ចង់​បើក​ MasterCard និង Visa Card គេ​ត្រូវការ​ឯកសារ​អី​ខ្លះ?

  • 2018-06-08 03:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​សប្តាហ៍​មុន Sabay បាន​ចុះ​ផ្សាយ​អំពី​ភាព​ខុស​គ្នា​រវាង MasterCard និង Visa ដើម្បី​ឲ្យ​អ្នក​អាន​បាន​ដឹង និងស្វែង​យល់ពីការ​ប្រើប្រាស់​កាត​ធនាគារ​ទាំង​ពីរ​នេះ។

ចំពោះ​ថ្ងៃ​នេះ​វិញ Sabay សូម​នាំ​អ្នក​ទស្សនា​មក​ដឹង​ពី​របៀប​ដើម្បី​ទទួល​បាន​កាត MasterCard និង Visa និង​ឯកសារ​សំខាន់​ដើម្បី​ទទួល​បាន​កាត​ទាំង​នោះ។

ដូច​ដែល Sabay បាន​ប្រាប់​ពី​ក្នុង​អត្ថបទ​មុន​ដូច្នោះ​ដែរ MasterCard និង Visa គឺ​ជា​ក្រុមហ៊ុន ២ ផ្សេង​គ្នា ដែល​មាន​ប្រតិបត្តិ​ការ​លើ​ដំណើរ​ការ​របស់​សាច់​ប្រាក់​នៅ​ក្នុង​គណនី​ធនាគារ។ ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន MasterCard និង Visa គឺ​យើង​ត្រូវ​មាន​គណនី​ធនាគារ​មួយ​ជា​មុន​សិន។

តាមបុគ្គលិកធនាគារ​មួ​យ​រូប​ប្រាប់​ថា អ្នក​​ចង់​បើក​គណនី (កុង) ធនាគារ​ ចាំ​បាច់​ត្រូវ​តែ​មាន​ឯកសារ​សម្គាល់​ខ្លួន​មក​ជាមួយ ដោយ​ធនាគារ​ក្នុង​ស្រុក​ភាគ​ច្រើន​យក អត្តសញ្ញាណ​ប័ណ្ណ សម្រាប់​ជន​ជាតិ​ខ្មែរ និង លិខិត​ឆ្លង​ដែន សម្រាប់​ជន​បរទេស។ ការ​បើក​គណនី​ធនាគារ ត្រូវ​ការ​លុយ​ដាក់​តម្កល់​ប្រមាណ ១០ ដុល្លារ​សម្រាប់​គណនី​សន្សំ (អាស្រ័យ​តាមធនាគារ​) ដែល​អាច​ដកដាក់​លុយ​បាន​ធម្មតា។

ក្រោយ​ពេល​បើក​គណនី​រួច​រាល់​ហើយ ទើប​អាច​ស្នើ​សុំ​យក​ MasterCard និង Visa ពី​ខាង​បុគ្គលិក​ធនាគារ​តែ​ម្ដង។ ក្នុង​ដំណាក់​កាល​នេះ ពួក​គេ​នឹង​ពន្យល់​ពី​គុណ​ប្រយោជន៍​ផ្សេង​គ្នា របស់​កាត​ទាំង ២ នោះ ដែល​អាច​ខុស​គ្នា​ទៅ​តាម​ធនាគារ​មួយៗ។ នៅ​ពេល​ដែល​អ្នក​ស្នើ​សុំ​ MasterCard និង Visa បាន​ជោគ​ជ័យ​ អ្នក​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​កាត​ដែល​ភ្ជាប់ MasterCard និង Visa ប្រភេទBasic

បញ្ជាក់​ថា៖ Visa ចែក​ចេញ​ជា ៣ កម្រិត៖ Basic, Signature និង Infinite។ ធនាគារ​នៅ​ក្នុង​ស្រុក​យើង​មិន​ទាន់​មាន​កាត​ប្រភេទ Visa Signature, Visa Infinite នៅ​ឡើយ​ទេ ដោយ​មាន​ប្រើ​តែ Basic ដែល​បែងចែក​ប្រភេទ (Normal, Platinum, Gold ជាដើម)។

ចំណែក MasterCard មាន​កាត​ ៣ កម្រិត​ដូច​គ្នា ដែល​មាន​ពី​ថ្នាក់​ទាបទៅ​ខ្ពស់ ដូច​ជា Basic, World និង World Elite ។ ដូច​គ្នា​ទៅ​នឹង Visa ដែរ កាត​កម្រិត​ខ្ពស់ World និង World Elite មិន​មាន​ប្រើប្រាស់​នៅ​ក្នុង​ស្រុកយើង​ឡើយ។

លម្អិត​ពី​ភាព​ខុស​គ្នា និង​អត្ថប្រយោជន៍​កាត​​ទាំង​ពីរ​ Visa និង Master Card អាច​ ចុច​ទីនេះ

ដូច្នេះ​បើ​សរុប​មក បើ​សិន​ជា​អ្នក​ចង់​បាន​កាត​ដែល​មាន MasterCard និង Visa ភ្ជាប់​មក​ជា​មួយ​អ្នក​ត្រូវ​ចំណាយ​ប្រហែល ១៥ ដុល្លារ។

អ្វី​ដែល​ត្រូវ​ចង​ចាំ​នោះ គឺ​គណនី​ដែល​អ្នក​បើក​នោះ​គួរ​ណាស់​តែ​ជា​គណនី​ប្រាក់​ដុល្លារ ព្រោះ​បើ​អ្នក​ចង់​ប្រើ​លើ​ការ​ចំណាយ​លើ​អនឡាញ​តាម MasterCard និង Visa នោះ​ការ​ទូទាត់​សឹង​តែ​ទាំង​អស់​លើ​ពិភពលោក នឹង​ត្រូវ​គិត​ជា​ប្រាក់ ដុល្លារ ធ្វើ​ឲ្យ​មិន​ខាត​អត្រា​ប្ដូរ​ប្រាក់ ព្រោះ​គណនី​របស់​អ្នក​ជា​គណនី​ដែល​ប្រើ​សាច់​ប្រាក់​ដូច​គ្នា​ក្នុង​ការ​ទូទាត់។

ចំណុច​សំខាន់​មួយ​ទៀត គឺ​ការ​ទទួល​បាន​កាត។ ជា​ធម្មតា​បន្ទាប់​ពី​អ្នក​បើក​គណនី​ធនាគារ និង​ស្នើ​សុំ MasterCard ឬ Visa បាន​ជោគជ័យ​ហើយ​នោះ អ្នក​អាច​នឹង​ទទួល​បាន​កាត​ធនាគារ ដែល​មាន​ជាប់​សញ្ញា MasterCard ឬ Visa ក្នុង​រយៈពេល ៧ ថ្ងៃ ឬ​តាម​ការ​ប្រាប់​ផ្ទាល់​របស់​បុគ្គលិក។

បើ​សិន​ជា​អ្នក​មិន​ទទួល​បាន​កាត​ក្រោយ ៧ ថ្ងៃ និង​តាម​ការ​ប្រាប់​របស់​បុគ្គលិក​ទេ​នោះ អ្នក​គួរ​ប្រញាប់​មក​ធនាគារ ដែល​អ្នក​បើក​គណនី​នោះ ហើយ​ប្រាប់​មក​បុគ្គលិក​ធនាគារ​ជា​បន្ទាន់៕

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ