ទៀត​ហើយ! Ed Sheeran ត្រូវ​គេ​ប្ដឹង​សា​ជា​ថ្មី រឿង​លួច​ចម្លង​បទ​ចម្រៀង

  • 2018-06-29 03:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៦ តារា​ចម្រៀង Ed Sheeran ត្រូវ​បាន​ទទួល​រង​ការ​ប្ដឹង​ម្ដង​រួច​មក​ហើយ​ ពី​ក្រុម​គ្រួសារ Ed Townsend ​រឿង​លួច​ចម្លង​​សាច់​ភ្លេង​បទ​ចម្រៀង "Let's Get It On” របស់​តារាចម្រៀង Marvin Gaye សម្រាប់​បទ​ចម្រៀង "Thinking Out Loud” របស់​លោក។

ដោយឡែកឥឡូវ​នេះ សារព័ត៌មាន TMZ បាន​អះអាង​ថា Ed Sheeran ត្រូវ​បាន​គេ​ប្ដឹង​ទារ​សំណង​ចំនួន ១០០ លាន​ដុល្លារ​ជុំវិញ​ករណី​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា​​របស់​ភាគី​មួយ​ផ្សេង​ទៀត។

បើ​តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា Structured Asset Sales ដែល​ជា​ក្រុមហ៊ុន​ទិញ​សិទ្ធិ​មួយ​ភាគ​បី​នៃ​កម្មសិទ្ធិ​បញ្ញា​របស់​លោក Ed Townsend ក្រោយ​លោក​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ ២០០៣​នោះ បាន​ដាក់​ពាក្យ​ប្ដឹង​តារា​ចម្រៀង​រូប​នេះ​ថា បទ​ចម្រៀង "Thinking Out Loud” របស់​លោក​បាន​លួច​ចម្លង​ពី​បទ​ចម្រៀង "Let's Get It On”។

តាម​ក្រុមហ៊ុន​មួយ​នេះ​ដែរ បាន​អះអាង​ថា ម្ចាស់​បទ​ចម្រៀង​ដ៏​ល្បី​រូប​នេះ​បាន​ប្រើប្រាស់​ទំនុក​ភ្លេង ចង្វាក់​ភ្លេង សាច់​ចុង​ជួន សាច់​ភ្លេង​ស្គរ និង​ចំណុច​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដូច​គ្នា​ទៅ​នឹង​បទរបស់តារាចម្រៀង Marvin Gaye។

ជុំវិញ​បញ្ហា​ប្ដឹង​ផ្ដល់​នេះ​ដែរ ខាង​សារព័ត៌មាន MailOnline កំពុង​ទាក់ទង​ទៅ​ខាង​តំណាង​តារា​ចម្រៀង​រូប​នេះ​ដើម្បី​ធ្វើ​ការ​បកស្រាយ។

គួរ​បញ្ជាក់​ដែរ​ថា បទ​ចម្រៀង "Thinking Out Loud” បាន​ក្លាយ​ជា​បទ​ចម្រៀង​ដ៏​ពេញ​​និយម​មួយ​សម្រាប់​ចាក់​ក្នុង​ពិធី​មង្គលការ។ បទ​ចម្រៀង​នេះ​ដែរ ទទួល​បាន​ការ​ចូល​ស្ដាប់​ជាង ១ ប៊ីលាន​អ្នក​លើ YouTube និង​ជា​បទ​ចម្រៀង​ដំបូង​ទទួល​បាន​ការ​ចូល​ស្ដាប់​ជាង ៥០០ លាន​នាក់​លើ​កម្មវិធី Spotify៕

ទស្សនាបទចម្រៀងខាងក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម