លេងហ្វូតសាលរាល់ថ្ងៃ តិចអត់ដឹងវាកើតនៅពេលណាទៅ?
- 2014-09-21 14:47:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងហ្វូតសាលរាល់ថ្ងៃ តិចអត់ដឹងវាកើតនៅពេលណាទៅ?
ចន្លោះមិនឃើញ
ដើមកំណើតរបស់កីឡាហ្វូតសាល(futsal)ត្រូវបានរកឃើញនៅប្រទេស អ៊ុយរុយហ្គាយ ក្នុងឆ្នាំ១៩៣០ ពោលគឺឆ្នាំដែលប្រារព្ធពានរង្វាន់បាល់ទាត់ពិភពលោកលើកទី១។ នៅឆ្នាំ១៩៣០ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរុយហ្គាយបានឈ្នះ World Cup នៅលើទឹកដីរបស់ខ្លួន ដែលដែលធ្វើឲ្យប្រជាជនមានមោទនភាពជាខ្លាំងហើយក៏នាំគ្នាទាត់បាល់នៅគ្រប់ច្រកល្ហកនៃរដ្ឋធានី ម៉ុងតេវីដេអូ (Montevideo) ដើម្បីអបអរក្រុមជម្រើសជាតិរបស់ខ្លួន។
អ្នកបង្កើតហ្វូតសាល
នៅអំឡុងពេលនោះ លោក Juan Carlos Ceriani ដែលជាគ្រូផ្នែកអប់រំកាយសញ្ជាតិអាហ្សង់ទីន កំពុងរស់នៅរដ្ឋធានីនោះដែរ។ លោកបានអង្កេតយ៉ាងយកចិត្តទុកដាក់លើយុវជនក្មេងៗមួយចំនួនដែលកំពុងលេងបាល់ទាត់នៅលើទីលានកីឡាបាល់បោះ។ ខណៈនោះ គំនិតមួយបានលេចឡើងពីខួរក្បាលរបស់លោក នោះ គឺការលេងបាល់៥នាក់ម្ខាង។
បន្ទាប់មកលោក Ceriani ក៏បានសំយោគច្បាប់នៃកីឡា Water Polo(លេងបាល់ក្នុងទឹក) Handball(កីឡាម្យ៉ាងប្រើដៃគប់បាល់បញ្ចូលសំណាញ់ទីគូប្រកួត) និង Basketball(បាល់បោះ) ហើយ បង្កើតទៅជាវិធានមួយឡើងសម្រាប់កីឡាហ្វូតសាលនេះ។ វិធាននេះបានសាយភាយយ៉ាងរហ័សពាសពេញទ្វីបអាមេរិកខាងត្បូង។
នៅឆ្នាំ១៩៦៥ សហព័ន្ធកីឡា ហ្វូតសាល អាមេរិកខាងត្បូង(Confederacion Sudamericana de Futbol de Salon ជាភាសាអង់គ្លេស South American Futsal Confederation) ត្រូវបានបង្កើតឡើងដោយមានសមាជិក៥ប្រទេសរួមមាន អ៊ុយរុយហ្គាយ ប៉ារ៉ាហ្គាយ ប៉េរូ អាហ្សង់ទីន និងប្រេស៊ីល។
ហ្វូតសាលឆ្លងទៅកាន់ទ្វីបនានា
កីឡាហ្វូតសាលបានរីករាលដាលឆ្លងកាត់ទ្វីបអាត្លង់ទិចទៅកាន់ទ្វីបអឺរ៉ុបតាមរយៈជនអន្តោប្រវេសន៍សញ្ជាតិព័រទុយហ្គាល់និងអេស្ប៉ាញដែលធ្វើដំណើរត្រលប់ពីអាមេរិកខាងត្បូងទៅកាន់ប្រទេសរបស់ខ្លួននៅអឺរ៉ុបវិញ។ ការលូតលាស់នៃកីឡាប្រភេទនេះពីមួយថ្ងៃទៅមួយថ្ងៃ បាននាំឲ្យមានការបង្កើត FIFUSA មួយឡើង(Federacion Internacional de Futbol de Salon) ដែលមានន័យជាភាសាអង់គ្លេសថា International Futsal Federation(សហព័ន្ធកីឡាហ្វូតសាលអន្តរជាតិ) ដែលមាន អាហ្សង់ទីន បូលីវី ប្រេស៊ីល ប៉ារ៉ាហ្គាយ ប៉េរូ ព័រទុយហ្គាល់ និងអ៊ុយរុយហ្គាយ ជាសមាជិក។
នៅចុងឆ្នាំ១៩៨៥ លោក Joseph S. Blatter (ពេលនោះជាអគ្គលេខាធិការFIFA) និងលោក Joao Havelange (ប្រធានFIFAនាពេលនោះ) បានរួមគ្នាសម្រេចដាក់បញ្ចូលកីឡាហ្វូតសាលទៅជាផ្នែកមួយនៃគ្រួសារបាល់ទាត់សកលលោក (global football family) ។
ជាមួយនឹងគោលបំណងសម្រេចការបញ្ចូលគ្នាខាងលើ លោក Blatter បានប្រគល់ភារកិច្ចនេះទៅឲ្យជំនួយការរបស់លោកឈ្មោះ Miguel Galan Torres ដែលជាកូនកាត់ឈីលី-អេស្ប៉ាញ និងលោក Jose Bonett ជនជាតិប្រេស៊ីលដែលជាទីប្រឹក្សារបស់លោក Havelange។ នៅក្នុងជំនួបដំបូងរបស់ពួកគេទាំងពីរនេះ ពួកគាត់បានរកឃើញថាការលេងហ្វូតសាលនៅគ្រប់ទីកន្លែងមិនមានភាពដូចគ្នាសោះឡើយ ពោលការប្រើប្រាស់ច្បាប់សម្រាប់ប្រកួត ការប្រើប្រាស់ទីលាន និង ការប្រើប្រាស់បាល់ ខុសគ្នាទាំងអស់ទៅតាមតំបន់ផ្សេងៗគ្នា។
ដល់ឆ្នាំ១៩៨៦
ឈានដល់ខែមករា ដើមឆ្នាំ១៩៨៦ លោក Galan Torres និង លោក Bonett ចាប់ផ្ដើមដោះស្រាយបញ្ហាមិនចុះសម្រុងគ្នានេះជាបន្ទាន់។ មន្ត្រីទាំងពីរខាងលើបានសម្រេចប្រើច្បាប់បាល់ទាត់ជាគំរូសម្រាប់លេង ហ្វូតសាល ហើយក្រុមម្ខាងមានគ្នា៥នាក់។ សេចក្ដីសម្រេចមួយទៀតក្នុងចំណោមការសម្រេចទាំងឡាយ គឺការប្រើប្រាស់ទីលាននិងទំហំទីដូចគ្នាទៅនឹងកីឡា handball(កីឡាម្យ៉ាងដែលប្រើដៃគប់បាល់បញ្ចូលសំណាញ់ទី) ដែរ។ នៅមានការស្នើដាក់បញ្ចូលនូវលក្ខខណ្ឌមួយចំនួនផ្សេងទៀតពី FIFUSA រួមទាំងការស្នើឲ្យខ្ចីពីកីឡា ice hockey ផងដែរ។ នៅទីបំផុត បន្ទាប់ពីការរៀបចំអស់ពេលយ៉ាងយូរ មកហើយនោះ ច្បាប់ ហ្វូតសាល បណ្ដោះអាសន្នត្រូវបានលេចរូបរាងឡើង។
ដើម្បីចង់ដឹងថាតើច្បាប់បណ្ដោះអាសន្ននេះនឹងមានគុណសម្បត្តិយ៉ាងណានៅក្នុងការប្រកួតផ្លូវការនោះ វាចាំបាច់ណាស់ថាត្រូវធ្វើការពិសោធន៍ជាមុនសិន។ ជាមួយនឹងការប្រឹងប្រែងធ្វើច្បាប់នេះ វិភាគទានរបស់លោក Pablo Porta Bussons (ដែលពេលនោះជាប្រធានសមាគមបាល់ទាត់អេស្ប៉ាញ[RFEF]និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ FIFA) ពិតជាមានសារសំខាន់ណាស់ដើម្បីសម្រេចជោគជ័យ។ វិភាគទានរបស់លោក Porta Bussons គឺការព្យាយាមបញ្ចុះបញ្ចូលសមាជិក RFEF ឲ្យរៀបចំការប្រកួតជើងឯកប្រឌិតមួយ។ បន្ទាប់ពីទទួលបានការយល់ព្រម លោក Porta បានបញ្ចុះបញ្ចូលសហការីរបស់លោកឈ្មោះ Gyorgy Szepezi សញ្ជាតិហុងគ្រី ថាសមាគមបាល់ទាត់ហុងគ្រី គួរតែរៀបចំការប្រកួតដណ្ដើមពានរង្វាន់មួយដើម្បីជាការធ្វើតេស្តច្បាប់ខាងលើ។ ព្រឹត្តិការណ៍នោះបានកើតឡើង ដោយមានក្រុមចូលរួមដូចជា បែលហ្ស៊ិក ហុល្លង់ សហរដ្ឋអាមេរិក អេស្ប៉ាញ ប៉េរូ ប្រេស៊ីល អ៊ីតាលី ហើយជ័យជម្នះជើងឯកនេះបានធ្លាក់ទៅលើក្រុមម្ចាស់ផ្ទះហុងគ្រី។ ការសាកល្បងទទួលបានលទ្ធផលជាផ្លែផ្កាហើយបង្ហាញថាច្បាប់ខាងលើអាចយកជាការបាន។
កិច្ចប្រជុំ RFEF និងការប្រកួតចាប់ផ្ដើម
មួយរយៈខ្លីក្រោយមក នៅក្នុងកិច្ចប្រជុំមួយក្នុងការិយាល័យចាស់របស់ RFEF ក្នុងក្រុងម៉ាឌ្រីដ ដែលបានការចូលរួមដោយអ្នកតំណាងមកពីប្រទេសផ្សេងៗគ្នា បានសម្រេចកែប្រែចំណុចខ្លះៗដែលបានចែងនៅក្នុងច្បាប់នោះដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាពនៃច្បាប់។ បន្ទាប់មក RFEF បានស្នើបង្កើតពានរង្វាន់ប្រឌិតលើកទីពីរ បន្ទាប់ពីហុងគ្រី ដើម្បីធ្វើតេស្តច្បាប់ដែលទើបនឹងបានកែសម្រួលម្ដងទៀត។ សំណើត្រូវបានយល់ព្រម ហើយព្រឹត្តិការនៃការប្រកួតត្រូវបានប្រព្រឹត្តឡើងនៅ La Coruna , El Ferrol និង Santiago de Compostela ក្នុងខែកុម្ភៈឆ្នាំ១៩៨៧។ ក្រុមដែលបានចូលរួមលើកទីពីរនេះមាន បែលហ្ស៊ិក ប្រេស៊ីល ហុល្លង់ សហរដ្ឋអាមេរិក ព័រទុយហ្គាល់ ហុងគ្រី និង អ៊ីតាលី។ ពេលនោះក្រុមម្ចាស់ផ្ទះអេស្ប៉ាញ យកឈ្នះក្រុមបែលហ្ស៊ិកនៅវគ្គផ្ដាច់ព្រ័ត្រ។
ក្នុងខែកញ្ញាឆ្នាំ១៩៨៧ដដែល លោក Galan និង Bonetti បានស្នើឲ្យធ្វើការប្រារព្ធការប្រកួតដើម្បីធ្វើតេស្តជាលើកទី៣ ដែលលើកនេះធ្វើនៅអាមេរិកឡាទីនម្ដងវិញ។ ប្រេស៊ីលជាម្ចាស់ផ្ទះបានអញ្ជើញ ឈីលី ប៉េរូ អាហ្សង់ទីន បែលហ្ស៊ិក ហុល្លង់ ព័រទុយហ្គាល់ អេស្ប៉ាញ សហរដ្ឋអាមេរិក និង ប៉ារ៉ាហ្គាយ ឲ្យមកចូលរួមព្រឹត្តិការណ៍លើកទី៣នេះ។ ការប្រកួតត្រូវបានធ្វើឡើងនៅទីក្រុង Brasilia ដែលនៅទីបំផុត ប្រទេសប៉ារ៉ាហ្គាយ ជាអ្នកគ្រងជើងឯកលើកទី៣នេះ។
ការបង្កើតពានWorld Cup
បន្ទាប់ពីការប្រារព្ធពានរង្វាន់លើកទី៣នៅប្រេស៊ីលនាឆ្នាំ១៩៨៧នោះ លោក Galan បានជួបជាមួយលោក Blatter និងបានរាយការណ៍ថាការងាររបស់លោកបានចប់សព្វគ្រប់អស់ហើយ ហើយដំណាក់កាលចុងក្រោយដែលត្រូវបំពេញសម្រាប់ហ្វូតសាលនោះគឺត្រូវបង្កើតឲ្យមាន World Cup សម្រាប់ហ្វូតសាល។ ជាការឆ្លើយតប លោក Blatter ក៏បានសម្រេចរៀបចំឲ្យមាន FIFA Futsal World Cup ។
លោក Galan ក៏បានផ្ដើមស្វែងរកប្រទេសដើម្បីធ្វើម្ចាស់ផ្ទះសម្រាប់ពានរង្វាន់ហ៊្វូតសាលពិភពលោក។ ប្រធានសមាគមហ្វូតសាលប្រចាំប្រទេសហុល្លង់ លោក Tom van der Hulst ក៏បានចេញមុខមកអះអាងពីសមត្ថភាពរបស់សមាគមលោកក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ។ ការដេញថ្លៃជាផ្លូវការដើម្បីទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសហុល្លង់ ត្រូវបានគណៈកម្មាធិការប្រតិបត្តិ FIFA ទទួលយក។ ពានរង្វាន់ជាប្រវត្តិសាស្ត្រនេះត្រូវបានប្រព្រឹត្តទៅនៅទីក្រុង Amsterdam, Hertogenbosch, Arnhem Leeuwarden, Utrecht និង Rotterdam នាខែមករាឆ្នាំ១៩៨៩។ ពេលនោះ ប្រេស៊ីលបានក្លាយជាជើងឯកពានរង្វាន់ហ្វូតសាលពិភពលោកជាលើកដំបូងក្រោយពីផ្ដួលម្ចាស់ផ្ទះហុល្លង់ក្នុងលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។
http://youtu.be/HCZEyMW25ZU
ប្រេស៊ីលបានឈ្នះពានរង្វាន់ពិភពលោកនេះ២ដងទៀតជាប់ៗគ្នា ពោលគឺ នៅឆ្នាំ១៩៩២ នៅហុងកុង និង ១៩៩៦ នៅអេស្ប៉ាញ។ World Cup លើកទី៤ដែលបានប្រព្រឹត្តទៅនៅប្រទេសហ្គាតេម៉ាឡា ក្នុងឆ្នាំ២០០០ អេស្ប៉ាញបានក្លាយជាជើងឯកវិញម្ដង ហើយ៤ឆ្នាំបន្ទាប់មកទៀត ពោលគឺឆ្នាំ២០០៤ អេស្ប៉ាញការពារតំណែងជើងឯកបានដោយជោគជ័យនៅលើទឹកដី តៃវ៉ាន់។ កាលពីឆ្នាំ២០០៨កន្លងទៅ ប្រេស៊ីលបានគ្រងពានរង្វាន់ពិភពលោកនេះជាលើកទី៤នៅលើទឹកដី Rio de Janeiro របស់ខ្លួន។
បច្ចុប្បន្ន មានកីឡាករនិងកីឡាការិនីហ្វូតសាលជាង២លាននាក់នៅទូទាំងពិភពលោកដែលត្រូវបានចុះឈ្មោះជាផ្លូវការនៅ FIFA៕
ប្រែសម្រួលៈ យ៉ុង ម៉ុងហាក់