មកស្វែងយល់ពី​មុខរបរ​ផលិតគ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្ដៅ របស់​អ្នក​ស្រុក​ឈូក ខេត្ត​កំពត

  • 2018-07-15 10:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវកម្ម​ខ្លះ​បាន​ផ្លិចបំផ្លាញ​ធនធានធម្មជាតិ ដែល​ធ្វើ​ឲ្យ​មហាជន​មិន​សូវ​ជា​សប្បាយ​ចិត្ត​នោះទេ ប៉ុន្ដែ អ្នកភូមិ​ព្រែក​ត្នោត ឃុំព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត បាន​កាប់​ផ្ដៅ​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារិម​ពិត​មែន ប៉ុន្ដែ​ពួកគេ​បាន​បង្កើត​ទៅ​ជា​សហគមន៍ ដើម្បី​ថែរក្សា​វិញ។ ការ​ថែរក្សា​ដើម្បី​ឲ្យ​កុំ​ឲ្យ​ផ្ដៅ​បាត់​បង់​ផង និង​​ឲ្យ​អាជីវកម្ម​​មាន​និរន្តភាព​ផង។

១. លោក រ័ត្ន រ៉ែម វ័យ៦៤ឆ្នាំ ជា​ប្រធាន​សហគមន៍​ផលិត​គ្រឿង​សង្ហារិម​ពី​ផ្តៅ នៅ​ភូមិ​ព្រែក​ត្នោត ឃុំព្រែក​ត្នោត ស្រុក​ទឹកឈូក ខេត្ត​កំពត។ នៅមុន​ប្រកប​របរ​នេះ លោក​ គឺជា​អ្នក​នេសាទ​សមុទ្រ និង ជា​អ្នក​ដឹក​ត្រី​លក់​ម្នាក់។ លោក​បាន​ចូលរួម​នៅ​ក្នុង​សហគមន៍​នៅ​ឆ្នាំ ២០០២ និង​ចាប់​ផ្ដើម​ផលិត​គ្រឿង​សង្ហារិម​ពីផ្តៅ នៅ​ឆ្នាំ ២០០៧។

២. សហគមន៍ មិនមែន​ប្រើ​តែ​ផ្ដៅ​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ពួកគេ​ថែម​ទាំង​បណ្ដុះ និង​ដាំ​ផ្តៅ​ឡើងវិញ​នៅ​លើ​ដី​សហ​គមន៍​ផងដែរ។ ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ឱ្យ​អាជីវ​កម្ម​របស់​ពួក​គេ​មាន​និរន្តរភាព។ នៅ​ក្នុង​រូបនេះ លោក រ័ត្ន រ៉ែម កំពុង​កាប់​ផ្ដៅ​ដែល​លោក​បាន​ដាំ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន យក​ទៅ​ប្រើប្រាស់។ ជាធម្មតា ការ​ឡើង​ភ្នំ​រកផ្តៅ ជា​ភារកិច្ច​របស់​សមាជិក​សហគមន៍។ សមាជិក​ដែល​រក​ផ្ដៅ​បាន​ នឹង​ទទួល បាន​ប្រាក់​កម្រៃ​ទៅ​តាម​បរិមាណ​ផ្ដៅ​ដែល​ពួក​គេ​រក​បាន។

៣. ផ្តៅ​ដែល​កាប់​បាន​មក ត្រូវ​យក​ទៅ​ហាល​មួយ​រយៈ​ពេល​ឲ្យ​ស្ងួត​ល្អ។ បន្ទាប់​មក​សមាជិក​សហគមន៍​ឯ​ទៀត នឹង​កែច្នៃ​វា​ ដោយ​ចាប់​ផ្ដើម​ពី​ការ​កាត់​ជា​កង់ៗ ​ពុត​ផ្ដៅ​ឱ្យ​ត្រង់​ដោយ​ប្រើ​ភ្លើង កោស​សម្អាត​សម្បក ពុះ​ច្រៀក ... ជាដើម។ នៅ​ក្នុង​រូប​ភាព​នេះ សមាជិក​សហគមន៍​ជាស្ត្រី កំពុង​កោស​សម្អាត​សម្បក​ផ្តៅ និង កាត់​វាជា​កង់ៗ ដើម្បី​យក​ទៅ​ដំឡើង​ជា​ទូផ្តៅ។

៤. កំណាត់​ផ្ដៅ​ដែល​ពុត និង សម្អាត​រួច​ហើយ នឹង​ត្រូវ​ដំឡើង​ជា​គ្រឿង​សង្ហារិម​ផ្សេង​ៗ ទៅ​តាម​តម្រូវការ​ទីផ្សារ និង ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​លោក រ័ត្ន រ៉ែម។ នៅ​ក្នុង​រូប​នេះ សមាជិក​ម្នាក់​កំពុង​ដំឡើង​តុ​តូច សម្រាប់​ដាក់​នៅ​ក្នុង​បន្ទប់ ទទួល​ភ្ញៀវ។

៥. គ្រឿង​សង្ហារិម ដែល​ផលិត​រួច​ហើយ ត្រូវ​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​មួយ​រយៈ។ បន្ទាប់មក​លោក រ័ត្ន រ៉ែម ដឹក​វា​តាម​រ៉ឺម៉ក​ទៅ​លក់​នៅ​ផ្សារ​កំពត។ ដោយ​សារ​អតិថិជន​ទទួល​ស្គាល់​ស្នាដៃ​ជាង​ក្នុង​សហគមន៍ ការ​លក់​គ្រឿង​សង្ហារិម​នេះ មិន​លំបាក​ក្នុង​ការ​រក​ទីផ្សារទេ។ នៅ​ផ្សារ​កំពត លោក រ័ត្ន រ៉ែម មាន​ម៉ូយ​២នាក់ ដែល​តែង​ទទួល​ទិញ​គ្រឿង​សង្ហារិម​របស់​សហគមន៍​លោក​ជានិច្ច។ នៅ​ក្នុង​រូប​នេះ លោក រ័ត្ន រ៉ែម កំពុង​ពិនិត្យ​មើល ទូរ​ដាក់​សៀវភៅ​ធ្វើ​ពី​ផ្តៅ មុននឹង​លើក​វា​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង។

អត្ថបទ៖ ក្រុមការងារផ្លូវ​ទៅស្រុក​