វៀតណាមកើតទុក្ខមិនសុខចិត្ត ចង់ឲ្យ Facebook និយាយសុំទោស
- 2018-07-05 02:30:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមកើតទុក្ខមិនសុខចិត្ត ចង់ឲ្យ Facebook និយាយសុំទោស
ចន្លោះមិនឃើញ
រឿងចម្រូងចម្រាសមួយកំពុងកើតឡើងនៅក្នុងវៀតណាម គឺ Facebook មិនបានរាប់បញ្ចូលប្រជុំកោះចំនួន ២ (Paracel និង Spratly) នៅក្នុងផែនទីទឹកដីប្រទេសវៀតណាមនៅលើបណ្ដាញសង្គមរបស់ខ្លួនឡើយ ដោយផ្ទុយទៅវិញ Facebook បានដាក់ថា ប្រជុំកោះទាំងនេះគឺជារបស់ប្រទេសចិន។ ប្រជាជន និងរដ្ឋាភិបាលវៀតណាម បានបញ្ចេញប្រតិកម្មអវិជ្ជមានជាច្រើន និងបានស្នើឲ្យ Facebook កែប្រែកំហុសនេះឡើងវិញ។
Facebook បានទទួលស្គាល់បញ្ហានេះ ហើយប្រាប់ថា វាគឺជាការភាន់ច្រឡំ ដែលបណ្ដាលមកពីកំហុសបច្ចេកទេស ដោយមិនជាប់ពាក់ព័ន្ធនឹងគោលបំណងនយោបាយណាមួយទេ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing.vn បានឲ្យដឹងថា បច្ចុប្បន្ន Facebook បានកែតម្រូវផែនទីនោះហើយ តែនៅជំពាក់ពាក្យ "សុំទោស" មួយទៅកាន់ប្រទេសវៀតណាម។ សារព័ត៌មានដដែល បញ្ជាក់ថា មានមតិរិះគន់ជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមនៅវៀតណាម ចំពោះបញ្ហាខាងលើ ហើយទាមទារឲ្យ Facebook បង្ហើរពាក្យ "សុំទោស" អមជាមួយនឹងការពន្យល់ឲ្យបានក្បោះក្បាយមួយ។
Zing.vn បានស្រង់សម្ដីអ្នកប្រើប្រាស់មួយចំនួនដូចខាងក្រោម៖
"Facebook ត្រូវតែសុំទោស ហើយកែកំហុសរបស់ខ្លួនភ្លាមៗ។ បើមិនដូច្នោះទេ ខ្ញុំនឹងស្នើឲ្យសហគមន៍វៀតណាមឈប់ប្រើបណ្ដាញសង្គមនេះតទៅទៀត។ ខ្ញុំខ្លួនឯងនឹងលុបគណនី Facebook ចោលមុនគេ" នេះជាការលើកឡើងរបស់អ្នកប្រើប្រាស់ Facebook ម្នាក់ឈ្មោះ Nong Duc Minh។
"ពួកគេដោះស្រាយវាដោយស្ងាត់ៗ ប៉ុន្តែគួរណាសុំទោសមួយម៉ាត់។ វាមិនអាចទទួលយកបានទេថា វាកំហុសបច្ចេកទេស ដោយគ្មានការសុំទោសយ៉ាងម៉ឺងម៉ាត់មួយ" នេះជាសម្ដីរបស់លោក Phan Nhat Cao បុគ្គលិកទីផ្សារម្នាក់។
"Facebook បានជួសជុលបញ្ហាហើយ តែគួរសុំទោសចំពោះកំហុសនេះ" លោក Nguyen Minh អ្នកជំនាញផ្នែកទំនាក់ទំនងមួយរូប បាននិយាយប្រាប់។
សូមបញ្ជាក់ថា ជារឿយៗ វៀតណាមតែងប្រកាសដល់អន្តរជាតិថា ប្រជុំកោះ Paracel និង Spratly ជាអធិបតេយ្យភាពរបស់ខ្លួន ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ពេញលេញ និងភស្ដុតាងជាប្រវត្តិសាស្ត្រ។ រាល់សកម្មភាពដែលបំពានលើអធិបតេយ្យភាពនេះ ត្រូវវៀតណាមចាត់ទុកជាការប្រឆាំងទៅនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះរាប់បញ្ចូលទាំងអនុសញ្ញាអង្គការសហប្រជាជាតិលើច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ៕