វិបត្តិ​ Chelsea៖ ប្រធាន​ក្លឹប​​ផុតកំណត់ Visa កីឡាករ​មិន​ទាន់​បន្ត​កុង​ត្រា គ្រូ​បង្វឹក​ស្រពិចស្រពិល

  • 2018-06-03 09:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្រេចចិត្ត​របស់​លោក Roman Abramovich ​ម្ចាស់​ក្លឹប​តោ​ខៀវ​ក្នុង​ការ​លុប​ចោល​គម្រោង​ជួសជុល​កីឡដ្ឋាន Stamford Bridge ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​បណ្ដាល​មក​ពី​បញ្ហា​ដ៏​ស្មុគស្មាញ​ពិបាក​ដោះ​ស្រាយ។

បន្ទាប់​ពី​ក្លាយ​ជា​​ម្ចាស់​ក្លឹប​នៅ​ Chelsea អស់​រយៈ​ពេល​១៥​ឆ្នាំ សេដ្ឋី​រុស្ស៊ី​បាន​​សម្រេច​​ពង្រីក​កីឡដ្ឋាន ដែល​ធ្លាប់​ផ្ទុក​ទស្សនិកជន​បាន​ប្រមាណ ៤ ម៉ឺន​នាក់ ​ដល់​ ៦ ម៉ឺន​នាក់ ដោយ​ចំណាយ​ទុន​វិនិយោគ​ជាង ១,៣ ប៊ីលាន​ដុល្លារ ប៉ុន្តែ​លោក​បាន​សម្រេច​​ដក​លុយ​ទាំង​នោះ​ចេញ​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយសារ​​អង់គ្លេស​មិន​ទាន់​សម្រេច​បន្ត​ទិដ្ឋាការ​ឲ្យ​លោក បន្ទាប់​ពី​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​រវាង អង់គ្លេស-រុស្ស៊ី។ នេះ​បើ​តាម​ The Guardian ទើប​បាន​ចុះ​ផ្សាយ។

លោក Conte បាន​ទទួល​ស្គាល់​ថា អនាគត​របស់​លោក​ជាមួយ​ក្លឹប​តោ​ខៀវ​កាន់តែ​ផុយ​ស្រួយ​បើ​ទោះ​ជា​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​បាន​ជួយ​ក្លឹប​សេដ្ឋី​រុស្ស៊ី​លើក​ពាន FA Cup យ៉ាង​ណា​ក្តី។ ចំពោះ​ភាព​ស្រពិចស្រពិល​នៃ​អនាគត​គ្រូ​បង្វឹក​នេះ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​កីឡាករ​ជា​ច្រើន​ក្នុង​ក្លឹប​​​​មិន​ពេញ​ចិត្ត។ តួយ៉ាង Cesar Azpilicueta ដែល​ជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្លឹប ក៏​ដូច​ជា Olivier Giroud សុទ្ធ​តែ​មិន​ចង់​ឃើញ Conte ចាក​ចេញ​ឡើយ។

ដោយ​ឡែក តួ​សំខាន់ Eden Hazard នឹង​ត្រូវ​ផុត​កុងត្រា​នៅ​ដើម​ខែ​​សីហា​នេះ ប៉ុន្តែ​តារា​ឆ្នើម​បែលហ្ស៊ិក​មិន​ទាន់​សម្រេច​ថា​បន្ត ឬ មិន​បន្ត​​កុងត្រា​នៅ​ឡើយ។ ស្រដៀង​គ្នា​នេះ​ដែរ អ្នកចាំទី Thibaut Courtois បាន​ពន្យារពេល​ចុះ​កុងត្រា​ជាមួយ​ Chelsea រហូត​ដល់​ចប់ ​World Cup ខណៈ​ដែល​កុងត្រា​​បច្ចុប្បន្ន​របស់​អ្នកចាំទី​កម្ពស់ ១,៩៩ ម៉ែត្រ​សល់​តែ​១២​ខែ​ប៉ុណ្ណោះ។

អតីត​នាយក​ប្រតិបត្តិ​របស់​ក្លឹប​តោ​ខៀវ លោក Trevor Birch បាន​និយាយ​ថា "ប្រសិន​បើ​បញ្ហា​ទិដ្ឋាការ​មិន​ត្រូវ​បាន​ដោះស្រាយ ខ្ញុំ​គិត​ថា​អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ។ ប្រាកដ​​ណាស់​ថា វា​គឺ​ជា​​កង្វល់​មួយ​ [សម្រាប់ Chelsea] ពេល​នេះ"។

ប៉ុន្តែ​លោក ​Trevor Birch មើល​ឃើញ​បែប​វិជ្ជមាន​យ៉ាង​ដូច្នេះ​ថា បើ​ទោះ​ជា Abramovich មិន​អាច​សុំ​​ទិដ្ឋាការ​ប្រកប​ជំនួញ​បាន ក៏​លោក​អាច​ប្រើ​ទិដ្ឋាការ​ទេសចរ​ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​ក្លឹប​​តោ​ខៀវ​អាច​ស្នាក់​នៅ​អង់គ្លេស​បាន​៦​ខែ​​​​ក្នុង​ពេល​ចេញ​ចូល​១​លើកៗ​ដែរ។

ម្យ៉ាង​ទៀត ជាមួយ​ការ​កើន​ឡើង​នៃ​ការ​ទិញ​សិទ្ធិ​ផ្សាយ​របស់​ទូរទស្សន៍ បើ Man Utd អាច​រក​ចំណូល​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​បាន ៤ ប៊ីលាន​ដុល្លារ (៤ ពាន់​លាន​ដុល្លារ) ក៏ Chelsea អាច​រក​​បាន ២ ប៊ីលាន​ដុល្លារ​ ពី​ការ​លក់​សិទ្ធិ​ផ្សាយ​​ផង​ដែរ។ លោក​ ​Trevor Birch បន្ត៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម