ពេល​ទៅ​ចាក់សាំង ៦ រឿង ត្រូវ​ប្រយ័ត្ន​បំផុត​ បើ​ស៊យធំអាច​នាំ​ទុក្ខ​ធំ​មិន​ខាន

  • 2018-07-16 08:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលចូលទៅ​ចាក់សាំង​តាម​ស្ថានីយ៍ អ្នកបើកបរ​មួយ​ចំនួន​មើលស្រាល​ស្ថានភាព​គ្រោះថ្នាក់ ដោយ​មានករណី​​ច្រើន​បាន​កើត​ឡើង​ដោយសារ​ការ​ធ្វេស​ប្រហែស។

យានយន្ត​សព្វ​ថ្ងៃ​នេះ ភាគ​ច្រើន​ប្រើប្រាស់​ប្រេង​សាំង​ជា​ឥន្ធនៈ​ ហើយ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មាន​​គ្រប់​​ទី​កន្លែង​​តាម​ដងផ្លូវជាតិ​ និង​ទីប្រជុំជន។ ប្រេង​សាំង​ជា​អង្គធាតុ​ងាយ​ឆាប​ឆេះ អាច​បង្ក​ជា​អគ្គីភ័យ ដែល​អាច​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់ជីវិត​បាន។ ដូចនេះ​ពេល​ចូល​​ទៅ​ចាក់​សាំង​តាម​ស្ថានីយ៍​ប្រង​ឥន្ធនៈ​ជា​រឿង​មួយ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់។

មាន​រឿង ៦ យ៉ាង​ដែល​អ្នក​បើក​បរ​គ្រប់​រូប​​ត្រូវ​ប្រយ័ត្ន​ ពេល​ចូល​ទៅ​ចាក់​សាំង៖

១. ពន្លត់​ម៉ាស៊ីន​យានយន្ត

ការបញ្ឆេះ​ម៉ាស៊ីន​ចោ​ល​ពេល​កំពុង​ចាក់​សាំង​ ជា​រឿង​គ្រោះ​ថ្នាក់​ដែល​ម្ចាស់​យានយន្ត​ភាគ​ច្រើន​មិន​បាន​ប្រុង​ប្រយ័ត្ន។ ជាការពិតណាស់ ពេល​ម៉ាស៊ីន​ដំណើរ​ការ​ប្រព័ន្ធ​ភ្លើង​ក្នុង​រថយន្ត​ក៏ដំណើរ​ការ​ដូច​គ្នា ដូចជា​រន្ធ​ដោត​បារី ១២ វ៉ុល​ជាដើម។ លើស​ពី​នេះ​ទៅ​ទៀត ក្បាល​ប៊ូស៊ី និង​ចំហេះក្នុង​ម៉ាស៊ីន​មាន​ថាមពល​គ្រប់​គ្រាន់​ អាច​បង្កើត​ជា​ចំហេះ​បាន​នៅ​ពេល​ដែល​សាំង​ចាប់​ផ្ដើម​ហួត​ចេញ ពី​ក្បាល​បាញ់​ពេល​កំពុង​ចាក់។​ ដូច្នេះ​វាមាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ពេល​ដែល​ចាក់​សាំង​មិន​ពន្លត់​ម៉ាស៊ីន​យានយន្ត។ នៅ​តាម​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​តែង​តែ​មាន​រូប​ និង​បំរាម​ឲ្យ​ពន្លត់​ម៉ាស៊ីន​ផង​ដែរ។

២. កុំ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ

មាន​ហេតុផល ២ ពី​ក្រោយ​ការ​ហាម​ប្រើប្រាស់​ទូរសព្ទ​ដៃ​។ ហេតុ​ផល​ទីមួយ​ គឺ​រលក​សញ្ញា​ចេញ​ពី​ទូរសព្ទ​ដៃ និង​ថ្ម​នៅ​ខាង​ក្នុង​អាច​បង្ក​ជា​ចំហេះ​បាន បើ​សិន​ជា​វា​ប៉ះ​ជាមួយ​រំហួត​របស់​សាំង តែ​នេះ​ជា​ហេតុផល​តូច​មួយ​ប៉ុណ្ណោះ។ ហេតុផល​ទី ២ ដែល​សំខាន់​បំផុត​នោះ​គឺ ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ​ ជា​ការ​រំខាន​អាច​ឲ្យ​អ្នក​បើកបរ​ភ្លេច​មើល​នូវ​អ្វី​ៗ​ជុំវិញ​ខ្លួន ដូច​ជា​ការ​លេច​ហៀរ​ពេល​ចាក់​ប្រេង​លើ​ចំណុះ​ជា​ដើម។ ដូចនេះ​ អ្នក​បើកបរ​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ពេល​ចូល​ចាក់​សាំង ព្រោះ​វា​ងាយ​ឆាប​ឆេះ​ខ្លាំង​ណាស់។

៣. កុំចេញ​ចូល​ក្នុងរថយន្ត​ពេល​ចាក់​សាំង

នៅ​​អាមេរិក អ្នក​អាច​ចាក់​សាំង​ដោយ​ខ្លួន​ឯង​មិន​បាច់​មាន​អ្នក​ចាក់​ឲ្យទេ​។ តែ​នៅ​ក្នុង​ស្រុក​យើង​វិញ មាន​បុគ្គលិក​តាម​ស្ថានីយ៍​ចាំចាក់​ឲ្យ​ជានិច្ច។ រឿង​មួយ​ដែល​ល្អ​បំផុត ពេលអ្នក​ចូលទៅ​ចាក់​សាំង​គឺ​​អង្គុយ​ក្នុង​រថយន្ត​ព្រោះ​ថា ការ​ចេញ​ពី​រថយន្ត​ហើយ​ចូល​វិញ អា​ចបង្កើត​ជា​ចរន្ត (Static Electricity) ដែល​កើត​ចេញ​ពី​ការ​កកិត​រាង​កាយ​របស់​យើង និង​កៅ​អី​ពូក​រថយន្ត​ដែល​អាច​បង្កើត​ជា​ផ្កា​ភ្លើង​ ហើយ​ឆាប​ឆេះ​រំហួត​របស់​សាំង​បាន។ អុីចឹង​ហើយ បើ​សិន​ជា​ចង់​ចេញ​ពី​រថយន្ត​ គួរ​តែ​ចាក់​សាំង​ឲ្យ​ចប់ បិទ​គម្រប ឲ្យ​បាន​ត្រឹម​ត្រូវ​សិន ហើយ​បើក​ចេញ​ពី​កន្លែង​ដៃ​សាំង សឹម​ចេញ​ពី​រថយន្ត។

៤. ហាម​ដាច់​ខាត រឿង​ជក់​បារី

នេះ​មិន​មែន​ជារឿង​លេង​សើច​ឡើយ តាម​ស្ថានីយ៍​ប្រេង​ឥន្ធនៈទាំង​អស់​តែង​តែ​មាន​បិទ​សញ្ញា​នេះជា​បម្រាម។ សាំង​ជា​អង្គធាតុ​ដែល​ងាយ​ឆាប​ឆេះ​បំផុត អុីចឹង​ហើយសូម្បី​តែ​កន្ទុយ​បារី ឬ​មាន​រងើក​តែ​បន្តិច វា​អាច​បង្ក​ជាសោក​នាដ​កម្មបាន។ ដូច្នេះ អ្នក​បើក​បរ​គ្រប់​រូប​មិន​ត្រូវ​ជក់​បារី​ដាច់ខាត នៅ​ក្នុង​បរិវេណ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ ជា​ពិសេស​គឺ​ពេល​កំពុង​ចាក់​សាំង​តែ​ម្ដង។

៥. មិន​ត្រូវ​ចាក់​សាំង​ទាល់​តែ​ហៀរ​នោះ​ឡើយ

ការ​ចាក់​សាំង​មួយ​ពេញ​ៗ មាន​ប្រយោជន៍​ច្រើន​ដល់​អ្នក​បើកបរ​ព្រោះ​នឹង​មិន​ខាត​ពេលចេញ​ចូល​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ញឹក​ញាប់។ ប៉ុន្តែ អ្នក​បើកបរគ្រប់​រូប​ត្រូវ​មើល​ឲ្យ​បាន​ល្អ ពេល​ដែល​សាំង​ហៀប​នឹង​ជិត​ពេញ ការពារ​កុំឲ្យ​វា​ហៀរ​ចេញ​មក​ក្រៅ។ ជា​ធម្មតា​ក្បាល​ចាក់​សាំង​នឹង​បញ្ឈប់ ពេល​ដែល​មាត់​វា​ប៉ះ​នឹង​កម្ពស់​សាំង​ដែលកើន​ឡើង​មក តែ​ពេល​ខ្លះ​វា​ក៏​អា​ច​មាន​បញ្ហា​ម្ដង​ម្កាល​ដែរ។ ការ​ហៀរ​សាំង​ចេញ​មក​ក្រៅ​វា​អាច​បង្ក​ជា​អគ្គិភ័យ​បាន ហើយ​វា​ក៏​ធ្វើ​ឲ្យ​ទឹក​ថ្នាំ​រថយន្ត​ដែល​វា​ហូរ​កាត់​នោះ​ឆាប់​ខូច​គុណភាព​ដែរ។

៦. មិន​ត្រូវ​ឲ្យ​កុមារ​តូច​ៗ​ចេញ​ពី​រថយន្ត​ឡើយ

អ្នក​បើក​បរ​ជា​ឪពុកម្ដាយ ឬ​អាណាព្យាបាលតែង​តែ​ដឹង​ស្រាប់ កុមារ​តូចៗ​ភាគ​ច្រើន​រពឹស ពិបាក​គ្រប់​គ្រង។ ដូចនេះ​ បើ​សិន​ជា​ពេល​ចូល​ចាក់​សាំង បណ្ដោយ​ឲ្យ​​ពួកគេ​ចេញ​ពី​រថយន្ត មិន​បាន​មើល​ត្រឹម​ត្រូវ​នោះ ពួក​គេ​អាច​ទៅ​ទាញ​ទុយោ​សាំង​លេង ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ដោយ​សារ សាំង​មិនត្រឹម​តែ​ឆាប​ឆេះ​លឿន​នោះ​ទេ តែ​វា​ក៏ជា​សារធាតុពុល​ ប្រសិន​បើ​ក្មេងៗ​ច្រឡំ​ផឹក​ ឬ​លិត​វា​នោះ។ ប្រការ​ល្អ គួរក្មេង​ដោយ​ផ្ទាល់​ដៃ បើ​ចង់​ចេញពី​រថយន្ត ហើយ​បើ​សិន​ជា​នៅ​ក្នុង​រថយន្ត​រង់ចាំ​ចាក់​សាំង​នោះ កុំភ្លេច​ចាក់​សោរទ្វារ​រថយន្ត​ផង។

ចុចអាន៖

ប្រភព៖ Quora | patch   ប្រែ​សម្រួល៖ ផាត សុវត្ថិ