មក​ចាប់​អារម្មណ៍​​​រឿង​សំខាន់​៦​​​​​កើត​ក្នុង​លីគ​កម្ពុជា​២០១៨​ ចប់ជើង​ទី​១​​

  • 2018-06-27 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើង​ឯក​​លីគ​កំពូល​​កម្ពុជា​រដូវ​កាល​​ឆ្នាំ​២០១៨​​បាន​ចប់​​ជើង​ទី​១​ហើយ​ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​អស់​១១​សប្តាហ៍។ ការ​ប្រកួត​ជើង​ឯក​​ជាតិ​រដូវ​កាល​នេះ​មាន​ភាព​ស្វិតស្វាញ​ខ្លាំង​​ដោយ​ក្រុម​នីមួយ​ៗ​​សុទ្ធ​តែ​រៀប​ចំ​ក្រុម​បាន​ល្អ​ សូម្បី​សមាជិក​ថ្មី​ក៏​ឡើង​ជើង​ខ្លាំង​គួរ​ឲ្យ​កត់​សំគាល់។ ១១​សប្តាហ៍​កន្លង​ទៅ​នេះ​មាន​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​មុន​ពេល​ជើង​ទី​២​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។

ការ​ប្រកួត​រវាង​បឹងកេត និង​ណាហ្គាវើល

**១. គ្រាប់​បាល់​**

សរុប​ការ​ប្រកួត​ទាំង​អស់​​ក្នុង​ជើង​ទី​១​នេះ​មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​​២៣៦​គ្រាប់។ ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​នេះ​កើត​ឡើង​៖​

  • សប្តាហ៍​ទី​១​​ចំនួន​​​១៩​គ្រាប់

  • សប្តាហ៍​ទី​២​ចំនួន​១៧​គ្រាប់​

  • សប្ដាហ៍​ទី​៣​ចំនួន​​២៣​គ្រាប់​

  • សប្ដាហ៍​ទី​៤​ចំនួន​២២​គ្រាប់​

  • សប្តាហ៍​ទី​៥​ចំនួន​​២៥​គ្រាប់​

  • សប្តាហ៍​ទី​៦​ចំនួន​២១​គ្រាប់​

  • សប្តាហ៍​ទី​៧​ចំនួន​​១៥​គ្រាប់​

  • សប្តាហ៍​ទី​៨​ចំនួន​​១៦​គ្រាប់​

  • សប្តាហ៍​ទី​៩​ចំនួន​២៧​គ្រាប់​

  • សប្តាហ៍​ទី​១០​ចំនួន​​២៣​គ្រាប់​

  • ​សប្តាហ៍​ទី​១១​ចំនួន​​២៨​គ្រាប់​

២. កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន

​ជើង​ទី​១​កន្លង​​ផុត​​ទៅ​ ​​​កីឡាករ​បរទេស​​៨​នាក់​​ស្ថិត​ក្នុង​ចំណោម​​កីឡាករ​​១០​នាក់​ដែល​រក​បាន​គ្រាប់​​បាល់​ច្រើន​ជាង​គេ។

  • ខ្សែប្រយុទ្ធ​​អាស៊ី​អឺរ៉ុប​ Privat ស្ថិត​នៅ​លើ​គេ​ដោយ​រក​បាន​​​​​១៦​គ្រាប់​

  • សមាជិក​​ណាហ្គាវើល​ Bisan Georgeរក​បាន​​១៣​​គ្រាប់​

  • សមាជិក​បឹង​កេត​ Oiboh Julius ​​និង​ Maycon Calijuri ​រក​បាន​៩​គ្រាប់​ដូច​គ្នា​

  • កីឡាករ​វិសាខា​ Choe Myong-ho និង​​កីឡាករ​ស្វាយរៀង​ Trevin Caesar ​​រក​បាន​៨​គ្រាប់​ដូច​គ្នា

  • កីឡាករ​ Dzama Bata របស់​សូទីលូ​អង្គរ​ Shane Booysen របស់​ស្វាយរៀង​ និង​ Matew Osa ​របស់​ណាហ្គាវើល​រក​បាន​៧​គ្រាប់​ដូច​គ្នា​

  • កីឡាករ​កម្ពុជា​​របស់​វិសាខា​ សាន គឹមហេង និង​សមាជិក​ក្រសួង​ការពារ​ជាតិ​ រ៉ឹង ប៊ុនហៀង​រក​បាន​៦​គ្រាប់​ម្នាក់​

៣. ការ​ប្រកួត​​មាន​គ្រាប់​បាល់​ច្រើន​

ការ​ប្រកួត​ដែល​មាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​​ណាហ្គាវើល​​ឈ្នះ​វេស្ទើន​ភ្នំពេញ​ដោយ​លទ្ធផល​ ១០-១។ ក្រសួង​ការពារ​ជាតិ​​ឈ្នះ​វេស្ទើន​ភ្នំពេញ​ ៨-០ ក្នុង​សប្តាហ៍​ទី​៤​​ និង​​ព្រះ​ខ័នរាជ​ស្វាយរៀង​​​ក៏​​ឈ្នះ​វេស្ទើន​ភ្នំពេញ​ ៨-០​ ក្នុង​សប្តាហ៍​ទី​១១​ ដូច្នេះ​ក្រសួង​ការពារ​ជាតិ​ និង​ព្រះ​ខ័នរាជ​ស្វាយរៀង​ធ្វើ​បាន​​ Clean Sheet ​ដែល​មាន​គ្រាប់​បាល់​ស៊ុត​ចូល​គូ​ប្រកួត​ច្រើន​បំផុត។

៤. ក្រុម​បរាជ័យ​ទាំង​១១​ប្រកួត​​

ការ​ប្រកួត​១១​សប្តាហ៍​នៃ​ជើង​ទី​១​កន្លង​ទៅ​ វេស្ទើន​ភ្នំពេញ​ជា​ក្រុម​​​ដែល​យ៉ាប់​ជាង​គេ​គឺ​មិន​​ធ្លាប់​ឈ្នះ​ និង​មិន​​ធ្លាប់​ស្មើ​ ប៉ុន្តែ​​ចាញ់​ទាំង​១១​ប្រកួត​ដែល​​កំពុង​​ស្ថិត​នៅ​បាត​តារាង​​ជា​តំបន់​កាត់​ទៅ​លេង​​ពាន​លំដាប់​ទី​២។

ក្រុម​វេស្ទើន​ភ្នំពេញ

៥. ការ​ពិន័យ​

ការ​ពិន័យ​បាន​កើត​ឡើង​​ចំនួន​ក្នុង​ការ​ប្រកួត​ជើង​ទី​១​កន្លង​ទៅ​នេះ។ ការ​ពិន័យ​គួរ​ឲ្យ​កត់​សំគាល់​ដូច​ជា​គ្រូ​បង្គោល​ក្រសួង​ការពារ​ជាតិ​ ភា សុភ័ត្ត្រា​ ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូល​រួម​​​៣​ប្រកួត។ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រសួង​​ការពារ​ជាតិ​ និង​ព្រះ​ខ័នរាជ​ស្វាយរៀង​​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដាក់​ពិន័យ​​កីឡាករ​ស្វាយ​រៀង​៨​នាក់ ​៧​នាក់​ ​និង​​គ្រូ​ជំនួយ​ម្នាក់។ ​កីឡាករ​ស្វាយ​រៀង​៥​នាក់ ​ត្រូវ​ជាប់​ពិន័យ​៣​ខែ​ ​មិន​ឱ្យ​ចូល​លេង​បាល់​ឡើយ។ ចំណែក​ក្រសួង​ការពារ​ជាតិ​បាន​ពិន័យ​បញ្ចប់​កុងត្រា​កូរ៉េ​ខាង​ត្បូង​ Song Chi-hun និង​ពិន័យ​កាត់​ប្រាក់​ខែ​ Yudai Ogawa ​ចំនួន​២​ខែ។

៦. ការ​ដោះ​ដូរ​កីឡាករ

គិត​រហូត​ដល់​ពេល​​​នេះ​ក្លឹប​លីគ​កម្ពុជា​​មាន​ការ​ដោះ​ដូរ​ និង​នាំ​ចូល​​សមាជិក​​ថ្មី​មួយ​ចំនួន​ហើយ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ជើង​ទី​២។ សមាជិក​ក្លឹប​ថ្មី​ វិសាខា​ បាន​នាំ​ចូល​សមាជិក​២​នាក់​ដែល​សុទ្ធ​តែ​មាន​បទ​ពិសោធ​ច្រើន​គឺ​ សុខ សុវណ្ណ​ និង កែវ សុខផេង។ ក្លឹប​អ្នក​មាន​ភ្នំពេញ​ក្រោន​បាន​នាំ​ចូល​សមាជិក​ថ្មី​សញ្ជាតិ​ប្រេស៊ីល​ Valci Teixeira Júnior។ ចំពោះ​ក្លឹប​ការពារ​តំណែង​ជើង​​ឯក​ឆ្នាំ​ចាស់​ បឹងកេត ក៏​ទើប​បន្ថែម​ខ្សែប្រយុទ្ធ​ឆ្នើម​ ចាន់ វឌ្ឍនាកា និង​បញ្ចូល​យុវជន​ជា​ច្រើន​នាក់​ចូល​ក្រុម​ធំ​ ប៉ុន្តែ​ចប់​ជើង​ទី​២​ភ្លាម អ្នក​ចាំ​ទី​បទ​ពិសោធ​ច្រើន​ ស៊ូ យ៉ាទី​​ត្រូវ​បាន​ប្រកាស​ចាក​ចេញ​ពី​បឹងកេត។

អ្នក​ចាំ​ទី ស៊ូ យ៉ាទី

អត្ថបទ៖ ជាន ចាន់រ៉ា