មក​ស្គាល់​រថភ្លើង​ដំបូង​គេ​បង្អស់​ ដែល​មិន​បើក​លើ​ផ្លូវ​ដែក

  • 2018-05-17 12:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ដើរ​ដោយ​អគ្គិសនី The Autonomous Rail Rapid Transit (ART) គឺ​ជា​រថភ្លើង​ដំបូង​គេ ដែល​មិន​បើក​លើ​ផ្លូវ​ដែក។

យាន​យន្ត​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ផ្ទាល់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ China Railway Rolling Stock Cooperation (CRRC)។

រថភ្លើង​ ART មាន​ ៣ ផ្នែក (ផ្នែក​ច្រើន​ទៀត​អាច​ត្រូវ​បាន​បន្ថែម​ បើ​សិន​ជា​ត្រូវ​ការ) ហើយ​អាច​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​ចំនួន ៣០៧ នាក់។ ល្បឿន​អតិបរមា​របស់​វា គឺ ៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថភ្លើង​នេះ​មាន​រូបរាង​ ប្រវែង និង​របៀប​ទទួល​អ្នក​ដំណើរ ដូច​រថភ្លើង​ធម្មតា​ដែរ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ការ​រត់​ចម្ងាយ ២៥ គីឡូម៉ែត្រ វា​ត្រូវ​ការ​ ការ​សាក​ថ្ម​ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ។

លើស​ពី​នេះ ART មិន​ត្រូវ​ការ​ផ្លូវ​ដែក​ឡើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ។ វា​មាន​កង់​ធ្វើ​ពី​កៅស៊ូ ហើយ​រត់​លើ​ផ្លូវ​ធម្មតា​តាម​គំនូស​សៗ​គូស​ជា​តម្រាយ​ផ្លូវ។ ​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ Sensor ដើម្បី​ធានា​សុវត្ថិភាព​ អាទិភាព និង​កម្រិត​ល្បឿន។

បច្ចុប្បន្ន យានយន្ត​មួយ​នេះ មាន​សមត្ថភាព​បើក​បរ​ទៅ​មុខ​ក្នុង​លក្ខណៈ​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ (មាន​ន័យ​ថា​ពាក់​កណ្ដាល​ទៀត​មនុស្ស​ជា​អ្នក​រៀប​ចំ​ឲ្យ​ដំណើរ​ការ)។ ទោះ​ជា​យ៉ាង​ណា បើ​តាម​បណ្ដា​វិស្វករ​ដែល​ផលិត​រថភ្លើង ART បាន​លើក​ថា វា​នឹង​អាច​បើក​ដោយ​ស្វ័យប្រវត្តិ​នា​ពេល​អនាគត ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ Beidou Navigation System។

វា​មាន​តម្លៃ​ត្រឹម​តែ ១ ភាគ​ ៥ ​ប៉ុណ្ណោះ​នៃ​រថភ្លើង​ប្រពៃណី។ បើ​តាម​ Xinhua រថភ្លើង​ប្រពៃណី​រត់​លើ​ផ្លូវ​ដែក​នៅ​ចិន​មាន​តម្លៃ​ចន្លោះ​ពី ២២,៦ ទៅ ៣១,៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

សូម​បញ្ជាក់​ផង​ដែរ រថភ្លើង ARTត្រូវ​បាន​ដាក់​ឲ្យ​រត់​សាកល្បង​លើក​ដំបូង​កាល​ពី​តុលា​ឆ្នាំ​មុន។ យានយន្ត​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ដំណើរ​សាកល្បង​ម្ដង​ទៀត កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ទីក្រុង Zhuzhou ប្រទេស​ចិន។

សូមទស្សនាវីដេអូនៃការរត់សាកល្បងនៃ ART កាលពីខែតុលាកន្លងទៅ៕

ប្រភព៖ Xinhua | Chinadaily   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម