Bella បាន​កាដូគាប់ចិត្ត ពីថ្នាក់លើរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ

  • 2018-06-10 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ភាព​ជោគជ័យ​​ដ៏​ធំធេង​របស់​ភាព​យន្តភាគ​ថៃ​ "បុព្វេសន្និវាស” ទើប​ Bella Ranee ថ្មីៗ​នេះ​ល្បី​សុសសាយ​ជុំវិញ​តំបន់​អាស៊ី​ ដែល​ជា​លទ្ធផល​ស្មាន​មិន​ដល់។

ថ្មីៗ​នេះ​ តារាស្រី​កូន​កាត់​រូបនេះ​ មាន​ឱកាស​បាន​លើក​ពាន​ជា​ច្រើន​ហូរហែ​ ដែល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​សម្ដែង​នា​ពេល​កន្លងមក។ កាន់​តែ​ពិសេស​នាង​ ក៏​មាន​លេច​ឮ​ព័ត៌មាន​ថា​ Bella បាន​ទទួល​កាដូ​ពិសេស​ពី​ថ្នាក់​លើ​ម្នាក់​របស់​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍លេខ​ ៣​ មាន​ឈ្មោះ​ K. Prachum Maleenont ទៀត​ផង។

តាម​រយៈ​បទ​សម្ភាស​មួយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ តួ​ស្រី​ការាកេត​រូបនេះ​ទទួល​ស្គាល់​ថា​នេះ​ជា​ការ​ពិត​ ប៉ុន្តែ​នាង​មិន​អាច​បញ្ជាក់​ថា​ទំហំ​នៃ​រង្វាន់​លើក​ទឹក​ចិត្ត​នោះទេ គ្រាន់​តែ​អះអាង​ថា​វា​ជា​ រង្វាន់​អស្ចារ្យ​បំផុត​សម្រាប់​នាង។

អាច​និយាយ​បាន​ថា​ រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​ Bella ឆក់​បាន​ឱកាស​មាស ឱកាសប្រាក់​ច្រើន​ជាបន្ត​បន្ទាប់។ ឧទាហរណ៍ជាក់ស្ដែង​កាល​ពី​ឆ្នាំមុន​ នាងល្បី​មិន​ធម្មតា​តាម​រយៈ​រឿង​ "ភ្លើងបុណ្យ” ហើយ​ឈាន​ចូល​ឆ្នាំ ២០១៨ "បុព្វេសន្និវាស” ក៏បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត​រូបនេះ​ក្លាយជា​តារា​ស្រី​ឆ្នើម​ម្នាក់​ប្រចាំ​ប្រទេស​ដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា​ កាល​ពី​ថ្ងៃ​ទី ០៨ ខែ​មិថុនា​កន្លង​ទៅ​ Bella បាន​ទទួល​ពាន​រង្វាន់​ "People's Choice” ពីកម្មវិធី​ប្រគល់​ពាន​រង្វាន់​ Nine Entertainment Awards 2018 ហើយ​ពាន​នេះ​មាន​តម្លៃ​ធំធេង​ណាស់​ចំពោះ​នាង។ មិន​មែន​បញ្ឈប់​តែ​ត្រឹម​នេះ​ទេ តារា​ស្រី​កើត​ឆ្នាំ ១៩៨៩​រូបនេះ​ ក៏​ប្ដេជ្ញា​ខំ​ប្រឹង​បន្ថែមទៀត​ ក្នុង​ការ​សម្ដែង​ក្នុង​រឿង​ថ្មីក្រោយៗ​របស់​នាង​ជា​បន្ត៕

អត្ថបទ៖ យី សុធារី