ម៉ូតូ​ PCX Hybrid នឹង​ចេញ​លក់​មុន​គេ​​​ក្នុង​​ប្រទេស​មួយ នៅ​អាស៊ាន​

  • 2018-06-05 02:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Concept ម៉ូតូ​ PCX ប្រើ​ម៉ាស៊ីន​ Hybrid ​បាន​បង្ហាញ​ចេញ​កាល​ពី​ចុង​ឆ្នាំ​ ២០១៧ ​ដោយ​​សង្កេត​ឃើញ​ថា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន។ កត្តា​នេះ​ជំរុញ​ឲ្យ​ Honda នឹង​ផលិត​ម៉ូតូ​ប្រភេទ​នេះ​លក់​លើ​ទីផ្សារ ដោយ​នឹង​លក់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មុន​គេ។

​ក្រុមហ៊ុន​ PT Astra Honda Motor ដែល​ជា​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី នឹង​ធ្វើ​ការ​ផលិត​​ម៉ូតូ​នេះ​នៅ​រោងចក្រ​ Sunter ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ម៉ូតូ​ PCX Hyrid នេះ​ នឹង​លក់​រាយ​ក្នុង​តម្លៃ​ប្រមាណ​ ២ ៨៧០ ដុល្លារ។

ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid របស់​ម៉ូតូ​ PCX នេះ​នឹង​ជួយ​បន្ថែម​កម្លាំង​ដល់​ម៉ាស៊ីន​ចំណុះ​ ១៤៩,៣ សេសេ ​របស់​ម៉ូតូ​ នៅ​ពេល​បើកបរ​ក្នុង​ស្ថានភាព​លឿន​ ដោយ​មិន​មាន​តួនាទី​ជួយ​សន្សំសំចៃ​ប្រេង​សាំង​ដូច​ប្រព័ន្ធ Hybrid លើ​រថយន្ត​នោះ​ទេ។

ម៉ូតូ​ PCX Hybrid មាន​ប្រភេទ​បើកបរ​ចំនួន​ ៣ ដែល​អាច​ផ្លាស់​ប្ដូរ​បាន​តាម​រយៈ​កុងតាក់​នៅ​ខាង​ឆ្វេង​ដៃ មាន​ដូច​ជា​ "D” សម្រាប់​ការ​បើកបរ​ធម្មតា, “S” សម្រាប់​ការ​បើកបរ​ដែល​ត្រូវ​ការ​កម្លាំង​​ខ្លាំង និង មួយ​ទៀត​ "Idling” ដែល​អាច​កាត់​ផ្ដាច់​មុខងារ​ Idling Stop System។

ចំណុច​ពិសេស​ផ្សេង​ទៀត​របស់​ PCX Hybrid មាន​ដូច​ជា​ភ្លើង​ប្រភេទ​ LED, រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ, សោ​វៃ​ឆ្លាត, ប្រព័ន្ធ​ហ្វ្រាំង​ ABS និង កុងទ័រ​ឌីជីថល​សុទ្ធ។

​​​​​​PCX Hybrid នេះ​រំពឹង​ថា​នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​អំឡុង​ពាក់​កណ្ដាល​ឆ​មាស​ទី​ពីរ​ ឆ្នាំ​ ២០១៨ នេះ៕

ប្រភព៖ Autocar   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី