មក​ដឹង​ពី​រឿង​រ៉ាវ​ស្នេហា​ដ៏​​គួរ​ឲ្យ​ស្រលាញ់​របស់​តួ​ "Deadpool” និង​ភរិយា

  • 2018-05-23 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Ryan Reynold ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ Deadpool តាម​ពិត​មាន​រឿង​រ៉ាវ​ស្នេហា​គួរ​ឲ្យ​ស្រលាញ់​ជាមួយ​ភរិយា​របស់​ខ្លួន Black Lively។

Ryan និង​ភរិយា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​គូស្នេហ៍​ដ៏​សម​គ្នា​មួយ​នៅ​ក្នុង​វិស័យ​ភាពយន្ត​នៅ​ហូលីវូដ។ អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល​អស់​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ​ ចំណែក​ឯ​​រឿង​រ៉ាវ​ស្នេហា​អ្នក​ទាំង​ពីរ​វិញ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ច្រណែន​មិន​ចេះ​តិច។

ពួក​គេ​បាន​ជួប​គ្នា​ដំបូង​នៅ​ពេល​សម្ដែង​រឿង "Green Lantern” កាល​ពី​ឆ្នាំ​២០០៩ ខណៈ​ពេល​នោះ Ryan ជា​ស្វាមី​របស់​តារា​សម្ដែង Scarlett Johansson ខណៈ​ឯ Blake Lively កំពុង​តែ​ទាក់​ទង​ជាមួយ​តារា​សម្ដែង​ Penn Badgley ខណៈ​ពេល​សម្ដែង​រឿង​ភាគ​ល្បី "Gossip Girl”។

ក្រោយ​មក​អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​យ៉ាង​ច្រើន ដើម្បី​ផ្សព្វផ្សាយ​រឿង "Green Lantern” ពេល​នោះ​ពួក​គេ​មើល​ទៅ​គឺ​ដូច​ជា​គូស្នេហ៍​ពិត​ប្រាកដ​អីចឹង។

រហូត​ដល់​ឆ្នាំ ២០១០ Blake បាន​បែក​បាក់​ជាមួយ​សង្សារ​ខ្លួន​ដែល​បាន​នៅ​ជាមួយ​គ្នា​រាប់​ឆ្នាំ ខណៈ Ryan កំពុង​តែ​បញ្ចប់​ការ​លែង​លះ​ផ្លូវ​ការ​ជាមួយ​អតីត​ភរិយា Scarlett Johansson នៅ​ខែ​កក្កដា។ មូលហេតុ​មួយ​សំខាន់​នៃ​ការ​បែក​បាក់​គឺ​ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​ខ្លាំង​ពេក​របស់ Scarlett។

នៅ​ខែ​កញ្ញា​ឆ្នាំ​ ២០១២ គូស្នេហ៍​មួយ​គូ​នេះ​បាន​រៀបការ​យ៉ាង​សំងាត់​នៅ​រដ្ឋ South Carolina សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ទាក់ទង​គ្នា​ជិត​មួយ​ឆ្នាំ។ អ្នក​ទាំង​ពីរ​បាន​ប្រារព្ធ​កម្មវិធី​ជួប​ជុំ​មួយ​ជាមួយ​បងប្អូន​និង​មិត្តភ័ក្ដិ​។ មុន​ពេល​រៀប​ការ​ Blake Lively បាន​សារភាព​ប្រាប់​ទស្សនាវដ្ដី Allure ថា​នាង​មិន​ដែល​សប្បាយ​ចិត្ត​ដូច​ពេល​នេះ​ទេ។

តាំង​ពី​រៀប​ការ​មក អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កំពូល​ប្ដី​ប្រពន្ធ​​ល្អ​មួយ​នៅ​ហូលីវូដ។ ទោះ​បី​ជា​មិន​មាន​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ភាពយន្ត​ដូច​ Scarlett, Blake ត្រូវ​បាន​គេ​ស្រលាញ់​ពេញ​ចិត្ត​ដោយ​សារ​សម្រស់​ស្រស់​ស្អាត ភាព​រីករាយ​រាក់​ទាក់​ និង​គ្មាន​រឿង​អាស្រូវ​ផ្សេងៗ​ជា​ដើម។

នៅ​ឆ្នាំ ២០១៤ តួ​រឿង "Gossip Girls” រូប​នេះ​មាន​ផ្ទៃ​ពោះ​កូន​ស្រី​ដំបូង។ Ryan និយាយ​ថា "តាំង​ពី​យើង​មាន​កូន​មក ខ្ញុំ​ស្រលាញ់​ភរិយា​ខ្ញុំ​ជាង​អ្វី​ទាំង​អស់​ក្នុង​ជីវិត​របស់​ខ្ញុំ។

ទោះ​បី​ជា​អ្នក​ទាំង​ពីរ​រស់​នៅ​ក្នុង​ជីវិត​យ៉ាង​ឯក​ជន​ជាមួយ​គ្នា និង​រវល់​ការងារ​សិល្បៈ​រៀង​ៗ​ខ្លួន ក៏​អ្នក​ទាំង​ពីរ​មិន​ដែល​បែក​គ្នា​ក្នុង​រយៈ​ពេល​ច្រើន​ជាង​មួយ​អាទិត្យ​ដែរ។

រហូត​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​តែ​ជិតស្និទ្ធ​ដូច​គូ​ស្នេហ៍​ថ្មោង​ថ្មី ទោះ​ជា​មាន​កូន​២​ជាមួយ​គ្នា​ហើយ​ក៏​ដោយ និយាយ​រួម​គឺ​បេះ​មិន​ចេញ​តែ​ម្ដង៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម