Marcelo ហាក់​ផ្ដល់​ចម្លើយ​ទាក់ទង​ពាក្យ​ចចាមអារ៉ាម​ថា​អាច​តាម Ronaldo ទៅ Juventus

  • 2018-07-12 15:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ខ្សែ​ស្លាប Marcelo បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ ធ្វើ​ការ​សរសើរ Cristiano Ronaldo។ ទោះ​ជា​យ៉ាង​ណា នៅ​ផ្នែក​ខាង​ចុង​នៃ​សារ​មួយ​នេះ ហាក់​បង្ហើប​ថា កីឡាករ​ប្រេស៊ីល​អាច​ទៅ​ចូល​រួម​ជាមួយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​នៅ​ក្លឹប Juventus។

Marcelo បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Instagram ដើម្បី​ធ្វើ​ការ​រំលឹក​អនុស្សាវរីយ៍ និង​កោត​សរសើរ​ខ្សែ​ប្រយុទ្ធ Ronaldo ក្នុង​អំឡុង​ពេល​ជិត​ ១០ ឆ្នាំ​ដែល​កីឡាករ​លេង​ឲ្យ​ក្លឹប Real Madrid។ ទោះ​ជា​យ៉ាង​ណា នៅ​ចុង​បញ្ចប់​នៃ​សារ​នោះ ស្រាប់​តែ​ខ្សែ​ស្លាប​ប្រេស៊ីល​បាន​សរសេរ​ថា៖ "ពួក​យើង​នឹង​លេង​ជាមួយ​គ្នា​ម្ដង​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ"។

ការ​ថ្លែង​របស់ Marcelo នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា កីឡាករ​ប្រេស៊ីល​អាច​នឹង​តាម​ Ronaldo ទៅ Juventus ដោយ​សារ​មិត្ត​ភាព​ជិតស្និទ្ធ និង​ការ​លេង​ត្រូវ​ជើង​គ្នា​រវាង​កីឡាករ​ទាំង​ពីរ។ លើស​ពី​នេះ ប្រភព​នៅ​អ៊ីតាលី កាល​ពី​ពេល​ថ្មី​ៗ​នេះ ថែម​ទាំង​បាន​លើក​ឡើង​ថា Ronaldo បាន​ប្រាប់​ប្រធាន​ក្លឹប Juventus ឲ្យ​ធ្វើ​ការ​ផ្ទេរ Marcelo ទៀត​ផង។

កាល​ពី​យប់​ថ្ងៃ​អង្គារ​ (ម៉ោង​នៅ​កម្ពុជា) កន្លង​ទៅ Real Madrid បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា Ronaldo បាន​យល់​ព្រម​ចូល​រួម​ជាមួយ Juventus។ តម្លៃ​ផ្ទេរ​ត្រូវ​បាន​គេ​ជឿ​ថា​ស្ថិត​ក្នុង​រង្វង់ ១០០ លាន​អឺរ៉ូ (ឬ ១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម