ចៃដន្យណាស់ ជើងខ្លាំងកម្ពុជា៣នាក់ ទាត់ថៃឲ្យសន្លប់ដូចគ្នាសប្ដាហ៍មុន
- 2018-07-10 03:00:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៃដន្យណាស់ ជើងខ្លាំងកម្ពុជា៣នាក់ ទាត់ថៃឲ្យសន្លប់ដូចគ្នាសប្ដាហ៍មុន
ចន្លោះមិនឃើញ
សម្រាប់ជំនួបមិត្តភាពអន្តរជាតិសប្ដាហ៍នេះតាមសង្វៀននានាក្នុងស្រុក មើលឃើញថាគូមិត្តភាពមានសន្លប់ច្រើនតែម្ដង ដោយឡែក Idol ក្នុងដួងចិត្តប្រិយមិត្តនិយមគុនខ្មែរ ៣រូប រួមមាន កែវ រំចង់ រឿង សោភ័ណ្ឌ និង ផល សោភ័ណ្ឌ សុទ្ធតែប្រើរន្ទះជើងផ្ដួលដៃគូឲ្យសន្លប់ដូចៗគ្នា។
**កែវ រំចង់**
កីឡាករមកពីខេត្តបាត់ដំបងរូបនេះ តាំងពីវិលចូលសង្វៀនវិញផ្ដួលដៃគូឲ្យសន្លប់ ៥ដង ជាប់ៗគ្នាតែម្ដង។ គេសង្កេតឃើញថា បន្ទាប់ពីវិលចូលសង្វៀនជាថ្មីនេះ រំចង់ មានស្នៀតទាត់បានល្អ និងធ្ងន់ៗ សម្រាប់ការប្រកួតចុងក្រោយ កាលពីរសៀលថ្ងៃសៅរ៍ ទី៧ ខែកក្កដា ២០១៨ នៅសង្វៀនបាយ័នស្ទឹងមានជ័យ អ្នកលេងគុនខ្មែរខាងលើ ទាត់ជើងក្រោមកីឡាករ Taksila ឲ្យខូចជើងឆ្វេងនៅចុងទឹកទី៣។
ផល សោភ័ណ្ឌ
កីឡាករល្អគ្រប់ក្បាច់ខាងលើនេះ ប្រហែសមិនបានឡើយ ជាអ្នកប្រដាល់ដែលតែងតែត្រៀមខ្លួនសម្រាប់ការប្រកួតបានល្អ ហ្វឹកហាត់បានដិតដល់។ សោភ័ណ្ឌ ក៏ផ្ដួលថៃឲ្យសន្លប់ដោយសារទាត់ផងដែរ ពោលហាក់ប្លែកបន្តិច ដោយលើកនេះ ឃើញអ្នកលេងគុនខ្មែរមកពីខណ្ឌដង្កោរូបនេះ ជន្ល ឬញ៉ាកបន្តិច រួចលោតទាត់ផ្កាប់ចានចូលថ្ងៃមុខកីឡាករថៃ Rong Napha ឲ្យសន្លប់ពាក់កណ្ដាលទឹក៤ កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែកក្កដា ២០១៨។
រឿង សោភ័ណ្ឌ
ជើងខ្លាំងទើបមកពីបារាំងរូបនេះ នៅតែល្អបើទោះខកខានឡើងសង្វៀននៅកម្ពុជាប្រហែល៤ខែក្ដី ប៉ុន្តែនៅតែបង្ហាញទម្រង់វ៉ៃដោយបច្ចេកទេស និងរកចន្លោះប្រហោងផ្ដួលដៃគូយកឈ្នះបានដដែល។ កូនសិស្សលោកគ្រូ ឈិន ក្វាន់ចៃ ម្នាក់នេះ ជួបដៃគូមានមាឌធំជាង និងជាអ្នកខ្លាំងមកពីខេត្តសូរិនរបស់ថៃទៀតផង។ មុនការប្រកួតថៃ Fai Pa ពិតជាចង់ប្រកួតជា សោភ័ណ្ឌ ព្រោះឮថាជាជើងខ្លាំង ថែមទាំងផ្ដួលថៃសន្លប់ច្រើនមកហើយ។ ម្ចាស់ខ្សែក្រវាត់គោជល់ ២គ្រឿង រូបនេះ ដូចជាបានគិតថាត្រូវវ៉ៃយ៉ាងណា ឬប្រើស្នៀតអ្វីនោះរួចហើយមុនការប្រកួតមកដល់។ ដូចទៅនិងការត្រៀមស្នៀតមែន សោភ័ណ្ឌ និងប្រើជើងច្រើនដើម្បីផ្ដួលកីឡាករមាឌមាំ និងល្អកណ្ដាប់ដៃនេះ។ នាដើមទឹកទី២ អ្នកលេងគុនខ្មែរមកពីខេត្តកណ្ដាលរូបនេះ វ៉ៃ ១ ២ បញ្ឆោត រួចទាត់ជើងឆ្វេងស្របពេលដៃគូដាក់ឃុំចុះ ក៏ត្រូវចំថ្គាមពេញតែម្ដង មិនអាចបន្តការប្រកួតតទៅទៀត នាជំនួបមិត្តភាពសង្វៀន CNC កាលពីថ្ងៃអាទិត្យ ទី៨ ខែកក្កដា ២០១៨។
វីដេអូប្រកួត៖