រឿងភាគអាពាហ៍ពិពាហ៍​ក្នុងកុងត្រាទាំង៧ អ្នកមើលសរសើរកប់ៗមាត់គ្រប់ពេល

  • 2018-05-24 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​កូរ៉េ​ល្បី​ភាគ​ច្រើន​បាន​បង្កើត​ជា​ទស្សីយភាព​ប្លែក​មិន​ធ្លាប់​មាន​ដល់​អ្នក​មើល​ កើត​ចេញ​ពី​ការ​ដក​ស្រង់​នូវ​រឿងរ៉ាវ​ពិត​ក្នុង​សង្គម បូករួម​នឹង​គំនិត​ច្នៃប្រឌិត​ ដើម្បី​ឲ្យ​រឿង​នោះ​កាន់​តែ​មាន​សោភ័ណ។ តួ​យ៉ាង​ដូច​រឿង​កូរ៉េ​ទាំង ៧ខាង​ក្រោម​នេះ សុទ្ធ​តែ​មាន​សាច់​រឿង​ប្រហាក់ប្រហែល​គ្នា​ និយាយ​ពី​អាពាហ៍ពិពាហ៍​កុងត្រា ពោល​មុន​ពេល​រៀបការ​តួ​ប្រុសស្រី​សុទ្ធ​តែ​គ្មាន​ចិត្ត​ឲ្យ​គ្នា។

ប៉ុន្តែ​ក្រោយ​មក​ចំណងអាពាហ៍ពិពាហ៍​កើត​ចេញ​ពីកុងត្រា​នេះ​ ក៏​ទាញ​តួ​ទាំង​ ២​ស្រឡាញ់​គ្នា​ឲ្យ​ទាល់​តែ​បាន។​ក្នុង​ចំណោម​រឿង​ទាំង​នោះ​មាន​ ៧​​រឿង​ដែល​គ្រប់​គ្នា​ចាំ​មិន​ភ្លេចទល់សព្វថ្ងៃ រួម​មាន៖

១ . រឿង "Sweet 18” បញ្ចាំង​ឆ្នាំ ២០០៤

មង្គលការ​ក្នុង​រឿង​នេះ​ កើត​ឡើង​ចេញពី​ការ​ផ្សំផ្គុំ​របស់​ចាស់ទុំ​ទាំង​សងខាង ទោះ​បី​ស្អប់គ្នា​ តែ​គ្មានជម្រើស​សម្រាប់​តួ​ប្រុសស្រី​ទាំង​ ២​ទេ។ អ្វី​ដែល​ជា​បញ្ហា​ធំ​នោះ​គឺ តួ​ស្រី​ដែល​សម្ដែង​ដោយ​ Han Ji Hye ទើប​នៅ​ជា​សិស្ស​វិទ្យាល័យ​អាយុ​ ១៨​ឆ្នាំ ខណៈ​តួ​ប្រុស​សម្ដែង​ដោយ​ Lee Dong Gun មាន​អាយុ​បង​នាង​ដល់ទៅ​ ១០ឆ្នាំ ហើយ​រាល់​ថ្ងៃ​ផ្ដោត​តែ​លើ​ការងារ​ប៉ុណ្ណោះ។ ទោះ​បី​រៀបការ​ជាមួយ​គ្នា​ តែ​អ្នក​ទាំង​ ២​សម្រេច​រស់​នៅ​បែក​គ្នា​ដើម្បី​សុខ​រៀងខ្លួន រហូត​ដល់​ពេល​មួយដែល​ពួកគេ​ចាប់​ផ្ដើម​យល់​ចិត្ត​គ្នា។

២. រឿង​ "Full House” ឬ "បំណុល​ផ្ទះ​ជំពាក់ស្នេហ៍” ចេញ​ឆ្នាំ ២០០៤

គ្រាន់​តែ​ឮ​ចំណងជើង​រឿង​ ប្រិយមិត្ត​នឹក​ឃើញ​មុន​គេ គឺ​តួ​អង្គ​២នាក់ លីយ៉ុងចេ និង​ហាន់​ ជីអ៊ុន។ តួ​ទាំង​ គឺ​ជា​ប្ដី​ប្រពន្ធ​កុងត្រា​ ដែល​រៀបការ​ដោយ​បង្ខំ​ ដោយសារ​ខាងប្រុស​មាន​បំណង​ចង់​បញ្ឈឺ​សង្សារ​ចាស់ រីឯ​ខាង​ស្រី​គ្មាន​លុយ​សង​តួប្រុស ក្រោយ​ពេល​ផ្ទះ​ខ្លួន​តួ​ប្រុស​ទិញ​យក។ មង្គល​ការ​ក្លែង​ក្លាយ​ ធ្វើ​ឲ្យ​អ្នក​ទាំង​ ២​ រួម​សុខរួម​ទុក្ខជាមួយ​គ្នា​ក្រោម​ដំបូល​ផ្ទះ​តែមួយ​ជាមួយគ្នា​គ្រប់​រឿងរ៉ាវ។ ងារម្មណ៍​ស្នេហា​កើតឡើង​ដោយ​មិនដឹង​ខ្លួន ហើយ​ចុង​បញ្ចប់​អ្នក​ទាំង​ ២​ក៏​ស្រឡាញ់​គ្នាក្នុង​នាម​ជាប្ដីប្រពន្ធ​ពិត​ប្រាកដ។

៣. រឿង​ "Sassy Girl, Chun Hyang” បញ្ចាំង​ឆ្នាំ ២០០៥

ភាពយន្ត​ភាគ​មួយ​នេះ​វិញ​ ចាប់​ផ្ដើម​ដំបូង​គឺតួ​ស្រី​ Chun Hyang(សម្ដែង​ដោយ​ Han Chae Young) និង​ Mong Ryong (សម្ដែង​ដោយ​ Jae Hee) ​បាន​ដេក​ក្នុង​បន្ទប់​មួយ​ជាមួយ​គ្នា​ដោយ​ចៃដន្យ ​រហូត​សាលា​ដឹង​ក៏​បាន​គំរាម​បណ្ដេញ​ចេញ។ គ្មាន​ជម្រើស​ឪពុក​ម្ដាយ​ពួកគេ​ក៏​បាន​កុហក​ថា​ អ្នក​ទាំង​ ២​ជា​គូ​ដណ្ដឹង​នឹង​គ្នា ហើយ​ក្រោយ​ក៏​បាន​រៀបការ​ជាមួយ​គ្នា​តែ​ម្ដង។

៤. រឿង​ "Goong” ឬ "ក្រមុំឡិកឡក់កំលោះទុយមុយ" បញ្ចាំង​ឆ្នាំ ២០០៦

នេះ​ គឺជា​រឿង​ភាគ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិនធម្មតា​ជុំ​វិញ​ទ្វីប​អាស៊ី ដោយសារ​វា​បាន​ផ្ដោត​សំខាន់​លើ​សិស្ស​វិទ្យាល័យ​ម្នាក់ (សម្ដែង​ដោយ​ Yoon Eun Hye) និង​ព្រះអង្គ​ម្ចាស់​ស្នង​រាជ្យ​ (សម្ដែង​ដោយ​ Joo Ji Hoon)ដែល​ត្រូវ​រៀបការ​នឹង​គ្នា គោរព​តាម​ពាក្យ​បណ្ដាំ​របស់​ជីតា​ទាំង​សងខាង។ តាំង​ពី​ជួប​គ្នា​ដំបូង​ តួ​ទាំង​ ២​ឈ្លោះ​គ្នា​ឥត​ល្ហែ​ សូម្បី​ថ្ងៃ​រៀបការ​ក៏ដោយ។ ប៉ុន្តែ​យូរៗទៅ ក្ដី​ស្នេហ៍​ក៏​កើត​មាន​ក្នុង​អារម្មណ៍​រៀងៗខ្លួន ហើយ​ស្រឡាញ់​គ្នា​ខ្លាំង​ សឹង​បាត់មុខ​មិន​បាន។

៥. រឿង​ "Prime Minister and I” បញ្ចាំង​ឆ្នាំ ២០១៣

និយាយ​ពី​អ្នក​សារព័ត៌មាន​ម្នាក់​ សម្ដែង​ដោយ​ Yoona ដែល​តាម​ដាន​ជីវិត​រស់​នៅ​របស់​នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​ Kwon Yul (សម្ដែង​ដោយ​ Lee Beom Soo) គ្រប់ពេល។ នៅ​ពេល​ថ្ងៃ​មួយ​ មហាជន​ចាប់​បាន​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​ ២​ ហើយ​ដោយ​គិត​ថា​វា​ជះឥទ្ធិពល​ដល់​ការងារ​នយោបាយ តួ​ទាំង​ ២​ក៏​សម្រេច​រៀបការ​ជាមួយ​គ្នា តែ​ស្ថិត​ក្រោម​កុង​ត្រា។

៦. រឿង​ "Marriage Contract” បញ្ចាំង​ឆ្នាំ ២០១៦

​តារាសម្ដែង​ Han Ji Hoon និង​ Kang Hye Soo បាន​ក្លាយ​ជា​តួ​ឯក​ដែល​តម្រូវ​ឲ្យ​រៀបការ​នឹង​គ្នា​ ដោយសារ​កុងត្រា និង​បំណង​របស់​ម្ដាយ​របស់ពួកគេ។ដោយសារ​ជា​គូព្រេង​ពិតៗ យូរៗទៅ​ប្ដីប្រពន្ធ​កុងត្រា ទាំង​ ២​ក៏​ផ្ដើម​ស្រលាញ់​គ្នា។

៧. រឿង​ "Because This Is My First Life” បញ្ចាំង​ឆ្នាំ ២០១៧

បន្ទាប់​ពី​ជួប​គ្នា​ត្រឹម​តែ ២-៣ថ្ងៃ​ តួប្រុស​ស្រី​សម្ដែង​ដោយ​ Lee Min Ki និង​ Jung So Min ក៏​បង្ខំ​ចិត្ត​រៀបការ​ជាមួយ​គ្នា​ ផ្អែក​លើ​ហេតុផល​ជា​ច្រើន។ រឿងរ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ក្លែង​ក្លាយ​នេះ​ ដោយ​បង្កើត​ជាផ្ទាំង​ទស្សីយភាព​អស្ចារ្យ​មិនអាច​បំភ្លេច​បាន៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម