មក​ដឹង​រឿង​រ៉ាវ​ពិត​ៗ ​ចម្លែក គួរ​ឲ្យ​ចាប់អារម្មណ៍ទាំង​៥ គ្រប់​គ្នា​ធ្លាប់​ឃើញ​តែ​ក្នុង​សៀវភៅ​ព្រេងនិទាន

  • 2018-07-15 08:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ចូលចិត្ត​អាន​សៀវភៅ​ព្រេងនិទាន ដែល​មាន​សាច់​រឿង​ចម្លែក​ៗ អាថ៌កំបាំង​គួរ​ឲ្យ​ព្រឺព្រួច​មួយ​ចំនួន​ ប្រាកដ​ជា​គិត​ថា រឿងរ៉ាវ​ទាំង​នោះ បែប​គ្រាន់​តែ​ជា​ការ​ប្រឌិត​ឡើង និង​គ្មាន​រូបរាង​ពិត​ប្រាកដ​លើ​លោក​នេះ​ទេ។ ប៉ុន្តែ​ជាក់​ស្ដែង រឿង​ខ្លះ​ពិត​ជា​ កើត​មាន​ឡើង​មែន។

១. មនុស្ស​ចចក

បើ​តាម​រឿង​ព្រេង​និទាន រាជបុត្រ​មួយ​រូប បាន​ត្រូវ​បណ្ដាសា​ធ្មប់ ហើយ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ចចក។ ដើម្បី​អាច​ដោះ​បណ្ដាសា​នោះ​បាន លោក​ត្រូវ​ស្វែង​រក​ស្នេហា​ពិត​ឲ្យ​ឃើញ។

រឿង​រ៉ាវ​មនុស្ស​ចចក​នេះ គឺ​មាន​ពិត​មែន​លើ​ពិភពលោក​នេះ។ ក្នុង​ឆ្នាំ ១៥៣៧ នៅ​តំបន់ Tenerife នៃ​ប្រទេស​អេស្ប៉ាញ មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Petrus ​កើត​មក​មាន​រូបរាង​មិន​ប្រក្រតី ដោយ​រូបរាង​កាយ​របស់​គេ ពោរពេញ​ទៅ​ដោយ​រោម។ ក្រុម​គ្រួសារ​របស់​គេ បាន​គិត​ថា​ Petrus កើត​ជម្ងឺ​ចម្លែក​បែប​នេះ ដោយ​សារ​តែ​ត្រូវ​អំពើ​របស់​ព្រាយ​បិសាច។ អាយុ​បាន ១០ ឆ្នាំ ឪពុក​ម្ដាយ Petrus បាន​លក់​គេ​ទៅ​ឲ្យ​ក្រុម​ក្បួន​របស់​ប្រទេស​បារាំង។

ដោយ​ស្ដេច​បារាំង​សង្កេត​ឃើញ​ថា Petrus​ ជា​ក្មេង​ម្នាក់​ដ៏​ឆ្លាត ហើយ​ថែម​ទាំង​រៀន​ភាសា​បារាំង​ឆាប់​ចេះ​ទៀត​នោះ ព្រះ​អង្គ​បាន​បង្ហាត់បង្រៀន​ក្មេង​មនុស្ស​ចចក​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ក្រោយ​ព្រះអង្គ​ចូល​ទិវង្គត ព្រះ​មហាក្សត្រិយានី Catherine de  Médici បាន​គ្រប់គ្រង និង​មើល​ថែ​លើ Petrus​ ទាំង​ស្រុង។ ក្រោយ​មក​ ព្រះ​មហាក្សត្រិយានី​រូប​នេះ បាន​រៀប​ការ​លោក​ទៅ​នឹង​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់។ ក្រោយ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ពួក​គេ​ទាំង​២​នាក់​ទទួល​បាន​កូន​ចំនួន ៦​នាក់​ជា​ចំណង​ដៃ កូន​៤​នាក់​របស់​ពួក​គេ បាន​កាត់​ទៅ​រក​ឪពុក។

២. មនុស្ស​មាន​ជើង ៣

បុរស​ម្នាក់​ឈ្មោះ Francesco Lentini បាន​កើត​ក្នុង​ឆ្នាំ ១៨៨៩ ក្នុង​ប្រទេស​អ៊ីតាលី នៃ​គ្រួសារ​មួយ​ដែល​មាន​​បង​ប្អូន​ប្រុស​ស្រី​ចំនួន ១២ នាក់។ បង​ប្អូន​ចំនួន ១១ នាក់ គឺ​មាន​សុខភាព​ល្អ​ធម្មតា ខុស​គេ​តែ Francesco កើត​មក​មាន​ជើង​រហូត​ដល់​ទៅ ៣។

៣. កុមារ​អាយុ ៤ ឆ្នាំ​វ័យ​ឆ្លាត​ជាង​គេ​បំផុត

ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Christian Heinrich Hieneken បាន​កើត​​ក្នុង​ឆ្នាំ ១៧២១ ក្នុង​ទីក្រុង  Lübeck នៃ​ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់។ កុមារា​ដែល​ឆ្លាត​វៃ​ជាង​គេ​រូប​នេះ អាច​ស្គាល់​ឈ្មោះ​​គ្រប់​វត្ថុ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន ក្នុង​វ័យ​ត្រឹម​តែ ១០ ខែ។ ចម្រើន​វ័យ​បាន ១ ឆ្នាំ គេ​អាច​និយាយ​ព័ត៌មាន​លំអិត​ពី​គម្ពីរ​ឡាទីន ដែល​និយាយ​ពី​ប្រវត្តិ​របស់​ភាសា​ដាណឺម៉ាក។

តែ​ជា​អកុសល ជីវិត​របស់ Christian គឺ​ខ្លី​ពេក។ គេ​ឃើញ​ជំងឺ​កាច​សាហាវ​មួយ ហើយ​ក៏​បាន​ស្លាប់​ក្នុង​ឆ្នាំ ១៧២៥ ក្នុង​វ័យ​ត្រឹម​តែ ៤ ឆ្នាំ​ប៉ុណ្ណោះ។

៤. មនុស្ស​អូដ្ឋ

ក្មេង​ស្រី​ម្នាក់​ឈ្មោះ Ella Harper កើត​ក្នុង​ឆ្នាំ ១៨៧០ ក្នុង​ក្រុង Hendersonville នៃ​រដ្ឋ Tennessee របស់​សហរដ្ឋ​អាមេរិក។ ពេល​​កើត​មក​ នាង​បាន​ប្រឈម​នឹង​ជំងឺ​ម៉្យាង​ដែល​ធ្វើ​ឲ្យ​ជង្គង់​របស់​នាង​បត់​ក្រោយ ១៨០ ដឺក្រេ។ ដោយ​កើត​មក​មាន​លក្ខណៈ​ខុស​គេ​បែប​នេះ Ella Harper តែង​តែ​ដើរ​ទៅ​ណា​មក​ណា ដោយ​ប្រើប្រាស់​ជើង និង​ដៃ​ទាំង​២​របស់​នាង។ ដោយ​ដើរ​ជើង​៤​បែប​នេះ ទើប​គ្រប់​គ្នា​ដាក់​រហស្សនាម​ឲ្យ​នាង​ថា ជា​ក្មេង​ស្រី​អូដ្ឋ។

៥. កូន​ភ្លោះ​ដ៏​ចម្លែក

កូន​ស្រី​ភ្លោះ​ទាំង​២​រូប​នេះ ម្នាក់​ឈ្មោះ June និង​ម្នាក់​ទៀត​ឈ្មោះ Jennifer Gibbons។ ពួក​គេ​កើត​ក្នុង​ឆ្នាំ ១៩៦៣ នៅ​រដ្ឋធានី ​Barbados។ ក្មេង​ទាំង​២​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ក្មេង​ទូទៅ ដោយ​សារ​តែ​ពួក​គេ​មិន​ចេះ​និយាយ​ស្ដី​ដាក់​នរណា​ឡើយ ដោយ​ហេតុ​នេះ មនុស្ស​គ្រប់​គ្នា​គិត​ថា​ពួក​គេ​ជា​ក្មេង​មិន​គ្រប់​ទឹក។

ក្រោយ​ពី​ផ្លាស់​ទៅ​នៅ​ប្រទេសWales ឪពុក​ម្ដាយ​របស់ June និង Jennifer បាន​រក​ឃើញ​ថា កូន​ៗ​របស់​ពួក​គេ មិន​មែន​ឆ្កួត​អត់​គ្រប់​ទឹក​ដូច​គ្រប់​គ្នា​ថា​នោះ​ទេ។ តាម​ពិត​ទៅ​ ពួក​គេ​បាន​និយាយ​រក​គ្នា​ក្នុង​ភាសា​មួយ​ដែល​មាន​តែ​គេ​២​នាក់​ប៉ុណ្ណោះ​ទើប​យល់។ ប៉ុន្តែ​បើ​មាន​មនុស្ស​ណា​មក​ជិត​នោះ ពួក​គេ​ឈប់​និយាយ​គ្នា​ភ្លាម។

ក្រោយ​មក ឪពុកម្ដាយ​របស់​ពួក​គេ​ព្យាយាម​បំបែក​ ដោយ​ឲ្យ​រៀន​សាលា​ផ្សេង​គ្នា ដើម្បី​ឲ្យ​គេ​ចេះ​ទាក់ទង​នឹង​មនុស្ស​ខាង​ក្រៅ​ខ្លះ ប៉ុន្តែ​អ្វី​ៗ​កាន់​តែ​អាក្រក់ ក្មេង​ភ្លោះ​ទាំង​២​រូប​នោះ បាន​ចាប់​ផ្ដើម​ខឹង​ឆេវឆាវ​ខ្លាំង​ឡើង។ បើ​ទោះ​បី​ជា​ពួក​គេ​មិន​សូវ​បាន​រៀន​សូត្រ​ពិត​មែន ប៉ុន្តែ​ពួក​គេ​អាច​សរសេរ​អក្សរ​បាន។ ក្មេង​ទាំង​២​នេះ ចំណាយ​ពេល​របស់​ពួក​គេ​សឹង​តែ​ទាំង​អស់​នៅ​ក្នុង​បន្ទប់ និង​សរសេរ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​អ្វី​ៗ​ដែល​ពួក​គេ​សរសេរ​គឺ​ចម្លែក​ៗ និង​គួរ​ឲ្យ​ខ្លាច។

​ក្រោយ​មក​ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ព្យាបាល។ មិន​យូរ​ប៉ុន្មាន Jennifer បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​គាំង​បេះដូង។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា ក្រោយ​ Jennifer បាន​ស្លាប់​ទៅ June ចាប់​ផ្ដើម​ចេះ​និយាយ​ទៅ​កាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នាង ហើយ​បាន​រស់​នៅ​ជីវិត​សាមញ្ញ​ធម្មតា​ដូច​មនុស្ស​ទូទៅ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម