ប្រជាជនខ្មែរទូទាំងប្រទេសបន់ស្រន់ ឲ្យពលរដ្ឋតាមបណ្ដាខេត្តទាំងនេះចាកផុតគ្រោះទាំងពួង

  • 2018-07-19 03:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ហក់​ឡើង​កាន់​តែ​ខ្លាំង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា៖ ខេត្ត​កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ បាត់ដំបង ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ។ តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ ឯកឧត្ដម ចាន់ យុត្ថា ឲ្យ​ដឹង​ថា ខេត្ត​បាត់​ដំបង​​​​ ​ទឹក​ហូរ​ខ្លាំង​​ចេញ​ពី​ដង​​ស្ទឹង​សង្កែ​ ​បាន​ជន់​លិច​ស្រុក​មួយ​ចំនួន ក្នុង​ស្រុក​បាណន់​បាន​ជន់​លិច​​​​រយៈ​ពេល​ ២សប្ដាហ៍​មក​ហើយ​​ ព្រោះ​​តែ​ជា​តំបន់​ទំនាប​ផង​ ប៉ុន្តែ​ក្រសួង​ថា​ទឹក​ត្រូវ​បាន​ហូរ​ទៅ​ប្រឡាយ​ និង​ព្រែក​ ដែល​មិន​ធ្វើ​​ឲ្យ​លិច​ប៉ះ​ពាល់​ដល់​ស្រុក​ផ្សេង​​​នោះ​ទេ​។

រូបភាព៖ (Royal du Cambodge)

​ចំណែក​ឯខេត្ត​កោះកុងមកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល នៅ​ផ្នែក​ខាង​ក្រោម (ម្តុំស្ពានស្រែអំបិល) បានបន្តកើនឡើងបន្តិចបន្ថែមទៀត ខណៈនៅផ្នែកខាងលើ (តំបន់​ជំនន់ដែលលិចចូលភូមិឋានប្រជាពលរដ្ឋ ភូមិបាក់អង្រុត ឃុំដងពែង) ទឹកមានសភាពនឹងថ្កល់។ ដោយឡែក ទឹកជំនន់នៅតាមបណ្តាព្រែកនានានៅក្នុងស្រុកមណ្ឌលសីមា កោះកុង និងស្រុកថ្មបាំង បានបន្តស្រកចុះមករកភាពប្រក្រតីវិញហើយ ។

ទឹកជំនន់ខេត្តកោះកុង (រូបភាព៖ ក្រសួងធនធានទឹក)

ដោយ​ឡែក​ខេត្ត​កំពត​វិញ​មកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹកព្រែកកំពង់បាយ បានបន្តកើន​ឡើង​មួយ​កម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកនេះ ទឹកព្រែកបានជន់ឡើង​លិចចូល​តំបន់​ទំនាប​ជាច្រើន​នៅ​ក្នុង​ស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត ។ ភ្លៀងបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង ។

ទឹកជំនន់ខេត្តកំពត(រូបភាព៖ ក្រសួងធនធានទឹក)

ចំពោះ​​ខេត្ត​កំពង់ស្ពឺ​ ទឹក​ជំនន់​ដោយ​ទឹក​ភ្លៀង​ បាន​បណ្ដាល​ឲ្យ​ស្រុក​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​។ គិតត្រឹមម៉ោង ៤:៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ។ ដោយឡែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរ​កាត់ផ្លូវ​ប្រវែង​ប្រមាណ ១៥០ ម ក្នុងកម្ពស់ ០,៥ ម ។ ភ្លៀងនៅបន្តធ្លាក់ ប៉ុន្តែក្នុងកម្រិតខ្សោយ ដូចនេះទឹកអាចនឹងបន្តស្រកចុះមួយកម្រិតបន្ថែមទៀត។ ការធ្វើចរាចរឆ្លងកាត់ គឺនៅតែបន្តផ្អាក​ជាបណ្តោះ​អាសន្ន​ដដែល ។

ទឹកជំនន់ខេត្តកំពង់ស្ពឺ(រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ)

ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់លិចលង់សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះកុមារតូចៗ ការរក្សាសុខភាព និងប្រកាសចាំបាច់ផ្សេងៗទៀត។ ជាពិសេសប្រជាពលរដ្ឋ​ដែល​ជា​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀស​គ្រោះ​ថ្នាក់​ផ្សេង​ដែល​អាច​កើត​មាន​ជា​យថា​ហេតុ ក្រោយបានជូនដំណឹង​ការ​ព្យាករណ៍​អាកាសធាតុនៅយប់ថ្ងៃទី ១៧ កក្កដា ថា​ ខ្យល់​មូសុង​និរតី​ខ្លាំង នៅ​តែ​បន្ត​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា ខណៈ​សម្ពាធ​ទាប​សកម្ម​មួយ​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​និង​កំពុង​បង្កើន​ឥទ្ធិពល​លើ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ។ តំបន់ដែលរងឥទ្ធិលពលមាននៅ​ខេត្ត​ជាប់​សមុទ្រ ជា​ពិសេស កោះ​កុង និង​ខេត្ត​ព្រះសីហនុ និងបណ្ដាខេត្ត-រាជធានីផ្សេងៗនឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ។

រូបភាព៖ (Royal du Cambodge)
រូបភាព៖ (Royal du Cambodge)

អត្ថបទ៖ វឌ្ឍនៈ