ហួស​ចិត្ត! គោ​មួយក្បាលនឹងត្រូវកាត់ទោសប្រហារជីវិត ក្រោយលួចឆ្លងដែនខុសច្បាប់

  • 2018-06-03 02:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោ​មួយ​ក្បាល​ដែល​បាន​រត់​ចេញ​ពី​កសិដ្ឋាន​ក្នុង​ប្រទេស ប៊ុលហ្គារី ហើយ​ឆ្លង​ដែន​ចេញ​ពី​ប្រទេស នឹង​ត្រូវ​សម្លាប់​ចោល​ដោយ​ការ​បារម្ភ​ពី​សុវត្ថិភាព។

យោង​តាម MailOnline ឲ្យ​ដឹង​ថា គោ​ពណ៌​ក្រហម​មួយ​ក្បាល​នេះ​បាន​រត់​ចេញ​ពី​ភូមិ Kopilovtsi ហើយ​ឆ្លង​ចូល​ប្រទេស Serbia ដោយ​ខុស​ច្បាប់។ ទោះ​យ៉ាង​ណា​ក៏​ដោយ រយៈ​ពេល​ពីរ​សប្ដាហ៍​ក្រោយ​មក វា​ត្រូវ​កសិករ​ម្នាក់​ចាប់​បាន​និង​ប្រគល់​ឲ្យ​ម្ចាស់​វិញ ប៉ុន្តែ​អាជ្ញាធរ​និយាយ​ថា​នឹង​ត្រូវ​សម្លាប់​សត្វ​គោ​នេះ​ចោល​ដោយ​សារ​ច្បាប់​ដ៏​តឹងតែង​របស់​សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​សត្វ​ដែល​នាំ​ចូល​ទាំង​អស់​ត្រូវ​មាន​ឯកសារ​បញ្ជាក់​ថា​ពួកវា​មាន​សុខភាព​ល្អ។

លោក Harlampiev ជា​ម្ចាស់​គោ​ឲ្យ​ដឹង​ថា "សត្វ​គោ​នេះ​បាន​ចេញ​ពី​ព្រំ​ដែន​សហភាព​អឺរ៉ុប ដូច្នេះ​មិន​អាច​នាំ​ចូល​មក​វិញ​បាន​ទេ។ ទោះ​បី​ជា​ពេទ្យ​សត្វ ពិនិត្យ​ឃើញ​ថា​វា​នៅ​មាន​សុខភាព​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​អាជ្ញាធរ​ប៊ុលហ្គារី​ទាមទារ​ថា​ត្រូវ​តែ​សម្លាប់​វា​ដោយ​គ្មាន​ការ​ពន្យារ​ពេល។"

គួរ​ឲ្យ​ដឹង​ថា Serbia ជា​ប្រទេស​មួយ​ដែល​មិន​ទាន់​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ឡើយ​ទេ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​នៅ​ឡើយ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន