តាម​រយៈកាយវិការ បង្ហាញ​មូលហេតុ Justin ជ្រើស Hailey ជា​គូ​អនាគតមិន​មែន Selena

  • 2018-07-20 03:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ភ្ជាប់​ពាក្យ​របស់​តារា​ចម្រៀង Justin Bieber និង​តារា​ម៉ូដែល Hailey Baldwin បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។

តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​​ឲ្យ​តារា​ចម្រៀង​ប្រុស​រូប​នេះ​សម្រេច​ចិត្ត​ភ្លាម​ៗ​បែប​នេះ? បើ​តាម​អ្នក​វិភាគ​លើ​ភាសា​កាយវិការ​ម្នាក់​ឈ្មោះ Blanca Cobb បាន​វិភាគ​ពី​​ភាព​ខុស​គ្នា​នៅ​ពេល Justin ទាក់ទង​ជាមួយ Selena និង​អនាគត​ភរិយា​របស់​លោក ដែល​បង្ហាញ​ថា​មូលហេតុ​អ្វី​បាន​ជា​លោក​ជ្រើសរើស Hailey ជា​គូ​ដណ្ដឹង ហើយ​មិន​មែន Selena។

១. របៀប​នៃ​ការ​ដើរ​

ក្នុង​រូបភាព​ខាង​លើ​នេះ​បាន​បង្ហាញ​ថា តារា​ចម្រៀង Justin បាន​ដើរ​ក្រោយ​តារា​ចម្រៀង Selena ជា​ជាង​ដើរ​ជិត​នាង។ លោក​ដើរ​ដោយ​បោះ​ជើង​ស្ដាំ​ទៅ​មុខ ខណៈ ​Selena ដើរ​ដោយ​ប្រើ​ជើង​ឆ្វេង។ បើ​តាម​អ្នក​វិភាគ​រូប​នេះ​បាន​និយាយ​ថា៖ "ពួក​គេ​​មិន​មាន​របៀប ឬ​ទម្លាប់​ដូច​គ្នា​នោះ​ទេ។ សម្រាប់​ខ្ញុំ ពួក​គេ​ដូច​ជា​មនុស្ស​២​នាក់​ដែល​មិន​បាន​ស្គាល់​គ្នា​ដែល​ដើរ​ចូល​អគារ​​ក្នុង​ពេល​តែ​មួយ​ប៉ុណ្ណោះ"។

សម្រាប់​រូប​ខាង​លើ​នេះ​វិញ Justin ដើរ​ក្បែរ Hailey។ បើ​ទោះ​បី​ជា​ពួក​គេ​មិន​បាន​មើល​មុខ​គ្នា​ ឬ​កាន់​ដៃ​គ្នា​ក្ដី ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ Cobb បាន​គិត​ថា ពួក​គេ​មើល​ទៅ​ស័ក្ដិសម​ជា​គូ​ស្នេហ៍​នឹង​គ្នា។ តាម​រយៈ​ការ​បោះ​ជំហាន​ជើង​ទៅ​មុខ ក៏​ពួក​គេ​ធ្វើ​ដូច​គ្នា​ដែរ។

២. របៀប​នៃ​ការ​កាន់​ដៃ

តាម​រយៈ​រូប​ភាព​នេះ​ដែរ បង្ហាញ​ថា​ដៃ​របស់​តារា​ចម្រៀង Selena នៅ​ពី​លើ​ដៃ​របស់ Justin។ បើ​តាម​អ្នក​វិភាគ បាន​បញ្ជាក់​ថា តាម​រយៈ​ការ​កាន់​ដៃ​នេះ​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ធុញ​ថប់។ ក្នុង​រូបភាព​ខាង​ឆ្វេង Justin ដាក់​ដៃ​ឆ្វេង​​របស់​លោក​ចូល​ក្នុង​ហោប៉ៅ ហើយ​មើល​ទៅ​ដូច​ជា​មិន​ទំនង​សោះ។ ការ​ពិត​ដែល លោក​ដាក់​កែង​ដៃ​កៀក​នឹង​ខ្លួន​របស់​លោក​បែប​នេះ អាច​បង្ហាញ​ថា លោក​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​តូច​ទាប​ជាង Selena។ ចំពោះ​រូប​ខាង​ស្ដាំ​វិញ ម្រាម​ដៃ Selena និង Justin ហាក់​ដូច​ជា​ពួក​គេ​កំពុង​ដាក់​សម្ពាធ​ឲ្យ​គ្នា។ តាម​ការ​វិភាគ កាយ​វិការ​នេះ​អាច​បង្ហាញ​ពី​ការ​មាន​កង្វល់​ក្នុង​ទំនាក់ទំនង​ស្នេហា។

ងាក​មក​មើល​កាយ​វិការ​របស់ Hailey វិញ ខណៈ​កាន់​ដៃ​របស់​នាង សង្កេត​ឃើញ​ថា ដៃ​របស់ Justin នៅ​ពី​មុខ។ នេះ​បញ្ជាក់​ថា តារា​ចម្រៀង​រូប​នេះ​ គឺជា​អ្នក​ដឹកនាំ​ទំនាក់ទំនង​ស្នេហា​មួយ​នេះ។ មិន​មាន​សញ្ញា​ណា​បង្ហាញ​ពី​ភាព​ធុញ​ទ្រាន់​តាម​រយៈ​ការ​កាន់​ដៃ​របស់​ពួក​គេ​នោះ​ទេ។ Justin មើល​ទៅ​ហាក់​ដូច​ជា​ធម្មតា ដៃ​ឆ្វេង​របស់​លោក​មិន​កៀក​នឹង​ខ្លួន​ពេក​ដូច​ពេល​កាន់​ជាមួយ Selena នោះ​ទេ។

៣. របៀប​នៃ​ការ​ថើប

បើ​តាម​អ្នក​វិភាគ Cobb បាន​បញ្ជាក់​ថា៖ "ការ​ថើប​របស់​ Justin ជាមួយ Selena គឺ​ដូច​ជា​ស្នេហា​ក្មេងៗ មិន​មែន​ស្នេហា​បែប​វ័យ​ជំទង់​នោះ​ទេ។ ទោះ​បី​ជា​ច្រមុះ ចង្កា និង​បបូរមាត់​របស់​ពួក​គេ​ជិត​គ្នា​ក៏​ពិត​មែន​ក្ដី ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​អាច​ឃើញ​ថា ដៃ​របស់ Justin ម្ខាង​ទៀត​មិន​បាន​កាន់​ដៃ​របស់ Selena នោះ​ទេ ហើយ​ថែម​ទាំង​ឱន​ទៅ​មុខ​បន្តិច​ប៉ុណ្ណោះ​ដើម្បី​ថើប​នាង។ តាម​អ្នកវិភាគដដែល​បាន​បន្ថែម​ទៀត​ថា ការ​ថើប​របៀប​នេះ​គឺ​មិន​មាន​ភាព​កក់​ក្ដៅ​គ្រប់គ្រាន់​នោះ​ទេ។

ចំពោះ​រូប Justin ថើប Hailey វិញ អ្នក​វិភាគ​រូប​នេះ​បាន​និយាយ​ថា៖ "Justin ជា​អ្នក​គ្រប់គ្រង​ការ​ថើប​មួយ​នេះ"។ លោក​បាន​ឱន​ទ្រេត​ទៅ​រក Hailey ឱន​ក្បាល​របស់​លោក​ទៅ​ថើប​នាង។ នេះ​អាច​បង្ហាញ​ថា ពួក​គេ​មាន​ភាព​ជឿជាក់ និង​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា។

ជា​លទ្ធផល

តាម​ការ​វិភាគ​លើ​កាយវិការ​ទាំង ៣​នេះ អាច​បង្ហាញ​ថា ទង្វើ​របស់ Justin មាន​ចំពោះ Selena គឺ​ផ្ទុយ​ស្រឡះ​ពី​ពេល​ដែល​លោក​នៅ​ជាមួយ Hailey។ ការ​ស្រឡាញ់​របស់​លោក​ចំពោះ Selena អាច​​នឹង​ខ្លាំងក្លា​ក្នុង​ពេល​វេលា​ដ៏​ខ្លី​នោះ ប៉ុន្តែ​​អ្វី​ដែល​អ្នក​បង្ហាញ​ការ​ស្រឡាញ់ វា​អាច​នឹង​ផ្លាស់​ប្ដូរ​ទៅ​តាម​ពេលវេលា ព្រោះ​បទ​ពិសោធ​ជីវិត​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​យើង​ចេះ​ដឹង​កាន់​តែ​ច្រើន​ជាង​មុន។​ ចំពោះ Hailey វិញ ពួក​គេ​មាន​ភាព​ដូច​គ្នា​ច្រើន ហើយ​មុន​ពេល​ដែល​ពួក​គេ​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​នឹង​គ្នា ប្រាកដ​ណាស់​ថា​នឹង​បាន​គិត​គូរ​ដិត​ដល់​ជាមុន៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា