Lexus RX350 Full Option តម្លៃមិន​ចាញ់​ឡានទំនើប គ្រឿងក្នុង​គ្រឿង​ក្រៅ​ម៉ាអេម

  • 2018-06-12 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus ដែលជាត្រកូលប្រណីតនៃក្រុមហ៊ុនមេ Toyota របស់ប្រទេសជប៉ុន ជាម៉ាករថយន្តដែលទទួលបានភាពល្បីល្បាញពាសពេញពិភពលោក ជាពិសេសចំពោះត្រកូល RX របស់ខ្លួន ដែលវាជាប់ជារថយន្តប្រភេទតួខ្ពស់ SUV លក់ដាច់ជាងគេក្នុងពិភពលោកផងដែរ។

ជាក់ស្ដែង ក្នុងប្រទេសកម្ពុជាយើងត្រកូល RX នេះមានចាប់ពី RX300 ពីឆ្នាំ ១៩៩៨ ដល់ RX350 ឆ្នាំ ២០១៨ ឯណោះ ពោលគឺសឹងតែគ្រប់ស៊េរី របស់ RX ទៅហើយដែលមានវត្តមាននៅក្នុងស្រុកខ្មែរ។ ជាធម្មតា ពេលដែល Lexus ម៉ូដែល RX ប្ដូររូបរាង ទំហំម៉ាស៊ីន និងលេខនៅបន្ទាប់ពីអក្សរ RX នោះក៏ប្រែប្រួលដែរ (RX300, RX330, RX350)។ ប៉ុន្តែ ចំពោះខ្សែស្រឡាយចុងក្រោយគេ RX350 បានចាប់ផ្ដើមសង្វាក់ផលិតកម្មតាំងពីឆ្នាំ ២០០៨​ មក និងចេញលក់ដំបូង ជាម៉ូដែល RX350 ឆ្នាំ ២០១០ ដោយវាបានប្ដូររាង ២ ដងរួចមកហើយ តែទំហំម៉ាស៊ីន និងលេខនៅកន្ទុយរបស់វាមិនបានផ្លាស់ប្ដូរនោះទេ។

ថ្ងៃនេះ Sabay សូមនាំប្រិយមិត្តអ្នកអានមកមើលពីរូបរាង និងលក្ខណៈសម្បត្តិរបស់រថយន្ត Lexus RX350 Full Option ដែលចេញតាំងតែពី ៨ ឆ្នាំមុនមកនោះ ហើយកំពុងតែមានលក់នៅក្នុងប្រទេសកម្ពុជា៖

Lexus RX350 នេះប្រើប្រាស់ម៉ាស៊ីន ដែលមានទំហំ ៣,៥ លីត្រ មាន ៦ស៊ីឡាំង អាចបង្កើនកម្លាំងអតិបរមាបាន ២៧៥ សេះ។ កម្រិតស៊ីសាំងជាមធ្យមរបស់វាគឺ​ ១១,៧ លីត្រ/១០០គ.ម ដោយ ផ្លូវក្នុងក្រុង វាស៊ី ១៣លីត្រ/១០០គ.ម និងផ្លូវក្រៅក្រុងវាស៊ី ៩,៨ លីត្រ/១០០គ.ម។

ចំពោះម៉ូដែល Full Option មួយនេះ ទាំងផ្នែកខាងក្រៅ និង ខាងក្នុងរបស់រថយន្តសុទ្ធតែជា ជម្រើសផុតលេខ ដោយវាមាន Trim Line នៅផ្នែកខាងក្រៅរបស់រថយន្តភ្ជាប់ជាមួយនឹង Logo Lexus នៅលើនោះផងដែរ។​ និយាយពីបញ្ហាសុវត្ថិភាពវិញ រថយន្ត Lexus RX350 Full Option មានប្រព័ន្ធហ្វ្រាំង ABS លើកង់ទាំង ៤ តែម្ដង ជាមួយប្រព័ន្ធទប់លំនឹងរថយន្ត និងការពារពីការគ្រលែង ជាមួយពោងសុវត្ថិភាព ១០គ្រាប់។

ដោយសារតែវាជាប្រភេទ​ Full Option អុីចឹងហើយ Lexus RX350 នេះ មានកុងទ័រដែលផុសលើកញ្ចក់ Heads-Up Display (HUD) ជួយសម្រួលដល់អ្នកបើកបរ ឲ្យផ្ចង់ទៅលើផ្លូវនៅខាងមុខដោយវានិឹងបង្ហាញព័ត៌មានសំខាន់នានា ដូចជាល្បឿនជាដើម តាមស្លាយបាញ់ទៅលើកញ្ចក់មុខអ្នកបើកបរតែម្ដង។ ចំពោះកាមេរ៉ាជំនួយវិញ Lexus RX350 Full Option មាន ២​ គ្រាប់លើស Lexus RX350 ធម្មតា ដែលមានតែមួយគ្រាប់ គឺមួយស្ថិតនៅផ្នែកខាងក្រោយ សម្រាប់ជាប្រព័ន្ធជំនួយពេលថយក្រោយ និងមួយទៀត នៅក្រោមកញ្ចក់ត្រចៀកខាងស្ដាំ ងាយឲ្យអ្នកបើកបរឃើញវត្ថុនានានៅម្ខាងទៀត។

និយាយពីផ្នែកខាងក្នុងវិញ Lexus RX350 Full Option បំពាក់មកជាមួយពូកស្បែក​ ដែលអាចកែទីតាំងដោយប្រព័ន្ធបញ្ជា និងអាចកម្តៅកៅអីបាន។ ចំពោះប្រព័ន្ធសំឡេងខាងក្នុងវិញ រថយន្តនេះប្រើប្រាស់ឧបករណ៍បំពងសំឡេង Mark Levinson ដែលមានសំឡេងងំពិរោះខ្លាំង និងជាម៉ាកដែលថ្លៃទៀតផង។

បើតាមប្រភពពី ហាងលក់រថយន្ត Visa រថយន្ត Lexus RX350 Full Option ឆ្នាំ ២០១០ នេះ មានតម្លៃខ្ទង់ពី ៦២ ០០០ ទៅ ៦៣ ០០០ ដុលា្លរ នៅក្នុងប្រទេសកម្ពុជាយើង៕

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

អត្ថបទថ្មី