​ស្ងាត់ៗ អតីត​តារា​សម្ដែង​ម្នាក់ ក្លាយ​ជា​មេធាវី

  • 2018-06-22 02:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​​ពី​ផ្អាក​សិល្បៈ​មួយ​​រយៈ លោក វ័ន្ត លាងហៃ អតីត​តារា​សម្ដែង​ស្រស់​សង្ហា​ដែល​កន្លង​មក​​លោក​តែ​បង្ហាញ​មុខ​​ភាគ​ច្រើន​​ក្នុង​ MV ឲ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស ថ្មីៗ​នេះ​​តារា​មាន​កំណើត​​មក​ពី​ខេត្ត កំពង់​ឆ្នាំង​រូប​នេះ​បាន​ក្លាយ​ជា​មេធាវី​ហើយ ។

លោក វ័ន្ត លាងហៃ​បាន​ស្បថ​​ចូល​ធ្វើ​ជា​មេធាវី​​​​កាល​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​តារា​ស្ដែង​​រូប​លោក​​បាន​បំពេញ​លក្ខណៈ​តាម​ច្បាប់​ ​ស្ដី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា។ លាងហៃ បាន​ឲ្យ​ដឹង​ថា ខ្លួន​​បាន​ធ្វើ​ការ​ងារ​ទាក់​​ទង​នឹង​វិស័យ​ច្បាប់​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ច្បាប់​​កាល​ឆ្នាំ​ ២០១៣​ មក។

អាជីព​ជា​មេធាវី​នេះ លាងហៃ ​ប្រាប់​ថា គឺ​ជា​បំណង​របស់​ខ្លួន ​និង​ក្រុម​គ្រួសារ​តាំង​ពី​សម្រេច​ចិត្ត​ចូល​រៀន​មហាវិទ្យាល័យ​ដំបូង​មក​​ម្ល៉េះ។ បន្ទាប់​ពី​ស្បថ​រួច​ លោក​​នឹង​ត្រូវ​ធ្វើ​កម្មសិក្សា​រយៈ​ពេល១ឆ្នាំ ទើប​ក្លាយ​ជា​មេធាវី​​ពេញ​សិទ្ធិ។

លោក វ័ន្ត លាងហៃ គឺ​តារា​សម្ដែង​ស្រង់​សង្ហា​​ម្នាក់​ដែល​កន្លង​មក​​តារា​រូប​នេះ​ភាគ​ច្រើន​សម្ដែង​ MV និងការ​ថត​រាំ​លេង​កម្មវិធី​ចូល​ឆ្នាំ​ប៉ុណ្ណោះ។ ការ​មិន​សូវ​មាន​មុខ​លើ​​វិថី​សិល្បៈ​ច្រើន​បែប​នេះ មិនមែន​មិន​មាន​អ្នក​ដឹក​នាំ​សម្ដែង ហៅ​លោក​ទៅ​សម្ដែង​ឡើយ តារា​វ័យ​៣០ឆ្នាំ​រូប​នេះ​ថា គឺ​ស្ទើរ​គ្រប់​ផលិតកម្ម​បាន​ហៅ​លោក ប៉ុន្តែ​ខ្លួន​មិន​មាន​ពេល​ក្នុង​ការ​ចុះ​ថត​ច្រើន​ថ្ងៃ​ ព្រោះ​ជាប់​ធ្វើ​ការ។

បន្ទាប់​ពី​ក្លាយ​ជា​មេធាវី​ដូច​ការ​​ប៉ងប្រាថ្នា​បែប​នេះ នឹង​ធ្វើ​ឲ្យ​លោក​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈកាន់​តែ​ខ្លាំង។ លោក វ័ន្ត លាងហៃ ថា ខ្លួន​ប្រហែល​ជា​ឈប់​ពី​សិល្បៈ​ទាំង​ស្រុង​តែ​ម្ដង ដើម្បី​ទុក​ពេល​ធ្វើ​ការងារ​ជា​មេធាវី​នេះ៕

អត្ថបទៈ ស៊ុនហួត

រូបភាព៖ វ័ន្ត លាងហៃ

អត្ថបទពេញនិយម