ទ័ព​អត់​​កីឡាករ​​បរទេស​សំខាន់​​៣​នាក់​ប៉ះ​វិសាខា​រសៀល​នេះ​​

  • 2018-05-19 01:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ ក្រសួង​ការពារ​ជាតិ​​​​​អវត្តមាន​​​កីឡាករ​បរទេស​សំខាន់​ៗ​ដល់​ទៅ​៣​នាក់​នៅ​​ពេល​ធ្វើ​ជា​ភ្ញៀវ​ទៅ​ស្វែង​រក​​៣​ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​ជា​ចំណូល​​ថ្មី​វិសាខា​ សប្តាហ៍​ទី​៦​នៃ​លីគ​កំពូល​កម្ពុជា​នៅ​កីឡដ្ឋាន​វេស្ទើន​វេលា​ម៉ោង​៣​រសៀល​នេះ។

លោក ភា សុភ័ត្ត្រា

តាម​ការ​ឲ្យ​ដឹង​ពី​លោក ភា សុភ័ត្ត្រា គ្រូ​បង្គោល​ក្រសួង​ការពារ​ជាតិ​ថា កីឡាករ​ខ្សែ​បម្រើ​លេខ​៦​ជន​ជាតិ​ជប៉ុន​ Yudia Ogawa មិន​អាច​លេង​បាន​ទេ​សប្តាហ៍​នេះ​ដោយ​សារ​ជាប់​ពិន័យ​១​ប្រកួត។ ​កីឡាករ​ជប៉ុន​រូប​នេះ​ជា​​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​​ឲ្យ​ក្រុម​ទ័ព​​៥​សប្តាហ៍​កន្លង​ទៅ​នេះ។ ថ្វី​បើ​លេង​ក្នុង​តំណែង​បម្រើ​ ប៉ុន្តែ​រក​បាល់​បាន​៤​គ្រាប់​​ក្នុង​នោះ​សប្តាហ៍​ទី​១​ស៊ុត​ចូល​អង្គរថាយហ្គឺរ​១​គ្រាប់ ​សប្តាហ៍​ទី​៣​ស៊ុត​ចូល​អាស៊ី​អឺរ៉ុប​១​គ្រាប់​ និង​សប្តាហ៍​ទី​​៤​ស៊ុត​ចូល​វេស្ទើន​ភ្នំពេញ​​២​​គ្រាប់។​

ក្រៅ​ពី​បាត់​បង់​កីឡាករ​ជប៉ុន​សំខាន់​នោះ ​​ខ្សែ​​ការពារ​សញ្ជាតិ​​កូរ៉េ​ខាង​ត្បូង​​លេខ​២០ Yoo Jae-ho ​ក៏​មិន​អាច​លេង​បាន​​ដែរ​​ដោយ​​សារ​​មាន​ជំងឺ​គ្រុន​ឈាម។ ចំណែក​កីឡាករ​ជប៉ុន​លេខ​៨​​​ត្រូវ​បាន​​ក្លឹប​​បញ្ឈប់​កិច្ច​សន្យា​​បាត់​ហើយ​ ដូច្នេះ​ការ​ប្រកួត​ថ្ងៃ​នេះ​ក្រសួង​ការពារ​ជាតិ​​មាន​កីឡាករ​បរទេស​តែ​២នាក់​គឺ​​លេខ​៩​​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ Na Hyo-sang និង​លេខ​១០​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ Song Chi-hun។ ​

ក្រុម​ក្រសួង​ការពារ​ជាតិ

យ៉ាង​ណា លោក ភា សុភ័ក្ត្រា​ និយាយ​ថា ៖«ខ្ញុំ​រំពឹង​ថា​ ទ័ព​នឹង​ស្តារ​កិត្តិយស​ និង​ស្វែង​រក​ជ័យជម្នះ​មក​វិញ ក្រោយ​ពីរ​ចាញ់​ក្រុម​ដែល​មាន​កម្រិត​ប្រជែង​ខ្ពស់​ប្រហាក់​​ប្រហែល​គ្នា។ ពួកគាត់​នឹង​លេង​បាន​ល្អ​ដោយ​ឆន្ទៈ​ខ្ពស់​ ស្ថានភាព​វិសាខា​ ដែល​ធ្លាប់​ដឹង​ និង​បាន​មើល​ការ​លេង​របស់​ពួក​គេ​កន្លង​មក​ គឺ​ខ្ញុំ​ទទួល​ស្គាល់​ថា​ ក្រុម​គេ​ពិត​ជា​មាន​កម្រិត​​ប្រកួត​ប្រជែង​ខ្ពស់​មួយ​ដែរ​ បើ​ប្រៀប​ធៀប​ជា​មួយ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន»។

ស្ថិតិ​៥​ប្រកួត​​ក្នុង​លីគ​​កន្លង​ទៅ​ ​ក្រសួង​ការពារ​ជាតិ​​ឈ្នះ​៣ និង​ចាញ់​២​ដោយ​មាន​៩​ពិន្ទុ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥។ សប្តាហ៍​ទី​១​ ឈ្នះ​ អង្គរ​ថាយហ្គឺរ​ ១-០, សប្តាហ៍​ទី​២ ចាញ់​ ភ្នំពេញ​ក្រោន​ ២-០, សប្តាហ៍​ទី​៣​ ឈ្នះ​ អាស៊ី​អឺរ៉ុប​ ២-១, សប្តាហ៍​ទី​៤ ឈ្នះ​ វេស្ទើន​ភ្នំពេញ​ ៨-០ និង​សប្តាហ៍​ទី​៥៖ ចាញ់​ បឹងកេត​ ២-០៕

កីឡាករ Na Hyo-sang
ពេល​ការពារ​ជាតិ​ប្រកួត​នឹង​ភ្នំពេញ​ក្រោន

អត្ថបទ៖ ជាន ចាន់រ៉ា