Modric ​កីឡាករ​សក្ដិសម​ឈ្នះ Ballon d'Or ​ជាង Ronaldo ​ឬ Messi

  • 2018-07-13 01:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ​បន្ទាប់​ពី​រូបគេ​អាច​ជួយ​ក្រុម​ប្រទេស​តូច​មួយ​នេះ ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ​បាន។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រូអាត​នឹង​ត្រូវ​ប៉ះ​ជាមួយ​បារាំង ​ដើម្បី​កាត់​សេចក្ដី​យក​ម្ចាស់​ពាន​រង្វាន់ World Cup 2018 ។ ​អ្នក​វិភាគ​ជា​ច្រើន​បាន​គិត​ថា Modric ​មិន​ចាំ​បាច់​ឈ្នះ World Cup ​ឆ្នាំ​នេះ​ទេ ​ក៏​រូបគេ​បាន​ឆក់​យក​បេះដូង​អ្នក​ស្រលាញ់​វិស័យ​បាល់ទាត់​ពិត​ប្រាកដ​បាន​បាត់​ទៅ​ហើយ ​ចំពោះ​ទម្រង់​លេង​របស់​គេ​កន្លង​មក​នេះ។ ដូច្នេះ Ballon d'Or ​ឆ្នាំ​នេះ ​សក្ដិសម​បំផុត​សម្រាប់​កីឡាករ​ដែល​ឈ្នះ Man Of The Match ​សឹង​រាល់​ប្រកួត​ឱ្យ​ក្រូអាត​ម្នាក់​នេះ។

ចុះ​បើ​និយាយ​អីចឹង ​តើ Cristiano Ronaldo ​និង Lionel Messi ​វិញ ទុក​នៅ​ឯ​ណា? កីឡាករ​២​នាក់​នេះ ​បាន​ផ្លាស់​ប្ដូរ​គ្នា​យក​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ខាង​លើ​នេះ ​ម្នាក់​ម្ដង ​តាំង​ពី​ឆ្នាំ​២០០៨​មក។ ការ​ផ្លាស់​ប្ដូរ​នេះ គឺ​សក្ដិសម ព្រោះ​ថា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ពួកគេ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន។ ប៉ុន្តែ​ឆ្នាំ​នេះ ​គឺ​ខុស​ពី​ឆ្នាំ​មុន​នោះ Modric ​បាន​បង្ហាញ​ថា រូបគេ​ក៏​ជា​កីឡាករ​កំពូល​ម្នាក់​ដែរ ​មិន​មែន​តែ​លេង​នៅ Real Madrid ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​នៅ World Cup ​ឆ្នាំ​នេះ ​គ្រូ​បង្វឹក​ទាំង​អស់ ដែល​ប៉ះ​ក្រូអាត គឺ​ញញើត​កីឡាករ​ពាក់​អាវ​លេខ​១០​នេះ​ឯង។

Messi ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ La Liga ​និង​ជួយ​ក្រុម FC Barcelona ​លើក​ពាន​លីគ​កំពូល​អេស្ប៉ាញ និង Cup ​ផង​ដែរ។ ប៉ុន្តែ​បើ​ងាក​មក​មើល ​នៅ World Cup ​ឆ្នាំ​នេះ​វិញ ​រូបគេ​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន​ឡើយ ​ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម ​ក្រោម​ថ្វី​ជើង​របស់​បារាំង។ ខណៈ​ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រូអាត​វិញ ​ពួកគេ​បាន​បរាជ័យ​ក្នុង​លទ្ធផល ៣-០ ​ឯ​ណោះ។

ទៅ​មើល Ronaldo ​វិញ ​នៅ Real Madrid ​រូបគេ​ជា​កីឡាករ​ឆ្នើម​ជួយ​ក្រុម​ឈ្នះ​ពាន UEFA Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា ​និង​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ។ ប៉ុន្តែ​នៅ World Cup ​ព័រទុយហ្គាល់ ​មាន​វាសនា​មិន​ខុស​ពី​អាហ្សង់ទីន​ទេ ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ក្រោម​ថ្វី​ជើង​របស់​អ៊ុយរុយហ្គាយ។

ចំណែក​ឯ Modric ​វិញ ​មាន​តែម​ជាង​គេ​ខ្លាំង ត្រង់​ថា​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា​ហើយ ​ថែម​ទាំង​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ថែម​ទៀត។ កីឡាករ ទាំង​នៅ Real Madrid ​និង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​សុទ្ធ​តែ​សរសើរ​ចំពោះ​ទឹក​ចិត្ត​និង​ទម្រង់​លេង​របស់ Modric ​ទាំង​អស់។

យ៉ាងណាមិញ ​នេះ​គ្រាន់​តែ​ជា​ការ​វិភាគ​ប៉ុណ្ណោះ ​លទ្ធផល​យ៉ាង​ណា ​ចាំ​មើល​ខាង​ក្រុម​ការងារ Ballon d'Or ​ជា​អ្នក​ប្រកាស ​ព្រោះ​ពួកគេ​សុទ្ធ​តែ​ជា​អ្នក​កាសែត​ល្បី​មាន​បទ​ពិសោធ​ច្រើន​របស់​ប្រទេស​បារាំង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម