ចង់​ចេះ​លេង​ Rules Of Survival ខ្លាំង​ដូច​គេ សាក ៨ ក្បាច់នេះ នឹង​ដឹង​លទ្ធផល​

  • 2018-06-14 03:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន NetEase បាន​បង្កើត​ភាព​ជោគជ័យ​ក្រោម​ការ​ដាក់​ឲ្យ​ទាញ​យក​ហ្គេម Rules Of Survival ទាំង​លើ​កំណែ PC និង Mobile។ មាន​មនុស្ស​ច្រើន​ជាង ១០០ លាន​នាក់ កំពុង​កម្សាន្ត​រីករាយ​ជាមួយ​ហ្គេម​បាញ់​ប្រហារ​មួយ​នេះ ហើយ​ក៏​មាន​ចម្ងល់​ធ្លាប់​បាន​ចោទ​សួរ តើ​មាន​តិចនិក​បែប​ណា​ទើប​អាច​លេង​ហ្គេម ROS ខ្លាំង​ដូច​អ្នក​ឯ​ទៀត?

Sabay ណែនាំ​ ៨ ចំណុច​ចែក​រំលែក​សម្រាប់​អ្នក​ទើប​សាកល្បង​លេង​ដំបូង និង​អ្នក​ដែល​កំពុង​លេង​តែ​មិន​សូវ​ស្ទាត់​ជំនាញ។

១.ចុះ​ឲ្យ​នៅ​ទី​សុវត្ថិភាព:

ទម្លាក់​ខ្លួន​មក​ទីតាំង​ដែល​មាន​ផ្ទះ និង​ដាច់​ឆ្ងាយ​ពី​គោលដៅ​របស់​សត្រូវ។ ទទួល​ស្គាល់​ថា​ចុះ​នៅ​ទីតាំង​​ដែល​មិន​សូវ​រង​ការ​បាញ់​ប្រហារ រមែង​មិន​សូវ​មាន​របស់របរ (Loot) ច្រើន​សម្រាប់​រើស ប៉ុន្តែ​អាច​ជា​ទី​សុវត្ថិភាព និង​មាន​ឱកាស​ច្រើន​ក្នុង​ការ​រើស​បាន​អាវុធ ហើយ​សឹម​ប្រលូក​ចូល​ទៅ​កាន់​ទីតាំង​បាញ់​ប្រហារ​តាម​ក្រោយ​ក៏​មិន​យឹត​ពេល​ដែរ។

២.បើក​សំឡេង​ហ្គេម:

សំឡេង​ជា​កត្តា​ចាំ​បាច់​មួយ​ក្នុង​ការ​លេង​ហ្គេម Rules Of Survival ព្រោះ​អនុញ្ញាត​ឲ្យ​អ្នក​ស្តាប់​នូវ​សូរ​គ្រាប់​កាំភ្លើង និង​ជំហាន​នៃ​ការ​លប​ចូល​បាញ់​របស់​សត្រូវ។ បើ​អាច​គួរ​ប្រើប្រាស់​កាស (Headphones) ជា​ជាង​ការ​បើក Speaker។

៣.ត្រូវ​លេង​តែ​នៅ​ក្នុង Zone:

Zone កាន់​តែ​តូច ចំនួន​មនុស្ស​កាន់​តែ​តិច ហើយ​នរណា​ដែល​មាន​ឱកាស​ចូល​ទៅ​ក្នុង Zone មុន នឹង​មាន​ភាគរយ​ឈ្នះ​ខ្ពស់​បំផុត។ កុំ​ជក់​នឹង​ការ​បាញ់​សម្លាប់​សត្រូវ យល់​ល្អ​គួរ​ប៉ាន់ស្មាន​ថា​តើ Zone បន្ទាប់ នឹង​រត់​ចូល​ទៅ​តំបន់​ណា ហើយ​ត្រូវ​ប្រញាប់​គេច​ខ្លួន​ទៅ​ក្បែរ​នោះ​ឲ្យ​បាន​លឿន​បំផុត។

៤.ប្រាកដ​ថា​ការ​បាញ់​អាច​សម្លាប់​សត្រូវ​បាន:

ក្នុង​ករណី​ខ្លះ​អ្នក​បាន​ឃើញ​សត្រូវ ប៉ុន្តែ​ស្ថិត​នៅ​ទីតាំង​ឆ្ងាយ បែប​នេះ​មិន​គួរ​បន្លឺ​សំឡេង​ឬ​ប្រាប់​ហេតុ​ឲ្យ​ដឹង​មុន​នោះ​ទេ គួរ​រង់ចាំ​កាលៈទេសៈ​ល្អ​ណា​មួយ ដែល​ខ្លួន​អ្នក​ផ្ទាល់​ប្រាកដ​ថា​នឹង​អាច​បាញ់​សម្លាប់​សត្រូវ​បាន ១០០ ភាគរយ តាម​រយៈ​ការ​ផ្លាស់​ទីតាំង​ទៅ​ជិត​ឬ​ចាំ​ឆ្មក់​ធ្វើ​ស៊ី។

៥.កុំ​ប្រើប្រាស់​រថយន្ត​បើ​មិន​ចាំ​បាច់:

ការ​បើក​រថយន្ត​នឹង​បន្លឺ​សំឡេង​ឬ​ផ្តល់​ដំណឹង​ឲ្យ​សត្រូវ​ដឹង​ថា​អ្នក​នៅ​ទីណា ក្នុង​ករណី​មិន​ចាំ​បាច់​អ្នក​គួរ​នៅ​ទីតាំង​ណា​មួយ​ដោយ​ស្ងៀមស្ងាត់ ប្រសិន​ចង់​មាន​ជីវិត​រស់​នៅ​បាន​យូរ​បំផុត។

៦.ប្រយ័ត្ន​ខ្លាំង​នៅ​ពេល​សល់ ២០ នាក់:

ក្នុង​វគ្គ Solo មាន​មនុស្ស ១២០ នាក់ លុះ​ជម្រុះ​មក​សល់​ត្រឹម ២០ នាក់ គ្រា​នោះ Zone ក៏​កាន់​តែ​តូច ហើយ​សត្រូវ​ទាំង​អំបាលម៉ាន​នឹង​ព្យាយាម​រក​ទីតាំង​លាក់​ខ្លួន។ ចំណុច​នេះ​ប្រសិន​អ្នក​ឃើញ​សត្រូវ ក្នុង​លក្ខខណ្ឌ​មាន​ឧបករណ៍​ជំនួយ Silencer អាច​ធ្វើ​ការ​បាញ់​បាន ប៉ុន្តែ​បើ​គ្មាន​គួរ​ណា​រង់ចាំ​ឱកាស​ដ៏​ល្អ​មួយ​សិន ជា​ធម្មតា​នៅ​ពេល​អ្នក​បាញ់ ទីតាំង​នឹង​បង្ហាញ​លើ​រ៉ាដា​ឲ្យ​មនុស្ស​ឯ​ទៀត ដឹង​ពី​កន្លែង​ដែល​អ្នក​នៅ។

៧.ពិនិត្យ​ឲ្យ​ច្បាស់​មុន​ចូល​អគារ​ណា​មួយ:

ក្នុង​ផ្ទះ​ឬ​ក្នុង​បន្ទប់​តូចៗ អ្នក​លេង​ចាំ​បាច់​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​មុន​ដើរ​ចូល ហើយ​ត្រូវ​កាន់​កាំភ្លើង​ស្នប់ Shotgun ព្រោះ​អាវុធ​ធន់​នេះ​មាន​ប្រយោជន៍​បំផុត​ពេល​បាញ់​សត្រូវ​នៅ​ទីតាំង​ជិត។

៨.ពិនិត្យ​ទីតាំង​ណា​មួយ​មុន​ពេល​រើស​របស់របរ​ពី​សត្រូវ:

ថ្វី​បើ​អ្នក​បាញ់​សម្លាប់​នរណា​ម្នាក់​ហើយ​ក៏​ដោយ កុំ​ទាន់​ប្រញាប់​រើស​របស់របរ​ឬ​អាវុធ​នៅ​ទីតាំង​នោះ​លឿន​ពេក ដរាប​ណា​ធ្វើ​ការ​ពិនិត្យ​ឲ្យ​ច្បាស់​នៅ​ទីតាំង​ជុំវិញ​នោះ ជៀសវាង​មាន​មនុស្ស​ឆ្មក់​ចាំ​ធ្វើ​ស៊ី ព្រោះ​អំឡុង​អ្នក​បាញ់​សម្លាប់​មនុស្ស ស្នូរ​គ្រាប់​កាំភ្លើង​បាន​បង្ហាញ​លើ​រ៉ាដា​នៃ​បុគ្គល​ឯ​ទៀត​រួច​ទៅ​ហើយ។

ប្រភព: https://www.bluestacks.com/blog/game-guides/rules-of-survival-more-wins-guide.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា