មិនមែនជួសជុលតែផ្លូវជាតិលេខ៤មួយទេ ផ្លូវសំខាន់ៗទៅខេត្តទាំង៥នេះ ក៏ខូចខាតខ្លាំងដែរ

  • 2018-07-20 03:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក វ៉ា ស៊ឹមសូរិយា ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ប្រាប់​ Sabay​ នា​ព្រឹក​នេះ​ថា​ បន្ទាប់​ពី​អាកាស​ធាតុ​ល្អ​ឡើង​វិញ​ ក្រសួង​ និង​មន្ទីរ​សាធារណការ​នៅ​តាម​បណ្ដា​ខេត្ត​នឹង​ដុត​ដៃ​ដុត​ជើង​ជួសជុល​ផ្លូវ​ដែល​ខូច​ខាត​ដោយសារ​ភ្លៀង​ធ្លាក់​ជោកជាំ​ទាំង​អស់។​ ក្នុង​នោះ​ ក្រៅ​ពី​ផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ​ មាន​ផ្លូវ​​សំខាន់ៗ​ឆ្ពោះ​ទៅ​បណ្ដា​ខេត្ត​កំពត​ ខេត្ត​កោះកុង​ ខេត្ត​កំពង់​ស្ពឺ​ ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន។

ខេត្ត​កំពត​ ត្រង់​ចំណុច​​ព្រែក​កំពង់​បាយ​ បាន​បន្ត​ឡើង​ខ្លាំង​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១៩ កក្កដា។​ ជា​មួយ​គ្នា​នោះ​​​ ផ្លូវ​ជាតិ​លេខ ៣, ផ្លូវ​ជាតិ​លេខ ៣១, ផ្លូវ​ជាតិ​លេខ​ ៣៣ និង​ ផ្លូវ​ជាតិ​លេខ​៤១ ​ឆ្ពោះ​ខេត្ត​កំពត និង​​ផ្លូវ​ជាតិ​លេខ​ ៤​ ​ទៅ​កាន់​ខេត្ត​កំពង់​ស្ពឺ​ នៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ក៏​កំពុង​រង​ការ​ខូច​ខាត​ខ្លាំង។

ផ្លូវខេត្តកំពង់ស្ពឺ

​​រីឯ​ខេត្ត​បាត់​ដំបង​កំណាត់​ផ្លូវជាតិ​លេខ​៥ ​និង​ផ្លូវ​ឆ្ពោះ​ទៅ​រង្វង់​មូល​តា​ដំបង​ក្រញូង ចាប់​ផ្ដើម​លិច​ខ្លាំង​ តាំង​ពី​ម្សិល​មិញ​ ដោយ​សារ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​។ ​ដោយឡែក​ខេត្ត​ប៉ៃលិន នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៥ និង​ ផ្លូវ​ជាតិ​លេខ១០ ក៏​រង​ការ​ខូច​ខាត​មួយ​ចំនួន។

​​​​​​​​​អ្នក​នាំ​ពាក្យ​រូប​នេះ​ មិនទាន់​ទទួល​​បាន​របាយការណ៍​លម្អិត​អំពី​ផ្លូវ​ដែល​ខូច​ខាត​នៅ​ខេត្ត​ដទៃ​ទៀត​នៅ​ឡើយ​។ លោក​បញ្ជាក់​ថា ​ទឹក​ជន់​ដោយ​សារ​ទឹក​ភ្លៀង​ឆ្នាំ​នេះ​ ធ្វើ​ប៉ះ​ពាល់​​ផ្លូវ​ខ្លាំង​ជាង​មុន ហើយ​ការ​ចំណាយ​ជួស​ជុល​​ក៏​ខ្ពស់​ផង​ដែរ។ យ៉ាង​ណា​មិញ​ ​​​​​​​​អ្នក​នាំ​ពាក្យ មិន​បាន​បង្ហើប​ចំនួន​ទឹក​ប្រាក់​ដើម្បី​ជួសជុល​ទាំង​ឆ្នាំ​មុន និង​ឆ្នាំនេះ​នោះ​ទេ​។​​​​​​​​​

ទន្ទឹម​នឹង​នេះ​ ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​ជាប់​ផ្លូវ​លិច​ទឹក​ទាំងអស់ សូម​មេត្តា​យោគ​យល់​អធ្យាស្រ័យ​ និងប្រុង​ប្រយ័ត្ន​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់​។

ជាមួយគ្នានេះ ក្រសួង​ធនធាន​ទឹក​ជូនដំណឹងបន្ថែម អំពីស្ថានភាពកម្ពស់ទឹកទន្លេ ដែល​នឹង​ហក់ឡើងក្នុង​រយៈពេល​ខ្លីខាងមុខ៖

អត្ថបទ៖ ស៊ិន សាវ៉េត