​សេវាកម្ម (Sellers) ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង ៥០០នាក់ ពាណិជ្ជករ​ជា​អ្នក​ទិញ (Buyers) អន្តរជាតិ​ប្រមាណ​ជាង ២៥០​នាក់ និង សារព័ត៌មាន​ជាតិ និង អន្តរជាតិ​ប្រមាណ ៥០នាក់។ ព្រឹត្តិការណ៍​ខាង​លើ​នេះ​មាន​កម្មវិធី​សំខាន់​ៗ​ជាច្រើន​ដូចជា៖

  • ការ​ណាត់​ជួប​ពិភាក្សា​ក្នុង​ធុរៈ​កិច្ច​តាម​ប្រព័ន្ធ Online
  • សិក្ខាសាលា​អំពី​ប្រធានបទ​ផ្សេង​ៗ​ពាក់​ព័ន្ធ និង​វិស័យ​ទេសចរណ៍
  • ដំណើរ​កម្សាន្ត និង ការ​ដាក់​តាំង​បង្ហាញ​អំពី​ផលិតផល​ ​- សេវាកម្ម​ទេសចរណ៍​នានា​៕

អត្ថបទ​ទាក់ទង៖កាន់​តែ​ធំ​! ពិព័រណ៍​ទេសចរណ៍​កម្ពុជា​​ឆ្នាំ​នេះ មាន​ដល់​ទៅ ៧០០​ក្រុមហ៊ុន​ចូល​រួម

ដោយ​ ៖ ដេត លីដា