កំពុង​រក​ទិញ​រថយន្ត Hybrid អាច​គិតគូរ​ប៉ុន្មាន​ម៉ូដែល​នេះ

  • 2018-06-07 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយដល់រថយន្តប្រភេទហាយប្រ៊ីដ មនុស្សភាគច្រើនប្រហែលជាដឹងពីគុណប្រយោជន៍ដ៏ពិសេសរថយន្តនេះ ដោយវាជួយសន្សំសំចៃសាំងបានច្រើន ព្រោះក្រៅពីការប្រើប្រាស់សាំងតែមួយមុខ រថយន្តហាយប្រ៊ីដប្រើប្រាស់ថាមពលអគ្គិសនី ចេញពីអាគុយ ដើម្បីធ្វើការលាយជាមួយម៉ាស៊ីនសាំង។

រថយន្តហាយប្រ៊ីដទទួលបានការគាំទ្រ គ្រប់ទិសទីជុំវិញពិភពលោក សូម្បីតែក្នុងស្រុកខ្មែរ ក៏មានអ្នកប្រើប្រាស់រថយន្តប្រភេទនេះ មិនចេះតិចគ្នាដែរ។ Sabay បង្ហាញ​រថយន្តហាយប្រ៊ីដ ៥ ម៉ូដែល​ ដែលពេញនិយមជិះនៅក្នុងប្រទេសកម្ពុជា៖

១. Toyota Prius

Toyota Prius ចេញ​ជា​ច្រើន​ជំនាន់ តែ​​​ជំនាន់​ពេញនិយម​​ជាង​គេ​ចាប់ពី​​ឆ្នាំ ២០០៤ ដល់ ២០០៩។ រថយន្តនេះ មានម៉ាស៊ីនទំហំ ១,៥ លីត្រ បូករួមនឹងអាគុយដែលផលិតថាមពលបាន ៥០ គីឡូវ៉ាត់។ Prius ជំនាន់ទី ២ (២០០៤-២០០៩) មានកម្រិតស៊ីសាំង ៤,៩ លីត្រ/១០០គ.ម សម្រាប់ផ្លូវក្នុងក្រុង និង ៥,២ លីត្រ/១០០គ.ម សម្រាប់ផ្លូវក្រៅក្រុង។

២. Toyota Camry

Camry Hybrid ជារថយន្តក្នុងសែស្រឡាយ Toyota Camry ចាប់ពីឆ្នាំ ២០០៧ ឡើងទៅ។ Toyota Camry ប្រភេទហាយប្រ៊ីដ ក៏​ឃើញ​មានអ្នក​ជិះ​មួយៗ​ដែរ​ចាប់ពី​ឆ្នាំ ២០០៧ ដល់ ២០១១។ រថយន្តនេះមានម៉ាស៊ីនទំហំ ២,៤ លីត្រ និងម៉ូទ័រអាគុយ ដែលមានកម្លាំង ១០៥ គីឡូវ៉ាត់។

៣. Lexus RX400h

Lexus RX400h ជារថយន្តហាយប្រ៊ីដ​ប្រភេទ​តួខ្ពស់ SUV។ Lexus RX ​កូនកាត់នេះ​ចេញដល់ RX450h ទៅហើយក្ដី ក៏ RX400h ម៉ូដែលឆ្នាំ ២០០៤-២០០៩ នៅតែមានការ​គាំទ្រ​ពីអ្នកប្រើប្រាស់​មួយ​ចំនួន​។ RX400h ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ៣,៣ លីត្រ និងមានម៉ូទ័រអគ្គសនី ២ មុខក្រោយ មានកម្លាំង ១២៣ គីឡូវ៉ាត់ មានកម្រិតស៊ីសាំងជាមធ្យម ៩,៤ លីត្រ/១០០គ.ម។

៤. Lexus HS250h

Lexus HS250h ជាប្រភេទរថយន្តស៊េរីថ្មី តួទាប Sedan ដែលមានចាប់ពីស៊េរីឆ្នាំ ២០១០ ឡើងទៅ។ HS250h ប្រើប្រាស់ម៉ាស៊ីនដែលមានទំហំ ២,៤ លីត្រ ដូច Toyota Camry ដែរ ហើយកម្រិតស៊ីសាំង ៦,៧ លីត្រ/១០០គ.ម សម្រាប់ផ្លូវក្នុងក្រុង និង ៦,៩ លីត្រ/១០០គ.ម សម្រាប់ផ្លូវក្រៅក្រុង ដោយមានជំនួយពីម៉ូទ័រអគ្គិសនីដែលបង្កើតកម្លាំងបាន ១០៥ គីឡូវ៉ាត់។

៥. Porsche Panamera S Hybrid

ក្រៅពីរថយន្តហាយប្រ៊ីដក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសកម្ពជាយើងក៏មានក៏មានរថយន្តមកពីខាងប្រទេសអាឡឺម៉ង់ មួយដែរគឺ​ Porsche Panamera S hybrid។ រថយន្តហាយប្រ៊ីដមកពីប៉ែកអឹរ៉ុប ស្ដិតក្នុងត្រកូល Panamera នេះ មានចេញលក់តាំងតែពីឆ្នាំ ២០១១។ ខុសពីរថយន្តប្រភេទហាយប្រីដ ធម្មតាដែលមានម៉ាស៊ីនសាំងទំហំតូច មិនសូវមានថាមពលខ្លាំង Porsche Panmera S hybrid ប្រើប្រាស់ម៉ាស៊ីនទំហំ ៣ លីត្រ ប្រភេទ Supercharged មានកម្លាំងដល់ទៅ ៣២៨ សេះ ជាមួយម៉ូទ័រអគ្គិសនី ដែលផលិតថាមពលបាន ៣៥ គីឡូវ៉ាត់។ រថយន្ត Porsche Panamera S hybrid មានកម្រិតស៊ីសាំងជាមធ្យម ៩,៤ លីត្រ/១០០គ.ម ដូចគ្នានឹង Lexus RX400h។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ