អ្នកស្ម័គ្រចិត្តជួយសង្គ្រោះក្មេង ចេញពីរូងភ្នំថាំហ្លួង នឹងទទួលបានរង្វាន់ពិសេសមួយ

  • 2018-07-14 03:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ពី​គម្រោង​របស់​ខ្លួន ក្នុង​ការ​ផ្ដល់​រង្វាន់ «វិស្សមកាល​រយៈពេល​មួយ​សប្ដាហ៍» ចំពោះ​អ្នក​ស្ម័គ្រចិត្ត​ជួយ​សង្គ្រោះ​បរទេស ដែល​បាន​ចូល​រួម​ជួយសង្គ្រោះ​ក្រុម​បាល់ទាត់​ជ្រូកព្រៃ ចេញ​ពី​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ។

អ្នកមុជទឹកជនជាតិអង់គ្លេសទាំង៣ គឺលោក Richard William Stanton, លោក Robert Charles Harper និង លោក John Volanthen

គួរ​រំលឹក​ថា នៅ​ក្នុង​ប្រតិបត្តិការ​រយៈពេល ១៨ថ្ងៃ ក្រុម​អ្នក​ស្ម័គ្រចិត្ត​មក​ពី​បណ្ដា​ប្រទេស​ជាច្រើន បាន​ពួត​ដៃ​គ្នា​ជួយ​សង្គ្រោះ​ក្មេង​ទាំង ១៣នាក់​ចេញ​ពី​រូង​ភ្នំ​ខាង​លើ​ដោយ​ជោគជ័យ។

អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន​ដែល​កំពុង​ស្នាក់​នៅ​ខេត្ត​ឈៀងរ៉ាយ ឬ ទីក្រុង​បាងកក បាន​ទទួល​យក​រង្វាន់​ពិសេស​នោះ​រួច​ហើយ ប៉ុន្តែ​អ្នក​ដែល​សម្រេចចិត្ត​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ប្រទេស​របស់​ពួកគេ​ភ្លាមៗ នៅ​តែ​អាច​មក​ទទួល​យក​រង្វាន់​នេះ​បាន។ នេះ​បើ​តាម​សម្ដី​លោក Worawit Taechasupakul លេខាធិការ​ក្រសួង​ទេសចរណ៍ និង​កីឡា។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា រង្វាន់ «វិស្សមកាល​រយៈពេល​មួយ​សប្ដាហ៍» នេះ​មាន​រួម​បញ្ចូល​ទាំង សំបុត្រ​យន្តហោះ​ប្រភេទ Business Class ទៅ​មក​នៃ​អាកាសចរណ៍​ថៃ , កន្លែង​ស្នាក់​នៅ , ក្លាយ​ជា​សមាជិក Thailand Elite ដែល​មាន​ទិដ្ឋាការ​ធ្វើដំណើរ​រយៈពេល ៥ឆ្នាំ។

ការ​ចូល​ជា​សមាជិក Thailand Elite តាម​ធម្មតា​មាន​តម្លៃ ៥២០ ០០០បាត ឬ​ស្មើ​នឹង ១៥ ៦០០ដុល្លារ ដែល​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដូច​ជា ទទួល​បាន​សេវា​ព្រលានយន្តហោះ និង​សេវា​អន្តោប្រវេសន៍​ពិសេស , សិទ្ធិ​ចូល​លេង​ក្លិប​កីឡា​វាយ​កូនគោល រួមទាំង ការ​បញ្ចុះ​តម្លៃ​លើ​ស្ប៉ា និង ការ​ទិញ​ឥវ៉ាន់​ជា​ដើម។

ទោះ​បី​ជា​យ៉ាង​ណា លោក Yuthasak Supasorn អភិបាល​ខេត្ត​ឈៀងរ៉ាយ បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​អ្នកស្ម័គ្រចិត្ត​ដែល​ទទួល​បាន​រង្វាន់​នេះ មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ ហើយ​ពួកគេ​នឹង​ពិភាក្សា​លម្អិត​បន្ថែម​ទៀត នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់ នា​ចុង​ខែ​នេះ​តែម្ដង៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី