ក្រោយ​​បើក​អាជីវកម្ម​ជាង ៩ ឆ្នាំ Metfone សម្រេច​ផ្លាស់ប្តូរ​ស្លាក​ឡូហ្គោថ្មី

  • 2018-05-21 07:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Metfone ជា​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា បាន​សម្រេច​ប្ដូរ​ស្លាក​ឡូហ្គោ​ថ្មី​ពី​បៃតងក្រម៉ៅ​ជា​ពណ៌​ក្រហម។ ការ​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​ថា ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​និង​ការ​នាំ​ភាព​ស្រស់ថ្លា​ឡើង​វិញ​សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម។

រូបឡូហ្គោ​ចាស់ដែលនឹង​ប្តូរ​ថ្មីជា​ពណ៌​ក្រហម​នៅ​ពេល​ខាង​មុខ

លោក ញ៉ុង ឌិនថន អគ្គនាយក​រង​ក្រុមហ៊ុន Metfone បាន​ប្រាប់​ថា ការ​ផ្លាស់ប្ដូរ​នេះ​ជា​ការវិវត្តន៍​មិនមែន​ជា​បដិវត្ត​ទេ។ ក្រុមហ៊ុន​នៅ​តែ​រក្សា​តម្លៃ​ស្នូល​នៃ​ពាក្យ​ស្លោក "កាន់​តែ​ជិតស្និទ្ធ" ក្នុង​នាម​ជា​ប្រតិបត្តិការ​ទូរសព្ទ​ធំ​បំផុត​នៅ​កម្ពុជា។

អគ្គ​នាយក​ធំ​ក្រុមហ៊ុនទូរសព្ទ​ដែលចាប់​ចំណែកទីផ្សារ​​​អ្នកប្រើប្រាស់​បាន​ជាង ៨ លាន​នាក់ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ពណ៌​ក្រហម​គឺ​ជា​ពណ៌​ដ៏​ស្រស់​ស្អាត​បែប​វ័យ​ក្មេង​និង​បង្ហាញ​ពី​ភាព​រឹងមាំ។ លោក​ទទួល​ស្គាល់​ថា Metfone ដំណើរការ​ជាង ៩ ឆ្នាំ ដល់​ពេល​ដែល​ត្រូវ​ផ្លាស់ប្តូរ សម្រាប់​ការ​នាំការ​ច្នៃ​ប្រឌិត​ថ្មីៗ​ទាំង​សេវាកម្ម​និង​ផលិតផល ស្រប​តាម​ទំនោរ​អ្នកប្រើប្រាស់​និង​របត់ប្រែប្រួល​របស់​សង្គម។

ចាប់ផ្ដើម​ប្រតិបត្តិការ​សេវា​ទូរសព្ទ​នៅ​ឆ្នាំ ២០០៩ គិតមក​ដល់ពេល​នេះ Metfone បាន​ចំណាយ​ទុន​វិនិយោគ​ជាង ៦០០ លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ពន្ធ។ ជាមួយ​ស្ថានីយ​ផ្សាយ​សេវា​ជាង ១០ ០០០ អង់តែន និង​បណ្ដាញ​ខ្សែ​កាប​អុបទិក​ជាង ២៣ ០០០ គីឡូម៉ែត្រ បាន​គ្រប​ដណ្ដប់ ២៥ ខេត្ត​ក្រុង និង​៩៩​ភាគរយ​នៃ​ប្រជាជន​កម្ពុជា។

អត្ថបទ៖ ប៊ុណ្ណារ៉ា