វិធីសន្សំប្រាក់តាមប្រជាជនជប៉ុន ដើម្បីសល់ចាយទុកពេលចាស់ទៅ
- 2018-07-06 06:47:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសន្សំប្រាក់តាមប្រជាជនជប៉ុន ដើម្បីសល់ចាយទុកពេលចាស់ទៅ
ចន្លោះមិនឃើញ
ប្រៀបធៀបជាមួយប្រទេសដទៃ ជប៉ុនមិនសូវសម្បូរធនធានធម្មជាតិនោះទេ ការលក្ខខណ្ឌនៃការរស់នៅ និងការអភិវឌ្ឍន៍ក៏មានការកំណត់ច្រើន។ លក្ខខណ្ឌបែបនេះបានធ្វើឱ្យប្រទេសនេះត្រូវគេចងចាំថាជាប្រទេសដែលមានការសន្សំសំចៃ រិះថាំខ្ពស់ ចំណែកប្រជាជនធ្វើការមិនសូវមានពេលឈប់សម្រាកដូចប្រទេសដទៃឡើយ។
ជាមួយនឹងវប្បធម៌បែបនេះទើបធ្វើឱ្យប្រជាជនជប៉ុនចាប់ផ្ដើមចេះសន្សំសំចៃប្រាក់ដែលរកបាន ដើម្បីអាចសល់សម្រាប់ចាយវាយនៅពេលខ្លួនចាស់ រកអ្វីលែងកើតទៀត។
១. កាត់បន្ថយចំណាយណាដែលមិនចាំបាច់៖
បើអ្នកមានឱកាសបានរួមអាហារជាមួយក្រុមគ្រួសារប្រជាជនជប៉ុន អ្នកនឹងឃើញថា អាហារមួយចានៗមានបរិមាណតិចជាងអាហារនៅប្រទេសផ្សេង។ មិនមែនត្រឹមតែកាត់បន្ថយការញ៉ាំសាច់ប៉ុណ្ណោះទេ តែប្រជាជនជប៉ុនថែមទាំងកាត់បន្ថយអាហារណាដែលមិនសូវសំខាន់ ឬច្រើនជ្រុលសម្រាប់អាហារមួយពេល។ ជារួម ពួកគេញ៉ាំតែអាហារដែលល្មមឆ្អែត មិនឱ្យសល់ចោលម្ហូបនោះទេ។
បើនៅក្នុងអគារស្នាក់នៅរបស់ជនជាតិនេះវិញ អ្នកនឹងកម្រឃើញផ្ទះណាមានរបស់របរច្រើនស្អេកស្កះណាស់។ គេទុកតែរបស់ណាដែលត្រូវប្រើចាំបាច់ សូម្បីតែភ្លើងអគ្គិសនី សម្ភារៈប្រើប្រាស់ក៏ត្រូវគិតគូរល្អិតល្អន់ពីអាយុកាលនៃការប្រើប្រាស់ដែរ។ ពោលគឺសន្សំសំចៃតាមដែលអាចធ្វើទៅបាន។ ហេតុនេះហើយ អ្នកអាចឃើញមានគ្រឿងសង្ហារិមចាស់ៗតែនៅតែមើលឃើញថ្មី ដោយសារការសម្អាតជាប្រចាំ។
២. បែងចែកប្រាក់សន្សំសម្រាប់កូនៗជំនាន់ក្រោយ៖
កូនៗរបស់ជនជាតិជប៉ុនភាគច្រើនត្រូវបានបង្ហាត់បង្រៀនឱ្យចេះសន្សំសំចៃប្រាក់តាំងពីនៅតូចៗម្ល៉េះ។ ពួកគេតែងយល់ច្បាស់ថា បើសន្សំប្រាក់បានច្រើនកាលណា ពួកគេអាចទិញរបស់ល្អ មានគុណភាពខ្ពស់បានច្រើនកាលនោះ។ ក្រៅពីនេះ ឪពុកម្ដាយតែងអប់រំទូន្មានកូនៗឱ្យយល់ថា ការខ្ចីលុយគេចាយគឺជាកិរិយាមិនសមរម្យឡើយក្នុងសង្គមជប៉ុន។ ហេតុនេះហើយ ឱ្យតែមានឱកាស សិស្សសាលាវិទ្យាល័យរបស់ជប៉ុនតែងតែឆ្លៀតពេលធ្វើការបណ្ដើរ រៀនបណ្ដើរដើម្បីស្វែងយល់ពីសារសំខាន់នៃលុយ និងមានលទ្ធភាពចាយវាយខ្លួនឯងបាន។
៣. សន្សំរបស់ដែលអាចនៅប្រើកើត ឬប្រើឡើងវិញបាន៖
ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេលើពិភពលោកដែលបានប្រមូលរបស់ឬកាកសំណល់មកច្នៃឡើងវិញដើម្បីបង្កើតជាសម្ភារៈថ្មីមួយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ថ្មីៗនេះ ប្រដាប់ប្រដាជាច្រើនធ្វើពីប្លាស្ទីក ក្រណាត់ និងវត្ថុធាតុដើមក្នុងវិស័យសំណង់ ប្រេង ត្រូវបានកែច្នៃឡើងវិញ ហើយប្រើប្រាស់ដោយប្រជាជនជប៉ុនស្ទើរតែទូទៅទៅហើយ។
ប្រទេសនេះបានរកឃើញបច្ចេកវិទ្យាពិសេសក្នុងការកែច្នៃរបស់ចាស់ឱ្យអាចប្រើឡើងវិញបាន ដូចជាក្រដាសកាសែតចាស់ៗអាចច្នៃមកធ្វើជាឥន្ធនៈដែលមានកម្លាំងខ្លាំងសម្រាប់ប្រើក្នុងការដាំស្ល និងកម្ដៅផ្សេងៗ។
៤. សន្សំសំចៃពេលវេលា៖
សម្រាប់ជនជាតិជប៉ុន ពេលវេលាគឺពិតជាមាសប្រាក់។ ដូច្នេះប្រជាជននេះមិនដែលទុកពេលវេលាឱ្យរំលងហួសទៅដោយឥតខ្លឹមសារនោះទេ។ ឧទាហរណ៍ ដើម្បីសន្សំសំចៃពេលធ្វើដំណើរ ជប៉ុនមានរថភ្លើង Shinkansen ដែលជារថភ្លើងល្បីឈ្មោះលឿនបំផុតក្នុងលោក អាចរត់បានដល់ជាង ៥០០គ.ម ក្នុង១ម៉ោង។ ក្រៅពីរថភ្លើងនេះ គេនៅមានប្រព័ន្ធរថយន្តក្រុងដែលតែងមកដល់ទៀងពេល ហើយតែងប្រាកដថា អ្នកដំណើររបស់គេមានផាសុកភាពនឹងប្រើសេវាទាំងនេះ។
ជនជាតិនេះតែងតែឱ្យតម្លៃទៅលើការងារ។ ពេលលេង ឬពេលសម្រាក គឺពួកគេលេងយ៉ាងសប្បាយ តែបើចូលដល់ពេលធ្វើការ ពួកគេតែងផ្ដោតយ៉ាងខ្លាំងលើការងារ១០០% មិនយកពេលលេងមកលាយឡំឡើយ។ ហេតុនេះហើយ ទើបយើងឃើញថា រាល់ការងារ ឬទំនិញដែលធ្វើដោយប្រជាជនជប៉ុនតែងមានគុណភាពល្អលើសប្រទេសមួយចំនួនក្នុងពិភពលោក។
៥. វិធីសាស្ត្រផ្សេងទៀតក្នុងការសន្សំសំចៃ៖
តាមការស្ទង់មតិមួយធ្វើឡើងនៅឆ្នាំ២០១៤ បានរកឃើញថា ប្រជាជនជប៉ុនស្ទើរតែទាំងអស់បានអនុវត្តការសន្សំសំចៃ មិនថាក្មេងចាស់ ឬស្ថានភាពគ្រួសារបែបណានោះទេ។ មានវិធីមួយចំនួនដែលគេរកឃើញក្នុងការស្ទង់មតិនេះ ដែលប្រជាជនជប៉ុនប្រើដើម្បីសល់លុយ៖
ពួកគេសន្សំប្រាក់ដោយមានគោលដៅច្បាស់លាស់៖ បែងចែកមួយចំណែកសម្រាប់ការដើរកម្សាន្ត មួយចំណែកសម្រាប់ពេលឈឺ មួយចំណែកសម្រាប់ជួសជុលផ្ទះជាដើម។
តែងប្រៀបធៀបតម្លៃមុននឹងចំណាយ៖ ឧទាហរណ៍ថា ជំនួសឱ្យការទៅញ៉ាំអាហារក្រៅផ្ទះ បើអ្នកក្នុងផ្ទះយកបាយទៅញ៉ាំនៅកន្លែងធ្វើការ៣ដងក្នុងមួយអាទិត្យ ពួកអាចសន្សំបាន ៦៣០០០ យេន (ជាង៥០០ដុល្លារ) ក្នុងមួយឆ្នាំ ឬបើស្វាមីមិនផឹកស្រាថ្លៃៗ ទៅផឹកស្រាធម្មតា ពួកគេអាចសន្សំបាន ៣ម៉ឺនយេន (ជាង២០០ដុល្លារ) ក្នុងមួយឆ្នាំ។
១០ទៅ១៥% នៃចំណូលដែលរកបាន ត្រូវទុកប្រើសម្រាប់ការកម្សាន្តអារម្មណ៍។
ពេលទៅផ្សារទិញទំនិញម្ដងៗ ស្ត្រីមេផ្ទះជប៉ុនតែងកត់បញ្ជីទំនិញដែលត្រូវការជាមុន ហើយទិញដោយគិតច្បាស់លាស់ និងយកប្រាក់អាប់មកវិញ។
មុនបើកទូរទឹកកក ពួកគេដឹងច្បាស់ណាស់ថាអ្វីដែលត្រូវយក។ ពោលគឺបើកយកហើយបិទទៅវិញភ្លាមក្នុង៣វិនាទី ដើម្បីសន្សំសំចៃភ្លើង។
ទឹកក្ដៅដែលសល់ពីការងូតទឹកត្រូវទុកប្រើដើម្បីជូតសម្អាតផ្ទះ។
គ្រប់ផ្ទះតែងមានម៉ាស៊ីនសន្សំសំចៃថាមពល។
ទិញសម្លៀកបំពាក់តែពេលណាមានបញ្ចុះតម្លៃតែប៉ុននោះ៕
ចុចអាន៖