កាន់​ទូរសព្ទ​តម្លៃ​រាប់រយ​ ថត​មិនស្អាត ទាល់មាន​បច្ចេកទេស

  • 2018-06-14 01:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​មាន​ប្រើ​ស្ទើរ​គ្រប់គ្នា​ ហើយ​យក​តាម​ខ្លួន​ស្ទើរ​រាល់​ថ្ងៃ​ ខណៈ​សមត្ថភាព​កាមេរ៉ា​កាន់​តែ​ល្អ​ទៅ​ៗ​ ជាពិសេស​លើ​ម៉ូដែល​ទំនើប​ចុង​ក្រោយ​ ដូចជា​ iPhone X ឬ​ Pixel 2 XL ជា​ដើម​។

ទិដ្ឋភាព​ស្រស់​ស្អាត​ជាច្រើន​ បាន​ផ្ដិត​ចេញ​ពី​ស្មាតហ្វូន​ ត្បិត​មិន​ដល់​ DSLR តែ​អាច​ទទួល​យក​បាន​។ ហើយ​នេះ​ ជា​គន្លឹះ​ជំនួយ​ អាច​សាក​ប្រើ​លើ​រូបថត​បន្ទាប់​អ្នក​បាន​។

បច្ចេកទេស​

១) ចូល​ឲ្យ​ជិត​ កុំ​ពង្រីក​

បើ​អាច​ ចូល​ឲ្យ​ជិត​នឹង​ Subject ជៀស​ជាង​ពង្រីក​ពេល​ថត​។ ទោះ​ម៉ូដែល​ស្មាតហ្វូន​ថ្មី​ៗ មាន​ទំហំ​ Megapixels ធំ​ ក៏​រូបភាព​បង្ហាញ​មិន​ច្បាស់​ដែរ​ ពេល​ថត​ពង្រីក​ជាមួយ​ស្មាតហ្វូន​។

២) ប្រើ​ Portrait mode

ម៉ូដែល​ស្មាតហ្វូន​ថ្មីៗ​មាន​មុខងារ​ Portrait mode ដែល​អាច​ផ្ដល់​ផ្ទៃ​ខាងក្រោយ​ព្រាល​ ជាមួយ​ Subject ផ្ទៃ​ខាងមុខ​ច្បាស់​ស្អាត​។

៣) កំណត់​កម្រិត​ពន្លឺ​

ពេល​ចុច​លើ​អេក្រង់​ ខណៈ​ពេល​ប្រើ​ Photo mode មាន​មុខងារ​អាច​ផ្លាស់ប្ដូរ​កម្រិត​ពន្លឺ​បាន​ដោយ​ខ្លួន​ឯង​ ជួយ​សម្រួល​តុល្យភាព​ដល់​ទិដ្ឋភាព​បាន​យ៉ាង​ល្អ​។

៤) កំណត់​ Focus

ពេល​ Object នៅ​កៀក​នឹង​ Lens គួរ​ចុច​លើ​អេក្រង់​ កំណត់​ Focus ដោយ​ខ្លួន​ឯង​ ដើម្បី​ប្រាកដ​ថា​ទីតាំង​បង្ហាញ​ច្បាស់​ល្អ​។

៥) ប្ដូរ​ទីតាំង​តួ​ថត​ទៅ​ចំណុច​មាន​ពន្លឺ​

ពេល​ថតរូប​មនុស្ស​ គួរ​ប្ដូរ​ទីតាំង​ពួកគាត់​ទៅ​រក​កន្លែង​មាន​ពន្លឺ​ច្រើន​បំផុត​ ក្នុង​ទីតាំង​ងងឹត​ ដើម្បី​បង្កើត​ការ​ចាប់​អារម្មណ៍​។

៦) មិន​គួរ​ថតរូប​សរ ខ្មៅ​

ពេល​ថតរូប​សរ ខ្មៅ​ Lens របស់​ស្មាតហ្វូន​ អាច​មាន​បញ្ហា​ក្នុង​ដំណើរការ​ថត​ ព្រោះ​ Sensor ភាគច្រើន​ក្នុង​ស្មាតហ្វូន​ពុំ​មាន​សមត្ថភាព​នេះ​ទេ​។ នេះ​អាច​ផ្ដល់​រូបភាព​ ដែល​ទិដ្ឋភាព​ពពក​មិន​បង្ហាញ​ ឬ​ផ្នែក​ខ្មៅ​ក្នុង​រូបភាព​ដុត​ខ្លាំង​ពេក​។

៧) ប្រើ​ HDR Mode

ចំពោះ​មុខងារ​ HDR (Hight Dynamic Range) នេះ​ ស្មាតហ្វូន​នឹង​ថត​ទិដ្ឋភាព​បី​ រួច​ដាក់​ត្រួត​បង្រួម​ចូល​គ្នា​ ដោយ​ប្រើ​កម្រិត​ពន្លឺ​ខុសគ្នា​ៗ​។

៨) គ្រប់គ្រង​ Flash

Flash ជួយ​បន្ថែម​ពន្លឺ​ដល់​ Subject ក្នុង​ការ​ថត​ពេល​យប់​ តែ​ក៏​ជា​ចំណុច​រំខាន​មួយ​ដែរ​។ រូបមន្ត​ល្អ​មួយ​ ពេល​ Object នៅ​ជិត​គួរ​ប្រើ​ Flash តែ​បើ​នៅ​ឆ្ងាយ​ Flash អាច​រំខាន​ដល់​គុណភាព​រូបភាព​។

៩) ប្រើ​មុខងារ​ Burst mode

បើ​ចង់​ថត​ Object មាន​សកម្មភាព​លឿន​ អាច​ប្រើ​មុខងារ​ Burst mode បាន​។ លើ​ស្មាតហ្វូន​ភាគ​ច្រើន​ អាច​បើក​ដំណើរការ​បាន​ដោយ​ចុច​ឲ្យ​ជាប់​លើ​ប៊ូតុង​ថតរូប​ ហើយ​បណ្ដុំ​រូបភាព​នឹង​ចាប់​យក​ អាស្រ័យ​លើ​រយៈពេល​ចុច​។

១០) ប្រើ​ Exposure រយៈពេល​យូរ​

ស្មាតហ្វូន​មួយ​ចំនួន​ដូចជា​ iPhone មាន​មុខងារ​ Exposure រយៈពេល​យូរ​ ដោយ​អូស​ចុះ​ក្រោម​ បើ​បើក​ Live photo ក្នុង​កម្មវិធី​ Photo នឹង​ឃើញ​ ដែល​អាច​បង្កើត​ជា​ទឹក​ព្រាល​ ឬ​ឆ្នូតៗ​។

១១) គ្រប់គ្រង​ Camera settings

មាន​កម្មវិធី​ច្រើន​ អាច​ឲ្យ​អ្នក​គ្រប់គ្រង​ Camera settings លើ​ស្មាតហ្វូន​។ លើ​ iOS មាន​មួយ​ដែរ​ Procam អាច​គ្រប់គ្រង​ស្ទើរតែ​ដូច​នឹង​ DSLR។

១២) ភាព​ទាញ​រីក​របស់​ Lens

Lens ស្មាតហ្វូន​មាន​ភាព​ទាញ​រីក​នៅ​គែម​រូបភាព​ អាច​សម្គាល់​បាន​ ពេល​ថតរូប​មនុស្ស​បញ្ឈរ​ (Portrait orientation) ពេញ​ទិដ្ឋភាព​។ នេះ​អាច​សម្រួល​បាន​ ដោយ​ថយ​ក្រោយ​មួយ​ ឬ​ពីរ​ជំហាន​ ដើម្បី​កុំ​ឲ្យ​មនុស្ស​បំពេញ​ Frame ទាំងស្រុង​ ឬ​កាន់​ស្មាតហ្វូន​ថត​ផ្ដេក​វិញ​។

ការ​ចាប់​ប្លង់​

បច្ចេកទេស​ចាប់​ប្លង់​ មាន​ច្រើន​ អាច​ជ្រើសរើស​សាកល្បង​លើ​ស្មាតហ្វូន​បាន​។

១) Rule of thirds

នេះ​ជួយ​កំណត់​ផ្នែក​សំខាន់​ Subject ឲ្យ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​ នៃ​បន្ទាត់​គំនូស​បង្ហាញ​លើ​អេក្រង់​។

២) Straight horizon

នេះ​ល្អ​ពេល​ថត​ទិដ្ឋភាព​ សមុទ្រ​ ឬ​ផ្លូវ​ ដោយ​បង្ហាញ​ប្លង់​ទិដ្ឋភាព​ឆ្ពោះ​ទៅ​ទីតាំង​ណា​មួយ​ ក្នុង​លំហរ​ទំហំ​ធំ​។

៣) ប្រើ​ Landscape orientation

គួរ​ថតរូប​ផ្ដេក​ ចំពោះ​ទិដ្ឋភាព​ទំហំ​ធំ​ ដើម្បី​ចាប់​បាន​អត្ថន័យ​បន្ថែម​បាន​ច្រើន​។

៤) សាមញ្ញ​

ពណ៌​ ឬ​វត្ថុ​ច្រើន​ពេក​ក្នុង​រូបភាព​ អាច​ផ្ដល់​ផល​អាក្រក់​ដល់​ទិដ្ឋភាព​។ គួរ​ផ្ដោត​លើ​ផ្នែក​សំខាន់​ជា​ចម្បង​។ បើ​ចង់​ថត​បញ្ឈរ​ ផ្ដោត​លើ​មនុស្ស​ ឬ​វត្ថុ​មួយ​ៗ (ប្រើ​ Portrait mode)។ បើ​ចង់​ថត​ផ្ដេក​ គួរ​ស្វែងរក​ទីធ្លា​ធំ​ទូលាយ​។

៥) ថត​សរ ខ្មៅ​

សាមញ្ញ បើ​ថត​ទិដ្ឋភាព​មាន​ពណ៌​ច្រើន​ពេក​ យល់​ល្អ​គួរ​ឲ្យ​កាមេរ៉ា​ថត​សរ ខ្មៅ​។

៦) ផ្លាស់ប្ដូរ​ទស្សនវិស័យ​

អាច​បង្កើន​ការ​ចាប់អារម្មណ៍​លើ​រូបភាព​ ដោយ​ផ្លាស់ប្ដូរ​ប្លង់​មើល​ កាន់​កាមេរ៉ា​ងើយ​ឡើង​លើ​ ឬ​ចុះ​ក្រោម​ពេល​តម្រង់​ថត​ Subject។​

៧) ផ្លាស់ប្ដូរ​ទស្សនវិស័យ​តិចតួច​

អាច​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​រូបភាព​ ថតរូប​បី​ដង​ក្នុង​ទម្រង់​ មុំ​ខុសៗគ្នា​ ដើម្បី​ងាយស្រួល​ជ្រើសរើស​មួយ​ណា​ល្អ​ជាងគេ​។

៨) មុខងារ​ Panorama

ស្មាតហ្វូន​ភាគច្រើន​ មាន​មុខងារ​ Panorama ជួយ​ថត​ទិដ្ឋភាព​បាន​ធំ​ពេញ​វែង​ល្អ​។ នេះ​ល្អ​ ពេល​ថតរូប​ឆ្នេរសមុទ្រ​ ឬ​ភ្នំ​។

ការ​កាត់ត​

ស្មាតហ្វូន​ ផលិត​បាន​រូបភាព​ល្អៗ​ តែ​បូក​ផ្សំ​នឹង​ការ​កែច្នៃ​បន្តិចបន្តួច​ ជំរុញ​សម្រស់​រូបថត​កាន់​តែ​ស្អាត​។

១) ប្រើ​ Filter

នេះ​អាច​កែប្រែ​ពណ៌​រូបភាព​ ដោយ​មុខងារ​នេះ​មាន​ស្រាប់​លើ​កម្មវិធី​ Photo របស់​ស្មាតហ្វូន​ភាគច្រើន​។​

២) ប្រើ​កម្មវិធី​កាត់ត​

កម្មវិធី​ Snapseed ឬ​ Lightroom អាច​ជួយ​បន្ថែម​សម្រស់​រូបភាព​នីមួយៗ​បាន​យ៉ាង​ល្អ​។

៣) ថត​ប្រើ​ទម្រង់​ RAW

រូបភាព​ RAW ជា​រូបភាព​ទម្រង់​ដើម​។ ពេល​ថត​រូបភាព​ធម្មតា​ Device នឹង​បន្ថែម​ពណ៌​មួយ​ចំនួន​ដោយ​ស្វ័យប្រវត្តិ​។ ថត​ទម្រង់​ RAW គ្រប់​យ៉ាង​អាច​កែប្រែ​បាន​ពេញលេញ​ដោយ​ខ្លួនឯង​។ នេះ​មាន​ជម្រើស​កម្មវិធី​ដូចជា​​ Procam ឬ​ Lightroom៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Improve Photography   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី