ចង្ក្រាន​បរិស្ថាន​ប្រភេទ​ថ្មី បង្កើតឡើង​ដោយ​ស្នាដៃកូន​ខ្មែរ

  • 2018-07-16 02:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង្ក្រាន្ត​បរិស្ថាន​ ដែល​រក​ឃើញ​ដោយកូន​ខ្មែរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​បរទេស​បាន។ ចង្ក្រាន​នេះ ប្រើប្រាស់​ជួយ​សន្សំ​សំចៃ​ច្រើន រួមទាំង​មាន​កម្លាំង​ភ្លើង​ខ្លាំង​ ដែល​អាច​ប្រើប្រាស់ប្រចាំថ្ងៃ​ មិន​ប៉ះពាល់​បរិស្ថាន​ឡើយ។ ចង់​ដឹង​ទស្សនា​រូបភាព និង​ការរៀបរាប់​ខាង​ក្រោម ដែល​ក្រុមការងារ​ផ្លូវទៅស្រុក​វគ្គ ២ បាន​ថត និង ចុះទៅ​សម្ភាសន៍​ផ្ទាល់។

១. លោក ហេង ប៊ុនអ៊ី វ័យ ៥៧ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ប៊ុន​អ៊ី​ខ្មែរ​អេកូ តិចណូឡូជី។ ដោយ​មើល​ឃើញ​សំរាម និង​កម្ទេច​កំទី​នៅ​ជុំវិញ​ផ្ទះ​ដែល​អាច​ដុត​បាន និង​ដោយ​ចង់​ជួយ​កាត់​បន្ថយ​ចំណាយ​របស់​ប្រជាពលរដ្ឋ​នៅឆ្នាំ ​២០១៤ លោក​ក៏​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ និង កែ​ច្នៃ​ផលិត​ចង្ក្រាន​តូច​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ ​នៅ​ខែ​មករា ឆ្នាំ ២០១៨ លោក​បាន​ចេញ​ម៉ូដែល​ចុង​ក្រោយ​ដែល​ល្អ​ជាង​មុន​ ដើម្បី​ដាក់​លក់​នៅ​លើ​ទី​ផ្សារ។

២. កម្មករម្នាក់ របស់​សិប្បកម្ម​ប៊ុនអ៊ីខ្មែរ អេកូ តិចណូឡូជី កំពុង​ប្រើ​ម៉ាស៊ីន​សង្កត់ ដើម្បី​ពត់​បន្ទះ​ដែក ធ្វើ​ជា​បំណែក​ចង្ក្រាន។ បន្ទះ​ដែក​នេះ ត្រូវ​បាន​កាត់​តាម​ទម្រង់​ផ្សេងៗ​របស់​ចង្រ្កាន កម្មករ​មួយ​ក្រុម​ផ្សេង​ទៀត​។

៣. បន្ទាប់​ពី​មាន​គ្រប់​ផ្នែក​អស់​ហើយ បំណែក​ទាំង​នេះ​នឹង​ត្រូវ​គេ​ផ្គុំ​ជា​តួ​ចង្ក្រាន ទៅ​តាម​ទំហំ​របស់​វា។ នៅ​ក្នុង​រូប​នេះ កម្មករ​ម្នាក់ទៀត របស់​សិប្បកម្ម​ប៊ុនអ៊ីខ្មែរ អេកូ តិចណូឡូជី កំពុង​ផ្សារ​ភ្ជាប់​បន្ទះ​ដែក ដើម្បី​ដំឡើង​ជា​តួ​ចង្រ្កាន។

៤. តួ​ចង្ក្រាន​ដែល​ចេញ​ជា​រូបរាង​ហើយ ត្រូវ​យក​ទៅ​បាញ់​ថ្នាំ​ពណ៌ និង​ហាល​ថ្ងៃ​អោយ​ស្ងួត​ល្អ។ បន្ទាប់មក កម្មករ​យក​ក្បាល​ចង្ក្រាន​មក​បិទ​ភ្ជាប់​នឹង​តួ​ចង្ក្រាន ដោយ​ប្រើ​ខ្ចៅ។ ក្រោយ​ដំឡើង​ហើយ​ចង្ក្រាន​ទាំងនោះ នឹង​ត្រូវ​ពួក​កម្មករ​ច្រក​ដាក់​ក្នុង​កេស យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង មុន​នឹង​ដឹក​ទៅ​ឱ្យ​អតិថិជន។

៥. ​ម៉ូដែល​ចុង​ក្រោយ​នៃ​ចង្ក្រាន​បរិស្ថាន​របស់​សិប្បកម្ម​ប៊ុនអ៊ីខ្មែរ អេកូ តិចណូឡូជី មាន​កម្ដៅ​ក្ដៅ​ជាង​មុន ប្រើ​អុស​តិច​ជាង​មុន​ និង​បំភាយ​ផ្សែង​តិច​ជាង​មុន។ ចង្ក្រាន​នេះ មាន​លក្ខណៈ​ស្តង់ដារ និង អាច​ប្រកួត​ប្រជែង​នឹង​ចង្ក្រាន​នាំ​ចូល​ពី​បរទេស​បាន៕

យើង​នឹង​មាន​​ជា​វីដេអូ​បង្ហាញ​ជូន កុំភ្លេច​តាម​ដាន​ព័ត៌មាន​នេះក្នុង​ពេល​ឆាប់​ៗ​ខាងមុខ

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក